រាជធានីភ្នំពេញ ៖ អតីតពលករ និងពលករខ្មែរកំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅ ។

បន្ទាប់ពីបញ្ចប់ការចូលរួម ក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែធ្នូនេះ លោក ភាព ផា ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានប្រាប់ថា លោក បានចេញទៅធ្វើជាពលករនៅប្រទេសកូរ៉េខាងត្បូង រយៈពេលជិត ៤ឆ្នាំកន្លះ ខាងផ្នែកសំណង់ ដោយសល់ថវិកាគួរសម ពេលត្រឡប់មកដល់ប្រទេសកម្ពុជា លោកក៏បានបើកអាជីវកម្មដំឡើងស៊ីទែនប្រេងផ្គត់ផ្គង់នៅតាមការដ្ឋានសំណង់ និងការដ្ឋានរណ្ដៅដី ។
លោក បានរំលឹកថា អំឡុងពេលធ្វើការនៅកូរ៉េខាងត្បូងនោះ គឺមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគិតគូរអំពីសុវត្ថិភាព និងយកចិត្តទុកដាក់ជាខ្លាំង អំពីសុខទុក្ខរបស់លោក ក៏ដូចជាពលករផ្សេងទៀត ។

លោក ភាព ផា ប្រាប់បែបនេះថា៖ «ខ្ញុំមានអារម្មណ៍ថា កក់ក្ដៅ ដោយសារតែដំបូងឡើយ ពេលដែលចេញទៅកូរ៉េ មិនថាខ្ញុំ ឬក៏ពលករផ្សេងៗទេ តែងមានអារម្មណ៍ថា ឃ្លានឆ្ងាយពីផ្ទះ ពិបាកក្នុងការរស់នៅ ដល់តែពេលមានខាងក្រសួង គាត់យកចិត្ដទុកដាក់ហ្នឹង មានអារម្មណ៍ថា កក់ក្ដៅ លែងភ័យ លែងខ្លាច មួយថ្ងៃៗ គិតតែពីខំធ្វើការ» ។
អតីតពលករនៅកូរ៉េមួយរូបទៀត គឺអ្នកស្រី អ៊ូ សុខលាង មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយធ្លាប់ធ្វើការនៅប្រទេសកូរ៉េរយៈពេល ៩ឆ្នាំ ខាងផ្នែកកសិកម្ម ។ បច្ចុប្បន្ន អ្នកស្រីបើកមុខរបរលក់សម្ភារសំណង់ បន្ទាប់ពីបានសន្សំថវិកាមួយចំនួន អំឡុងពេលធ្វើការងារនៅប្រទេសកូរ៉េ ។ អ្នកស្រី រំលឹកថា អំឡុងពេលធ្វើការងារនៅប្រទេសកូរ៉េ អ្នកស្រី ទទួលបានការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជានិយោជក នៅទីនោះ ។

អ្នកស្រី បានលើកឡើងថា៖ «កុំតែបានក្រសួងបញ្ជូនទៅ កុំអីជីវិតអត់ដូចឥឡូវទេ…ជីវភាពគ្រាន់បើជាងពីមុនឆ្ងាយណាស់» ។
ចំណែកឯលោក គឹម ទឹង មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នលោកជាពលករកំពុងធ្វើការងារនៅប្រទេសកូរ៉េក្នុងអាណត្តិទី២ ។ លោកប្រាប់ថា មន្ត្រីក្រសួងការងារ បានយកចិត្តទុកដាក់ចំពោះរូបលោក ក៏ដូចជាបងប្អូនពលករផ្សេងទៀត ទាក់ទងការចែករំលែកនូវព័ត៌មានពាក់ព័ន្ធ ក៏ដូចជាជួយសម្របសម្រួល និងដោះស្រាយបញ្ហានានា ជាដើម ។

ពលកររូបនេះ បានបន្ថែមថា «ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ក្រសួងការងារ ដែលពួកគាត់តែងតែជួយសម្របសម្រួលគ្រប់ការងារ គ្រប់ស្ថានភាពទាំងអស់ ជួយជំរុញ ជួយដោះស្រាយបញ្ហា ឱ្យបងប្អូនខ្មែរយើងជាច្រើន» ។
អតីតពលករ និងពលករខ្មែរកំពុងធ្វើការងារនៅប្រទេសកូរ៉េទាំង ៣រូបនេះ សុទ្ធតែបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួល ជាមួយបណ្ដាប្រទេសដៃគូ ដើម្បីអាចឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានធ្វើការងារនៅក្រៅប្រទេស ដែលជាប្រភពចំណូលមួយសម្រាប់ផ្គត់ផ្គង់គ្រួសារ និងសន្សំទុកសម្រាប់បើកអាជីវកម្មណាមួយ ៕ អត្ថពទសហការ
ចែករំលែកព័តមាននេះ