រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដឹកទឹកកក១គ្រឿងបើកបរ ដោយក្មេងប្រុសអាយុ១៥ឆ្នាំអត់ប័ណ្ណបើកបរម្នាក់បានបើកបុករះពីក្រោយជាបន្តបន្ទាប់ បណ្តាលឱ្យរថយន្តចំនួន៤គ្រឿងរងការខូចខាត ប៉ុន្តែពុំបានបណ្តាលឱ្យមនុស្សរងរបួសឡើយ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោងប្រមាណ១និង១៥នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាងជើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍បន្តថា រថយន្តដែលបុករះនោះ ម៉ាកហ៊ីយ៉ាន់ដាយឃ្លុបដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E.៥៥៣១ បើកបរដោយក្មេងប្រុសម្នាក់ឈ្មោះសុន ទិត្យ អាយុ១៥ឆ្នាំ មានលំនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយពុំមានប័ណ្ណបើកបរឡើយ។ ចំណែក រថយន្តដែលរងការខូចខាត ១. ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AM១៩១៨ រងការ ខូចខាតខ្ទេចគូថ, ២.ម៉ាកព្រូស ពណ៌ស ពាក់ស្លាលេខ ភ្នំពេញ២AP.៣៧៧៥ រងការខូចខាតខ្ទេចគូថ, ៣. ម៉ាករ៉េវហ្វ័រ ពណ៌ទឹកប៊ិច ពាកស្លាកលេខ ភ្នំពេញ២Q.៥១២៦ រងការខូចខាតបាក់កញ្ចក់មើលផ្លូវ និងក្រពិតខាងមុខខាងឆ្វេង និងមួយគ្រឿងទៀ រងការខូចខាតបន្តចបន្តួច ក៏បានបើកទៅបាត់។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ដឹកទឹកកកបើកបរដោយក្មេងស្ទើរភ្លើងម្នាក់តាមផ្លូវភ្នំពេញហាណូយ ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុជិតដល់ស្តុប ស្រាប់តែរថយន្តនោះក៏បុករះជាបន្តបន្ទាប់ បណ្តាលឱ្យរងការខូចខាតតែម្តង ។
ប្រភពដដែលបន្តទៀតថា មុនដំបូង រថយន្តបង្កក៏បានបុកពីក្រោយរថយន្តព្រូស១គ្រឿង រួចរុញទៅបុករថយន្ត១គ្រឿងទៀត (រថយន្តដែលក្រោយកើតហេតុទៅបាត់) ហើយក៏បានរ៉េចង្កូតទៅខាងស្តាំដៃបុកពីក្រោយរថយន្តព្រូស១គ្រឿង និងកៀររថយន្តម៉ាករ៉េវហ្វ័រ បណ្តាលឱ្យបាក់កញ្ចក់ និងក្រពិតថ្ពាល់។
តាមអ្នកបើកបរបានអោយដឹងថា មូលហេតុ ដែលបុករះនេះ ដោយសារតែរថយន្តជាន់ហ្វ្រាំងមិនស៊ី ។ ហើយនៅមុនពេលកើតហេតុ ខ្លួនក៏បានបើករថយន្តនោះដឹកទឹកកកចេញពីសិប្បកម្ម ក្បែរចំការព្រីង យកទៅដាក់ផ្សារដើមគរ ហើយក៏កើតមានគ្រោះថ្នាក់តែម្តង ។
បន្ទាប់ពីគ្រោះថ្នាក់ម្ចាស់រថយន្តក៏បានចេញមុខសម្របសម្រួលដោះស្រាយ ដោយជួយជួសជុលបញ្ចប់នៅកន្លែងកើតហេតុ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ