ខេត្តស្វាយរៀង ៖ យ៉ាងហោចមនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស បើកគេចគោដើរឆ្លងផ្លូវ រួចក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតឈប់ចតតាមចិញ្ចើមផ្លូវ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង បើកបុកពីក្រោយរថយន្តកុងតឺន័រ ពណ៌ស បណ្តាលឲ្យរថយន្តកុងតឺន័រពណ៌ស និងរថយន្តម៉ាកសាំយ៉ុងរងការខូចខាតយ៉ាងដំណំ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

រថយន្តទាំង៣គ្រឿងខាងលើរួមមាន ១-រថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ៥១C-៩២៦.១០ និងកន្ទុយសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ៥១R១៩៧.៦៩ (ស្លាកលេខវៀតណាម) បើកបរដោយឈ្មោះដាក់ វៀង ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិវៀតណាម មុខរបរបើកបររថយន្ត រស់នៅឃុំលឿងតាយស្រុកភូវ៉ា ខេត្តបាក់និញ ប្រទេសវៀតណាម ។

២-រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៥០៦១ បើកបរដោយឈ្មោះសែម ធីរ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរងរបួសធ្ងន់ និងព្រូម្នាក់ដែលរងរបួសធ្ងន់ឈ្មោះម៉េងគុយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង៣-រថយន្តកុងតឺន័រមួយគ្រឿងដែលឈប់ចតតាមចិញ្ចើមផ្លូវ មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកគេចបាត់។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ពណ៌ស បើកបរដោយបុរសជនជាតិវៀតណាម ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុខាងលើ មានសត្វគោដើរឆ្លងថ្នល់ ធ្វើឲ្យរថយន្តកុងតឺន័រនោះរេចង្កូតទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលឈប់ចតនៅអែបចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តកុងតឺន័រ ពណ៌ស រងការខូចខាតខ្ទេចផ្នែកខាងមុខ ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកគូទរថយន្តកុងតឺន័រ ពណ៌ស រេមកលើទ្រូងផ្លូវ ស្របពេលនោះមានរថយន្ត១គ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ស បានបុកពីក្រោយរថយន្តកុងតឺន័រ ពណ៌សនោះយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាកសាំងយ៉ុងរងការខូចខាតខ្ទេចកាប៊ីន ចំណែកអ្នកបើកបរ និងព្រូបានរងរបួសធ្ងន់ទាំង២នាក់តែម្តង។
តាមប្រភពដដែលបន្តទៀតថា បន្ទាប់ពីកើតហេតុ រថយន្តកុងតឺន័រមួយគ្រឿងដែលឈប់ចតអែបតាមចិញ្ចើមថ្នល់បានបើកចេញពីកន្លែងកើតហេតុទៅបាត់ ។ នៅសល់តែរថយន្តកុងតឺន័របង្ក ពណ៌ស និងរថយន្តម៉ាកសាំយ៉ុងនៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនឯក្រុងបាវិត ។
ក្រោយពេលកើតហេតុ រថយន្តកុងតឺន័របង្ក ពណ៌ស និងរថយន្តម៉ាកសាំយ៉ុង ត្រូវបានសមត្ថកិច្ចស្ទូចនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ