រាជធានីភ្នំពេញ ៖ ក្នុងន័យធានាឲ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី «អាទិភាពជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម» ជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ឆ្នាំ២០១៩ដល់២០២៩ ផ្តោតជាសំខាន់នៅតាមបណ្តាខេត្តភាគខាងត្បូងប្រទេស។
ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើកាលពីថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញថាលោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា លទ្ធផលជាផ្លែផ្កានាថ្ងៃនេះ គឺបានមកពីភាពរឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូអង្វែងនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា «ថ្ងៃនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ACIAR នឹងចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី «អាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម ២០១៩-២០២៩» ដែលឯកសារនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវក្នុងវិស័យកសិកម្ម រួមចំណែកអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជា ពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលតាមអភិក្រម រដ្ឋ – ឯកជន – ដៃគូអភិវឌ្ឍន៍ – និងសហគមន៍កសិកម្ម»។
លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីនៅតែជាដៃគូសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មយូរអង្វែង រឹងមាំ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ២៥ឆ្នាំមកនេះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ធ្វើការកែទម្រង របៀប និងទម្លាប់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់បរិមាណ និងគុណភាពកសិផល បង្កើតឱកាសឱ្យមានការចូលរួមក្នុងការងារកសិធុរកិច្ចប្រកបដោយផែនការ និងទិសដៅច្បាស់លាស់។
លោកជំទាវបានបញ្ជាក់ថាលោកជំទាវសង្ឃឹម និងជឿជាក់ថា ACIAR នឹងចូលរួមចំណែកយ៉ាងពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី ហើយរដ្ឋាភិបាលអូស្ត្រាលីនឹងនៅតែបន្តធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងវិស័យកសិកម្មឱ្យមានការរីកចម្រើនថែមទៀត។
ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យតាមការគ្រោងទុក លោកមរដ្ឋមន្ត្រីកសិកម្មបាន ស្នើដល់ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ACIAR ពិចារណាបង្កើនការគាំទ្រថវិកាដល់ការស្រាវជ្រាវកសិកម្មកម្ពុជាទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពផែនការមេ និងពង្រីកវិស័យស្រាវជ្រាវផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមជាមួយការបង្កើនសមត្ថភាពមន្ត្រី វិស័យឯកជន និងសហ គមន៍កសិកម្មលើការកែច្នៃ វេចខ្ចប់ ស្តុកទុក និងទីផ្សារ។ ដោយឡែកស្ថាប័ន ឬវិទ្យាស្ថានដែលទទួលបន្ទុកអនុវត្តគម្រោងខាងលើក៏ត្រូវចូលរួមសហការឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាសម្រាប់ជាតិ និងប្រជាកសិករ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លិខិតបញ្ជាក់អំពីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលអូស្ដ្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ« ស្តីពីអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩» ក្នុងខេត្តភាគខាងត្បូងនៃប្រទេស គឺខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងខេត្តកំពង់ចាម ព្រមទាំងខេត្តជាប់បឹងទន្លេសាបចំនួនពីរទៀតផងដែរគឺខេត្តកំពង់ធំ និងខេត្តសៀមរាប។
គោលបំណងសំខាន់ៗដែលភាគីទាំងពីរបានឯកភាពក្នុងភាពជាដៃគូរក្នុងការស្រាវជ្រាវ គឺនឹងផ្តោតលើផ្នែកអាទិភាពសម្រាប់កសិកម្មចំនួន៣៖ ទី១-) ប្រពលវប្បកម្មនិងពិពិធកម្មកសិកម្មប្រកបដោយចីរភាព លើគ្រប់ដំណាំក្រៅពីស្រូវនៅក្នុងប្រព័ន្ធដំណាំ-ស្រូវតាមបែបប្រពៃណី និងប្រព័ន្ធដាំដុះផ្សេងទៀត,ទី២-) ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មសត្វខ្នាតតូចដែលតម្រង់ទៅទីផ្សារនិងទី៣-) ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មវារីវប្បកម្មទឺកសាប សម្រាប់ប្រភេទដែលសម្បូរដោយអាហារូបត្ថម្ភ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ