ខេត្តក្រចេះ ៖ អាជ្ញាធរមូលដ្ឋានក្នុងឃុំក្បាលដំរី ស្រុកសំបូរ បានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងភូមិអូរត្រូន ដែលជាតំបន់ជីកកកាយរ៉ែមាស ត្រូវផ្អាកប្រើប្រាស់ទឹកអូរនៅខាងក្រោយ ភូមិមួយរយៈពេល បន្ទាប់ពលរដ្ឋប្រទះឃើញត្រីក្នុងអូរ បានជួបបាតុភាពពុលងាប់អណ្តែតពេញផ្ទៃទឹក កាលពីថ្ងៃទី២៥ វិច្ឆិកា ។
ការងាប់ត្រីអណ្តែតក្នុងទឹកអូរនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាននិយាយថា បណ្តាលមកពីទឹកអូរមានសារធាតុពុលដែលសារធាតុពុលនោះ បានហូរចេញពីក្រុមហ៊ុនជីករ៉ែមាសរបស់ចិនដ៏ធំមួយឈ្មោះថា ស៊ិង យ័ងគ័ងយិ ដែលទើបបានបន្តអាជ្ញាប័ណ្ណរ៉ែ និងចាប់ផ្តើមដំណើរការកែច្នៃរ៉ែ ដោយប្រើសារធាតុគីមី កាលពីប៉ុន្មានខែមុននេះ។
មេភូមិអូរត្រូន លោក សុខ យឿន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា ដោយលោកសម្តែងនូវក្តីបារម្ភពីសារធាតុពុល ដែលនិងអាចហូរតាមទឹកទៅអូរផ្សេងៗទៀត ហើយរាលដាលហូរចូលដល់ទន្លេមេ គង្គ ។ លោកមេភូមិបានបញ្ជាក់ថា អូរដែលមានទឹកពុលរហូតមានត្រីងាប់អណ្តែតទឹកនេះ គឺស្ថិតនៅខាងក្រោយភូមិ ហើយប្រជាពលរដ្ឋរបស់លោកបានប្រាស្រ័យទឹកអូរនេះ ជាប្រចាំថ្ងៃ ។
តែយ៉ាងណា លោកបានហាមប្រាមឲ្យពលរដ្ឋរបស់លោកឈប់ប្រើទឹកអូរនេះមួយរយៈ រង់ចាំការចុះមកពិនិត្យពីមន្ត្រីជំនាញជាមុនសិន។ លោកក៏បានអះអាងប្រាប់ទៀតថាកន្លងមកទឹកអូរក្នុងភូមិ មិនដែលជួបប្រទះបញ្ហា បែបនេះនោះទេ ហើយការពុលត្រីក្នុងអូរងាប់នេះបានកើតមានឡើងក្រោយពីក្រុមហ៊ុនចិន បានបន្ត សកម្មភាពកែច្នៃរ៉ែមាសរបស់គេ។
បើតាមលោកមេភូមិបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនមេឃមានភ្លៀងធ្វើឲ្យទឹកភ្លៀង បានហូរច្រោះពីតំបន់កែច្នៃរ៉ែរបស់ក្រុមហ៊ុនចិនចូលមកអូរ ។ ធ្វើឲ្យទឹកអូរមានសភាពខៀវ សង្ស័យសុទ្ធតែទឹកដែលមានសារធាតុគីមី ទើបបង្កឲ្យត្រីពុលអណ្តែតងាប់ពេញផ្ទៃទឹក ។
មន្ត្រីសាលាខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងដែរថា ក្រោយមានបញ្ហាត្រីពុលងាប់ក្នុង ទឹកអូរបែបនេះមន្ត្រីនៃមន្ទីរជំនាញមួយចំនួន នៅថ្ងៃទី២៦ វិច្ឆិកា បានចុះទៅពិនិត្យនិងបាន យកទឹកអូរនោះមកធ្វើការពិនិត្យដល់ទីតាំងនោះដើម្បីរកមូលហេតុឲ្យឃើញពិតប្រាកដ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសិនយ័ងគ័ងយិ ជាក្រុមហ៊ុនចិនដ៏ធំមួយ ដែលទទួលបានសិទ្ឋ ស្រាវជ្រាវរុករករ៉ែមាស នៅតំបន់រ៉ែមាសក្នុងភូមិសាស្ត្រន៍ភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ និងបានដំណើរការតាំងពីឆ្នាំ២០១០មកម្ល៉េះ ។
ក្រោយដំណើរការបានរយៈពេលជាង១ឆ្នាំគឺ កាលពីចុងឆ្នាំ២០១១កន្លងទៅ ក្រុមហ៊ុននេះ បានអនុវត្តខុសបច្ចេកទេសបណ្តាលឲ្យកម្មករខ្មែរយ៉ាងហោច៨នាក់ បានស្លាប់បាត់បង់ជីវិតដោយសារបាក់ដីកៀបជាប់ក្នុងរណ្តៅរ៉ែ មាសមាន ជម្រៅជាង២រយមែត្រ។ ហើយសព្វថ្ងៃ ក្រុមហ៊ុនចិននេះ បានបន្តសកម្មភាពរុករករ៉ែតាមធម្មតា ក្រោយពីរាជរដ្ឋាភិបាលបានផ្អាកច្បាប់អាជីវកម្មអស់មួយរយៈពេល។
ចែករំលែកព័តមាននេះ