ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​កម្ពុជា​ អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ចូលរួម​តាមដាន​ការ​អនុ​វត្តបទ​ឈប់​បា.ញ់ ​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​រវាង​កម្ពុជា​-​ថៃ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ប្រធានរដ្ឋសភាកម្ពុជា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ចូលរួម​តាមដាន​ការ​អនុ​វត្តបទ​ឈប់​បាញ់ ​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​រវាង​កម្ពុជា​-​ថៃ ​។ ក្នុង​ឱកាស​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​ នៅ​ទីក្រុង​ប៉េ​កាំ​ង…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ប្រធានរដ្ឋសភាកម្ពុជា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ចូលរួម​តាមដាន​ការ​អនុ​វត្តបទ​ឈប់​បាញ់ ​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​រវាង​កម្ពុជា​-​ថៃ ​។

ក្នុង​ឱកាស​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​ នៅ​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន ដែល​ជា​វេទិកា​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​និង​ដៃគូ​នានា​មក​ពី​ប្រទេស​ជាង១០០ ក្នុង​ទ្វីប​ទាំង​៥ នៃ​ពិភពលោកសម្តេច​ប្រធានរដ្ឋសភា​ នៃ​ព្រះរាជា​ណា​ច​កម្ពុជា បាន​អំពាវនាវដល់​សហគមន៍​អន្តរជាតិ មេត្តា​ចូលរួម​តាមដាន​ឱ្យ​បាន​ជិតដិត​ លើ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ ​ដើម្បី​ស្តារ​នូវ​សន្តិភាព និង​ប្រក្រតី​ភាព​ឡើង​វិញ ​។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី បាន​បញ្ជាក់​ថា “​ខ្ញុំ​សូម​អំពាវនាវ ​ដល់​សហគមន៍​អន្តរជាតិ តាមដាន​ឱ្យ​បាន​ដិត​ដល់​លើ​ការ​អនុ​វត្តបទ​ឈប់​បាញ់ ​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​រវាង​កម្ពុជា​-​ថៃ ដើម្បី​ស្តារ​នូវ​សន្តិភាព និង​ប្រក្រតី​ភាព​ឡើង​វិញ​” ​។

សម្តេច​បន្ត​ថា “​សន្តិភាព ​ជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់ ដើម្បី​សម្រេច​បាន​នូវ​គោល​បំ​ណង​រួម​របស់​យើង​​” ។

សូម​ជម្រាប​ថា​ ចាប់តាំងពី​ការ​ផ្ទុះ​ជម្លោះ​ឈ្លានពាន​របស់​ប្រទេស​ថៃ​មក​លើ​អធិបតេយ្យ​កម្ពុជា​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ ២០២៥ មក បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន រួម​ទាំង​ស្ត្រី និង​ក្មេង​ស្រី ជា​ពិសេស ស្ត្រី​មាន​ផ្ទៃពោះ​ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព ដោយ​បោះបង់​ចោលផ្ទះ​សម្បែង សាលារៀន និង​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន​។ ក្នុង​ជំរំ​ភៀស​សឹក​មាន​មនុស្ស​ចាស់ កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ខ្លះ​ទើប​ឆ្លងទន្លេ​ក៏​មាន​។ កុមារ​ប្រមាណ ៥៨%​ផ្សេង​ទៀត ជា​ពិសេស​កុមារី​តូច​ៗ មានការ​ភ័យ​ខ្លាច​ពី​ការ​ផ្ទុះអាវុធ ការ​ផ្ទុះ​គ្រាប់បែក និង​ការ​ជម្លៀស​ចេញពីផ្ទះ​សម្បែង ជា​ពិសេស​ខាតបង់​ការ​សិក្សា​ ។

ដើម្បី​ស្តារ​ស្ថានភាព​បច្ចុប្បន្ន និង​ឈរ​លើ​ស្មារតី​ស្រលាញ់​សន្តិភាព​យ៉ាង​ស្មោះស្ម័គ្រ កម្ពុជា​បាន​បន្ត​ប្តេជ្ញា​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​សម្របសម្រួល​ដោយ​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ព្រមទាំង​មានការ​ចូលរួម​សង្កេតការណ៍​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត នៅ​ក្នុង​នោះ​មាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផង​ដែរ​។ ប៉ុន្តែ​ទោះ​មាន​បទ​ឈប់​បាញ់​នេះ​ក្តី ក៏​ភាគី​ប្រទេស​ថៃ​នៅ​បន្ត​ព្យាយាម​រំលោភ​បំពាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​បន្តបន្ទាប់ ដោយ​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​រាយ​លួស​បន្លា និង​កង់​ទ្បាន ការ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស៊ី​វិល​កម្ពុជា និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជន​ស៊ី​វិល​នៅ​តាម​ព្រំដែន ជាដើម​ ។

កម្ពុជា​បាន​ប្រកាន់​ជំហរ​សន្តិភាព អត់ធ្មត់​ដោយសារ​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​រង​គ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ពី​សង្គ្រាម​ឡើយ​។ កម្ពុជា​បាន​ព្យាយាម​តាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​យន្តការ​ទ្វេភាគី គោរព​ធម្មនុញ្ញ​អាស៊ាន ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថានការណ៍​ព្រំដែន​វិល​ទៅ​សភាព​ប្រក្រតី​ភាព ឡើង​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ