តាមប្រភពព័ត៌មាន Sky Sports បានឱ្យដឹងថា ម្ចាស់ជើងឯកអូឡាំពិក២ដង Nicola Adams បានប្រកាសចូលនិវត្តន៍ពីប្រដាល់នៅអាយុ ៣៧ឆ្នាំ ដោយសារការភ័យខ្លាចថានាងអាចនឹងបាត់បង់គំហើញ។
នាងបានប្រាប់ព័ត៌មាននេះនៅក្នុងលិខិតចំហមួយនៅក្នុងកាសែត Yorkshire ចេញផ្សាយពេលល្ងាច។ បន្ទាប់ពីឈ្នះមេដាយមាសទាំងក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១២ និង ២០១៦ នាង Adams បានប្រែក្លាយជាកីឡាករប្រដាល់អាជីព នៅខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក WBO បន្ទាប់ពីការប្រកួត ៥ដង។
Adams បាននិយាយនៅក្នុងលិខិតរបស់នាងថា៖«ខ្ញុំបានធ្វើការសម្រេចចិត្តដ៏លំបាកដើម្បីចុះចេញពីសង្វៀន។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានធ្វើជាតំណាងអោយប្រទេសរបស់យើង ដើម្បីឈ្នះមេដាយមាសទ្វេដងអូឡាំពិក ហើយបន្ទាប់មកខ្សែក្រវាត់ជើងឯក WBO ដែលវាគឺជាក្តីសុបិន្តក្លាយជាការពិត»។
នាងបានបន្តថា៖ «គ្រូពេទ្យបានប្រាប់ថា ប្រសិនបើមានការប៉ះទង្គិចទៅលើភ្នែករបស់ខ្ញុំទៀត ខ្ញុំអាចនឹងងងឹតភ្នែក ដែលមិនអាចព្យាបាលបាន»។
Adams បាននិយាយយ៉ាងមានន័យថា ការឈ្នះមេដាយអូឡាំពិក២រដូវកាល និង ឈ្នះខ្សែក្រវ៉ាត់ពិភពលោក WBO គឺជាក្តីសុបិន្ត តែមិនអាចយកសុខភាពរាងកាយមកដោះដូរទេ ៕
ប្រភព ៖ skysports , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ