រាជធានីភ្នំពេញ ៖ ដើម្បីផ្តល់ឱកាសដល់រដ្ឋាភិបាលថ្នាក់ក្រោមជាតិធ្វើការអភិវឌ្ឍមូលដ្ឋានរាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាប្រមាណជាង៣ម៉ឺន៥ពាន់ដុល្លារអាមេរិកដល់ជាង៧ម៉ឺនដុល្លារទៅដល់ឃុំ សង្កាត់ចាប់ពីឆ្នាំ២០២០ដល់ ២០២៣ ។
លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាថា នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ រាជរដ្ឋាភិបាលសម្រេចទម្លាក់ថវិកាជាតិដល់ថ្នាក់រដ្ឋបាលរាជធានី ខេត្ត និងថ្នាក់រដ្ឋបាលឃុំសង្កាត់នីមួយៗនឹងកើនឡើង២ដង ដោយនៅឆ្នាំ ២០២០ ពីប្រមាណ១០៤២លានរៀល ឬស្មើប្រមាណ៣ម៉ឺន៥ពាន់ ដុល្លាអាមេរិកជាមធ្យមក្នុងមួយឆ្នាំទៅប្រមាណជាង៧ម៉ឺនដុល្លាអាមេរិក ជាមធ្យមក្នុងមួយឆ្នាំសម្រាប់ឃុំនីមួយៗ ។
ជាមួយគ្នានោះដែរ លោកឧបកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ចំណូលចរន្តថវិការបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុក ត្រូវបានគ្រោងចំនួន២ ២៤៣ ៧៨ លានរៀល មានសមាមាត្រស្មើនឹង៨,៨៨% នៃចំណូលចរន្តថវិការដ្ឋត្រូវជា១,៨៨% នៃផលិតផលជាតិសរុប (ផ.ស.ស ) មាន កំណើន ៦០,៣%ធៀបនឹងច្បាប់ឆ្នាំ២០១៩ ក្នុងនោះរួមមាន ចំណូលសារពើពន្ធត្រូវបានគ្រោងចំនួន២០៨៦ ៣០៨លានរៀល ត្រូវជា ១,៧៥% នៃ ផ.ស.ស មានកំណើន ៥៤,៤%ធៀបនឹងច្បាប់ឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធត្រូវបានគ្រោងចំនួន១៥៧ ៤៧០ លានរៀល ត្រូវជា០ , ១៣% នៃ ផ.ស.ស មានកំណើន២២៥,៧%ធៀបនឹ ងច្បាប់ឆ្នាំ២០១៩ ។
លោកបន្ថែមថា ចំណាយថវិការាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបានគ្រោងចំនួន៣ ៣២៩ ២៣៦ លានរៀល មានសមាមាត្រស្មើនឹង១០,០%នៃចំណាយថវិការដ្ឋសរុបត្រូវជា២,៨០%នៃផ.ស.ស មាន កំណើន៥១,៤%ធៀបនឹងច្បាប់ឆ្នាំ២០១៩ ក្នុងនោះ ក. ចំណាយចរន្តត្រូវបានគ្រោងចំនួន២៨៦៦ ៨៨០លានរៀល មានសមាមាត្រស្មើនឹង ១៤,៥% នៃចំណាយចរន្តថវិការដ្ឋសរុប ត្រូវជា២ ,៤១%នៃ ផ.ស.ស មានកំណើន៥២, ៥%ធៀបនឹងច្បាប់ឆ្នាំ ២០១៩ ។ ការកើនឡើងនេះមួយផ្នែក គឺបណ្តាលមកពីមានការដំឡើងប្រាក់បំណាច់ជូនដល់ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងមន្ត្រីភូមិដោយចាប់អនុវត្តពីខែមេសា ឆ្នាំ២០២០ ។
ដូចនេះ ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ ក៏ដូចជា ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិនឹងត្រូវបានផ្តល់ជូនដូចខាងក្រោម ក្រុមប្រឹក្សារាជធានីខេត្តទទួលបាន ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត និងទទួលបានចំនួន១ ៤៤០ ០០០ រៀល ។ ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងទទួលបានចំនួន១ ១៣៥ ០០០រៀល ។ -ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ៖ ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានចំនួន១១៥៥ ០០០ រៀល និងប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានចំនួន៩១០ ០០០ រៀល ។ -ក្រុមប្រឹក្សាឃុំ សង្កាត់ ៖ ប្រាក់បំណាច់មេឃុំ ចៅសង្កាត់ និងទទួលបានចំនួន១ ១១០ ០០០រៀល ។
ប្រាក់បំណាច់ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវបានដំឡើងពី៨៥០ ០០០រៀល នៅឆ្នាំ២០១៩ ដល់ចំនួន៨៧០ ០០០រៀល នៅឆ្នាំ២០២០ ។ ប្រាក់បំណាច់ សមាជិ កក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដំឡើងពី៧៤០ ០០០រៀល នៅឆ្នាំ២០១៩ ដល់ ៧៦០ ០០០រៀល នៅឆ្នាំ២០២០ ។ ប្រាក់បំណាច់មេភូមិ នឹងត្រូវបានដំឡើងពី៤០០ ០០០រៀល នៅឆ្នាំ២០១៩ ដល់ ៤៣០ ០០០រៀល នៅឆ្នាំ២០២០ ។ ប្រាក់បំណាច់ អនុប្រធាន ភូមិ នឹងត្រូវបានដំឡើងពី២៨០.០០០រៀល នៅឆ្នាំ ២០១៩ ដល់៣១០ ០០០រៀល នៅឆ្នាំ២០២០ និងប្រាក់បំណាច់សមាជិកភូមិ នឹងត្រូវបានដំឡើងពី២៥០០០០រៀល នៅឆ្នាំ២០១៩ ដល់២៨០ ០០០រៀល នៅឆ្នាំ២០២០ ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ