ខំដាំបានហើយ បែរជាតម្លៃ​កសិផល​ទទួល​បាន​ស្ថិត​នៅ​លើ​មាត់​ឈ្មួញកណ្ដាល


ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រដូវ​ទឹកសម្រក​នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ នៅ​ជួរ​តាម​ដង​ទន្លេមេគង្គ​នៅ​ជាប់​នឹង​ផ្លូវ​បេតុង​គេ​ឃើញ​មាន​ដំណាំ​ដាំ​ដុះ​ក្នុង​នោះ​មាន​ពោត ល្ពៅ ស្ពៃ​ក្ងោក ព្រមទាំង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​មុខ ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ពេល​ណា​ដំណាំ​ហុច​ផល​ត្រូវ​បាន​ឈ្មួញកណ្ដាល​ចុះ​មក​ប្រមូល​ទិញ ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​តាម​ទីផ្សារ​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ក្រុង​កំពង់ចាម ។

អ្នកស្រី​គឹ​ម ស្រឿ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ជី​រោទ៍​ក្រោម​ទី​១ ឃុំ​ជី​រោទ៍​ទី​១ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ​ថា ក្នុង​ពេល​រដូវ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ជន​លិច​ភូមិឋាន​របស់​គាត់​ធ្វើ​ឲ្យ​ផ្ទៃដី​ចម្ការ​ប្រមាណ​ជា​កន្លះ​ហិច​តា​ត្រូវ​បាន​ជន់​លិច ។ ហើយ​ក្រោយ​ពី​ទឹកទន្លេ​ស្រក​ទៅ​វិញ​ផ្ទៃដី​ត្រូវ​បាន​ព្រួស​គ្រាប់​ស្ពៃ​ក្ងោក ដោយ​ចំណាយ​អស់​ជាង​២​គីឡូក្រាម ហើយ​ក្នុង​មួយ​គីឡូ​តម្លៃ​១៨​ម៉ឺន​រៀល ដែល​ទិញ​មកពីផ្សារ​ធំ ក្រុង​កំពង់ចាម ។

អ្នកស្រី​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ដើម​ស្ពៃ​ដុះ​ចេញ​មក​ប្រវែង​៣​ថ្នាំងដៃ មនុស្ស​ចាស់ ដោយ​មាន​ស្មៅ​ដុះ​ច្រើន​គាត់​ត្រូវ​ជួល​កម្មករ​បី​បួន​នាក់​មក​ជួយ​សម្អាត ។ ប្រសិនបើ​អាកាសធាតុ​ល្អ​ស្ពៃ​នេះ​មាន​រយៈពេល​ត្រឹមតែ ២៥​ថ្ងៃ​នឹង​អាច​កាត់​ស្លឹក​លក់​បាន​ជាមួយ​ក៏​មាន​ឈ្មួញកណ្ដាល​ចុះ​មក​ទិញ​ដល់​កន្លែង​ជូន​ក្នុង​មួយ​គីឡូក្រាម​បាន ៣០០០​រៀល ឬ​ក៏​ជាង​២០០០ រៀល ហើយ​ចុះថោក​ជាង​នេះ​ទៀត​នឹង​ត្រូវ​ចូល​ថ្លៃដើម ។

ទោះបី​គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​នៅ​ក្នុង​បន្ទុកគ្រួសារ​យ៉ាងណា​ក្តី ត្រូវ​តែ​តស៊ូ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​តូច​ធំ ដីចម្ការ​ពីរ​បី​កន្លែង​នៅ​ក្នុងភូមិ​គាត់​ដាំ​ដុះ​ផលដំណាំ គឺ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សម​ល្មម ។ ហើយ​ផ្ទៃដី​ដាំ​ស្ពៃ​នេះ​គាត់​តែងតែ​ផ្លាស់​ប្ដូរ​ដាំ​ដំណាំ​ទៅ​តាម​រដូវ​កាល​នីមួយ​ៗ ដើម្បី​ថែរក្សា​គុណភាព​ដី​មិន​ឲ្យ​ខូច ។

លោក​ស្រ៊ុ​ន វណ្ណៈ អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ជី​រោទ៍​ក្រោម​ទី​១ ប្រាប់​ថា គាត់​មាន​ផ្ទៃដី​ប្រមាណ​ជាង​ពីរ​ហិច​តា​ក្នុង​នោះ​មាន​ដាំពោត​ល្ពៅ និង​ស្ពៃ​ក្ងោក ។ ស្ពៃ​ដាំ​លើ​ផ្ទៃដី​ប្រមាណ​២០​អា គឺ​មិន​ទាន់​ច្រូត​នៅឡើយ​ទេ ដោយ​ទុក​ឲ្យ​ចេញ​ផ្កា និង​គ្រាប់​ទុំ​ត្រៀម​ច្រូត​ទុក​ហាល​ឲ្យ​ស្ងួត​ល្អ​សម្រាប់​ដាំ​ដុះ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត ។ ជួនកាល​ក៏​មាន​អ្នក​ភូមិ​គេ​មក​ទិញ​គ្រាប់​ស្ពៃ​ក្ងោក​លក់​បាន​មួយ​គីឡូ​តម្លៃ ១៨​ម៉ឺន​រៀល ។ នៅ​លើ​ផ្ទៃដី​ដដែល​គាត់​តែងតែ​ដាំ​ដំណាំ​ឆ្លាស់គ្នា ដើម្បី​ថែរក្សា​គុណភាព​ដី​មិន​ឲ្យ​ហិ​រ​ខូច​នោះ​ទេ ឲ្យ​បច្ចេកទេស​នេះ​មិន​មាន​អ្នក​ណា​មក​បង្រៀន​ឡើយ គឺ​ចេះ​ពី​ឪពុក​ម្ដាយ​ក្នុង​គ្រា​ដែល​គាត់​នៅ​ក​ម្លោះ​មិន​ទាន់​មាន​ប្រពន្ធ ។

ក្នុង​ពេល​ខាង​មុខ​ស្ពៃ​ក្ងោក​របស់​គាត់​នឹង​ត្រូវ​ច្រូត​ហើយ ដើម​ដែល​នៅ​សល់​ពាក់កណ្ដាល​ទៀត និង​ប្រើ​គ្រឿងចក្រ​កែ​ច្នៃ ដើម្បី​ឲ្យ​ទៅ​ជា​ជីធម្មជាតិ​សម្រាប់​ដាក់​ផលដំណាំ​ដាំ​ដុះ​បន្ត​ទៀត ។ ជាមួយ​នោះ​គាត់​ក៏​បាន​ប្រើប្រាស់​ជីសរីរាង្គ​ដាក់​លើ​ដំណាំ​មាន​ពោត​ល្ពៅ និង​ស្ពៃ​ដោយ​មិន​ប៉ះពាល់​សុខភាព ហើយ​អ្នក​ដែល​យក​ទៅ​ទទួលទាន​ក៏​គេ​ចូល​ចិត្ត​ហូប​ដែរ ។

លោក​ស្រ៊ុ​ន វណ្ណៈ បន្ត​ថា ផលដំណាំ​ដែល​បាន​ដាំ​ដុះ​នៅ​ក្រោយ​រដូវ​ទឹកសម្រក​សម្រាប់​ផល​កម្រៃ​ដែល​ប្រមូល​លក់​បាន​នៅ​លើ​ទីផ្សារ គឺ​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ដោយ​ផ្គត់ផ្គង់​ឲ្យ​កូន​កូន​ចំនួន​៣​នាក់​បាន​រៀនសូត្រ​នៅ​សាលា​ផង​ដែរ ។ ដីចម្ការ​នេះ​អាច​បង្កបង្កើន​ផល​បាន​តែ​នៅ​ក្រោយ​រដូវ​ទឹកសម្រក​ប៉ុណ្ណោះ ។

ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១​បាន​លើក​ឡើង​ថា ផលដំណាំ​ដែល​ដាំ​ដុះ​បាន​ជួន​លក់​បាន​ថ្លៃ​ទទួល​ប្រាក់​ចំណេញ​គ្រាន់បើ ហើយ​ក៏​មាន​ពេល​ខ្លះ​ទៀត​លក់​បាន​ថោក​ត្រូវ​ចូល​ដើម​ក៏​មាន​ព្រោះ​តម្លៃ​ស្ថិត​នៅ​លើ​មាត់​របស់​ឈ្មួញកណ្ដាល ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ