ខេត្តកំពង់ចាម ៖ លោកយាយពិការជើងសង្ខាងជាទុរគតជនម្នាក់ បានឈឺកាន់តែដុនដាបទៅៗ ដោយសារតែធ្លាក់ពីលើផ្ទះកម្ពស់ប្រហែល3ម៉ែត្រ ហើយដេកតែនៅលើរនាបផ្ទះ រង់ចាំតែសេចក្តីស្លាប់ប៉ុណ្ណោះ។
លោកយាយពិការកំសត់ខាងលើនេះ ឈ្មោះ សួន សុខខេន អាយុ73 ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើតាមអ៊ំស្រីឈ្មោះ សួន ឡុង អាយុ64ឆ្នាំ ត្រូវជាប្អូនបង្កើតបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី12 វិច្ឆិកា ឆ្នាំ2019នេះថា កាលពីយប់ថ្ងៃទី10 វិច្ឆិកាកន្លងទៅ ពេលដែលបងស្រីរបស់គាត់សម្រាកនៅលើផ្ទះឈើ ដែលមានសភាពចាស់តែម្នាក់ឯង លុះនៅយប់ក៏ស្រាប់តែឮសំឡេងមនុស្សធ្លាក់ហើយរូបគាត់ និងកូនចៅបាននាំគ្នាទៅមើល ក៏ឃើញបងស្រីដេកនៅលើដីស្រែកថ្ងូរឱ្យគេជួយ។
អ៊ុំស្រីសួន ឡុង ប្រាប់បន្តថា ក្នុងពេលនោះក៏មានអ្នកជិតខាងបាននាំគ្នាមុខជួយសែងបងស្រីគាត់ដាក់នៅលើផ្ទះឈើវិញ ដោយមានអាការៈឈឺចុកចាប់លើរាងកាយ ហើយនឹងជើងទាំងសងខាងដែលពិការស្រាប់។ លុះពេលព្រឹកឡើងបានហៅគ្រូខ្មែរមកជួយស្តោះផ្លុំជើងដែលហើមនោះ មកដល់ថ្ងៃទី12 វិច្ឆិកា បងស្រីរបស់គាត់បានតែដេកនៅលើរនាបផ្ទះ ដោយមិនអាចប្រែខ្លួនបាន សូម្បីតែរំកិលទៅណាមកណាក៏មិនកើតដែរ។ ដំបូងគាត់គិតថា នឹងនាំបងស្រីទៅរកគ្រូខ្មែរឬក៏គ្រូពេទ្យ ដើម្បីព្យាបាលជំងឺ ប៉ុន្តែគាត់មានជីវភាពក្រីក្ររស់ពឹងទៅលើកូនជាអ្នកទំនុកបម្រុង ហើយប្រសិនបើយកបងស្រីទៅព្យាបាល មិនដឹងជាទៅរកលុយឯណាឲ្យគេនោះទេ។

អ៊ុំស្រីខាងលើបន្តថា មានតែផ្លូវមួយ គឺសុខចិត្តបណ្ដោយឱ្យបងរស់ទាំងការលំបាក និងរង់ចាំតែក្តីស្លាប់ប៉ុណ្ណោះ។ ហើយពេលដែលបងស្រីត្រូវការពិសាបាយទាល់ គឺគាត់ត្រូវដួសបាយបញ្ចុកទើបពិសារកើត ។
អ៊ុំស្រីខាងលើបន្តទៀតថា រំលឹកដល់អតីតកាលក្នុងពេលដែលបងស្រីរៀបការដំបូងក្នុងវ័យ25 ឆ្នាំ កាលពីជំនាន់សម័យសង្គមរាស្ត្រនិយម បន្ទាប់ពីរៀបការបានមួយខែបងស្រីក៏ធ្លាក់ខ្លួនឈឺដោយមើលមិនជា ហើយប្ដីក៏លែងលះគ្នាទៀត និងក្លាយទៅជាស្ត្រីមេម៉ាយមកដល់សព្វថ្ងៃ។មានពេលមួយនោះក្មេងៗបាននាំគ្នាកាយដី ក៏ប្រទះឃើញដុំក្រមួនពីរដុំដែលគេសរសេរឈ្មោះបងស្រីគាត់ និងបងថ្លៃ ដោយចងបែរខ្នងដាក់គ្នា ហើយពេលយកដុំក្រមួននោះទៅសួរនាំចាស់ៗត្រូវបានគេប្រាប់ថា មានគេធ្វើអំពើ។ ម្ដាយឪពុកបានទៅរកគ្រូខ្មែរដើម្បីព្យាបាលដោះមន្តអាគមឱ្យបងស្រីជា ប៉ុន្តែជំងឺមិនបានជា 100% មកទេ។

ប្រភពដដែលប្តថា ចាប់តាំងពីក្រោយឆ្នាំ1979 បងស្រីគាត់បានព្យាយាមទិញប៉េងប៉ោះ និងត្រប់ ដើរលក់នៅក្នុងភូមិ និងក្រៅភូមិដោយមិនចេះជិះកង់នោះទេ ដើម្បីយកលុយដោះស្រាយជីវភាពតែម្នាក់ឯង លុះមកដល់បច្ចុប្បន្នបងស្រីចូលដល់វ័យ71ឆ្នាំកធ្លាក់ខ្លួនពិការ ដោយជើងទាំងសងខាងដើរមិនរួច ហើយក៏បានឱ្យរស់នៅក្នុងរោងតូចមួយប្រក់ស័ង្កសីនៅផ្ទាល់ដី។ ក្នុងរដូវវស្សាទឹកឡើងមកលិចរោង ទើបគាត់យកមកដាក់ឱ្យនៅលើផ្ទះរបស់បងស្រី ស្ថិតនៅក្បែរនោះជួនមានពេលខ្លះត្រូវបានព្រះសង្ឃនៅតាមវត្តអារាមមួយចំនួន និមន្តតាមទូក ដោយយកអង្ករ មី ប្រេងឆា មកជូនដោយក្តីអាណិតអាសូរ។
អ៊ំស្រីសួន ឡុង បានបញ្ជាក់ថា គាត់ពិតជាខ្លោចចិត្តអាណិតដល់បងស្រីរបស់គាត់ជាខ្លាំងដោយចង់យកទៅព្យាបាលនៅមន្ទីរពេទ្យ ឬក៏គ្រូខ្មែរ តែដោយសារតែមានជីវភាពខ្វះខាតគាត់បានត្រឹមតែមានគំនិតប៉ុណ្ណោះ ដោយមិនមានលទ្ធភាពនោះទេ។ ហើយប្រសិនបើមានសប្បុរសជនដែលមានក្តីមេត្តាករុណាប្រណីសណ្តោសជួយដល់បងរបស់គាត់នោះ គាត់ពិតជាមានក្តីសប្បាយរីករាយ។ ហើយស្ថានភាពអការៈបងស្រីគាត់បានតែដេក គឺមិនអាចក្រោកអង្គុយបាន សូម្បីតែចាប់ផ្អៀងរាងកាយបែរពីម្ខាងទៅម្ខាងក៏មិនកើតទៀត ពេលដែលចាប់ផ្អៀងម្ដងៗបងស្រីរបស់គាត់បានដកដង្ហើមមានសភាពយ៉ាប់យឺនស្ទើរតែដាច់ខ្យល់ស្លាប់ក៏មាន គឺបានត្រឹមសម្រក់ទឹកភ្នែកអាណិតបងតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីពេលដែលបងស្រីមិនទាន់ធ្លាក់ពីលើផ្ទះ មានពេលមួយនោះគាត់បានរំកិលខ្លួនចុះតាមជណ្ដើរផ្ទះខាងមុខ ដោយប្រឹងរំកិលគូទបន្តិចម្ដងបន្តិចម្ដងរហូតដល់ទៅចម្ងាយប្រមាណជា 50 ម៉ែត្រ ពេលដែលមានអារម្មណ៍រវើរវាយពេលសួរនាំគាត់ឆ្លើយថា ទៅទារលុយគេជំពាក់។
បើតាមលោកវ៉ែន នាង មេឃុំកោះមិត្ត មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី 12 វិច្ឆិកា 2019 ថា តាមការពិនិត្យដោយមានអាជ្ញាធរមូលដ្ឋានឃើញថា ស្ថានភាពរបស់លោកយាយសួន ខេន គឺជាស្ត្រីមេម៉ាយដែលមានជីវភាពក្រីក្ររស់នៅតែម្នាក់ឯងក្នុងភូមិស្វាយជ្រុំ ពិតប្រាកដមែន។ ជាមួយគ្នានោះលោក នឹងស្នើឲ្យសាច់ញាតិរបស់លោកយាយជួយរាយការណ៍បន្តមករូបលោក ដើម្បីស្នើសុំជំនួយពីកាកបាទក្រហមខេត្ត សម្រាប់យកមកដោះស្រាយជីវភាពគ្រួសារត្បិតអំណោយមិនបានច្រើនក៏ពិតមែន ក៏ប៉ុន្តែវាបានជួយរំលែក និងការដោះស្រាយនូវការលំបាកបានមួយកម្រិតផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផ)
ចែករំលែកព័តមាននេះ