រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានអគ្គិភ័យមួយបានលេបត្របាក់ឆាបឆេះអគាររោងចក្រកាត់ដេរអាវហែលទឹកចំនួន២ខ្នង ដែលបង្កឡើងដោយសារតែផ្ទុះធុងហ្គាស បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសយ៉ាងដំណំ និងត្រូវគេបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ ហេតុការណ៍នោះកើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងរោងចក្រកាត់ដេរយីហោ «អេឃ្វេ ភើហ្វមេនស៍ ខេមបូឌា» ស្ថិតនៅក្នុងភូមិអន្លូងគងថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រដែលត្រូវអគ្គីភ័យឆាបឆេះនោះ គឺជារោងចក្រកាត់ដេរខោអាវហែលទឹក ដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ឹង ប៊ុនប៉េង ហើយអគារដែលត្រូវភ្លើងឆេះនោះមានមាន២អគារ ដែលក្នុង១អគារៗទំហំទទឹងប្រវែង៨០ម៉ែត្រគុណនឹងបណ្ដោយ១០០ម៉ែត្រ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅក្នុងរោងចក្រនេះមិនមានកម្មករធ្វើការឡើយដោយសារតែចំថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក ប៉ុន្តែនៅពេលកើតហេតុ គេបានបានឮស្នូរសំឡេងផ្ទុះលាន់យ៉ាងកក្រើក បន្ទាប់មកក៏បានឃើញមានផ្សែងហុយ និងអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្ដង។

ប្រភពដដែលបានបន្តថា ខណៈនោះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ភ្លាមៗ ដោយបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ពន្លត់ ប៉ុន្តែរយៈពេល១ម៉ោងទៅហើយ ភ្លើងមិនបានរលត់នៅឡើយ ហើយរថយន្តពន្លត់អគ្គិភ័យនៅតែបន្តទៅបាញ់ពន្លត់ជាបន្តបន្ទាប់ដដែល ចំណែកទំហំនៃការខូចខាតក៏នៅមិនទាន់ដឹងនៅឡើយដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ