រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះផ្សាយថ្ងៃទី០២ ធ្នូ ២០១៩នេះ បានអោយដឹងថា ធនាគារនេះបានទទួលលិខិតពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ វិច្ឆិកា ២០១៩ ដែលអនុញ្ញាតអោយខ្លួនបន្តគ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើអោយ ធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ទើបនឹងទទួលបានលិខិតពីធនាគារជាតិនៃកម្ពុជា ដើម្បីបន្តនីតិវិធីស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ធនាគារ នៅគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ។
លោកថា៖ « ភាគហ៊ុនិករបស់ធនាគារបានឯកភាពគ្នាជាឯកច្ឆន្ទធ្វើការបោះផ្សាយលក់មូលបត្រកម្ម សិទ្ធិលើកដំបូងជាសាធារណៈ ដើម្បីបង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគតតាមរយៈទីផ្សារមូលធនកម្ពុជា » ។
លោកបន្តថា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានដាក់លក់ជូនសាធារណជន បន្ទាប់ពីទទួលបានការអនុញ្ញាតជាបន្តបន្ទាប់ពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.) ។ ធនាគារអេស៊ីលីដា នឹងធ្វើការផ្សព្វផ្សាយអំពីកាលបរិច្ឆេទដាក់លក់មូលបត្រកម្មសិទ្ធិរបស់ធនាគារនាពេលដ៏ខ្លីខាងមុខនេះ ។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់សាធារណជនក្នុងការចូលរួមវិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
សេចក្តីប្រកាសរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីបានបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជនក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន ។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិនិយោគិន រូបវ័ន្តបុគ្គលក្នុងការចូលរួមយ៉ាងទូលំទូលាយក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ហើយក៏ជាការចែករំលែកផលដែលបានមកពីវិបុលភាពផ្នែកហិរញ្ញវត្ថុជាមួយនឹងវិនិយោគិន រូបវ័ន្តបុគ្គល និងក្លាយជាធនាគារដែលទទួលបាននូវទំនុកចិត្តពីសាធារណជនបន្ថែមទៀត ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានមានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងគម្រោងដ៏ សំខាន់នេះ ក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ ។ ទំហំនៃប្រតិបត្តិការជួញដូរ និងការកើនឡើងនៃចំនួនវិនិយោគិន តាមរយៈដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពរបស់ផ្សារហ៊ុន និងនាំទីផ្សារមូលធនឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី និងរីកចម្រើនជាងមុន ។
លោកថា៖ « មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចនឹងកើនបីដងជាមួយនឹងការចុះបញ្ជីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ » ។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣,៦១ ពាន់លានដុល្លារអាមេរិក និងមូលធនសរុប ៨៩៨,៥៦ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុប ៦,០៩ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប ៤,២៤ ប៊ីលានដុល្លារអាមេរិក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ