ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ នៃ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​កោះ​ពេជ្រ ក្នុង​ក្រុង​កំពង់ចាម

13 ម៉ោង មុន

ខេត្តកំពង់ចាម ៖ មូលហេតុ នៃ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ តាម​ស្ថានភាព​ជាក់ស្តែង​បណ្តាល​មក​ពី​ចរន្តទឹក​ទីតាំង​នោះ មាន​អន្លង់​ទឹក​គួ​ច ហើយ​មុខទឹក នៃ​ទន្លេមេគង្គ​ហូរ​មក​បុក​ចំ​តែ​ម្តង ទើប​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ចរន្តទឹក នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណង់​ច្រាំង​ទន្លេ…

ខេត្តកំពង់ចាម ៖ មូលហេតុ នៃ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ តាម​ស្ថានភាព​ជាក់ស្តែង​បណ្តាល​មក​ពី​ចរន្តទឹក​ទីតាំង​នោះ មាន​អន្លង់​ទឹក​គួ​ច ហើយ​មុខទឹក នៃ​ទន្លេមេគង្គ​ហូរ​មក​បុក​ចំ​តែ​ម្តង ទើប​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ចរន្តទឹក នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណង់​ច្រាំង​ទន្លេ បូក​រួម​ទាំង សំណង់​នេះ​សាងសង​មាន​អាយុកាល​យូរ ប្រហែល​១៤​ឆ្នាំ​ហើយ​ដែរ នេះបើយោងតាមរបាយ​ការ​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម។

រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ ១១​យប់ មាន​ករណី​បាក់​ស្រុត​ច្រាំង​ទន្លេ នៅ​ចំណុច​ភូមិ ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដែល​ចំណុច​បាក់​ស្រុក​នេះ បាន​បណ្តាល​ឲ្យ​មានការ ប៉ះពាល់​បឋម​ដូច​ខាងក្រោម ៖

-​ផ្នែក​ខាងលើ បាក់​ស្រុត​សំណង់​ច្រាំង និង​សំណង់​សួន​ទាំងស្រុង រួម​និង​សំណង់​ផ្លូវ​កៅស៊ូ មួយ​ផ្នែក​ធំ ដែល​មាន​បណ្តោយ​ប្រវែង​ប្រមាណ ៧០​ម៉ែត្រ ។
-​ផ្នែក​ខាងក្រោម បាក់​ស្រុត​សំណង់​បេតុង​ទប់​ច្រាំង បណ្តោយ​ប្រវែង​ប្រមាណ ៧០​ម៉ែត្រ ទទឹង ៣២​ម៉ែត្រ ចូល​ទឹកទន្លេ​ទាំងស្រុង ។

ជា​ការ​វាយតម្លៃ​បឋម មូលហេតុ នៃ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ ករណី​ខាងលើ​នេះ គឺ​បណ្ដាល មក​ពី ៖ ម្យ៉ាង​ទីតាំង​នោះ ស្ថិត​នៅ​ខាង​មុខ​អន្លង់​ទឹក​កួច ដែល​មាន​ជម្រៅ​ចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់​ច្រាំង​ទន្លេ ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​២០១២ ដែល​មក​ដល់​ពេល​នេះ​បាន​តស៊ូ​ការពារ ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ង​ជាង ១៤​ឆ្នាំ​ហើយ ។

ឆ្លើយ​តប​នឹង​ករណី​នេះ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ដាក់​ចេញ​ជា​វិធានការ ២​ចំណុច​ភ្លាម​ៗ ដូច​ខាងក្រោម ៖
១. រដ្ឋបាល​ខេត្ត បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍ និង​ធ្វើ​ដំណើ​ចេញចូល តំបន់​បាក់​ស្រុត​ច្រាំង​ទន្លេ ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ ជាមួយ​គ្នា​នោះ អ្នក​ប្រកប​របរ​រកស៊ី​ក្នុង​ទីតាំង ឬ​ជាប់​នឹង​ទីតាំង​កើតហេតុ​ដែល​ប្រឈម ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើការ​ផ្លាស់​ប្ដូរ​ទៅ ទីតាំង​មាន​សុវត្ថិភាព​ដូច​គ្នា ។

២. រដ្ឋបាល​ខេត្ត បាន​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល និង​ស្នើ​សុំ​អន្តរាគមន៍​ទៅ​គណៈកម្មាធិការ ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ស្នើ​សុំ​ការ​ចុះ​ពិនិត្យ វាយតម្លៃ​លក្ខណៈ បច្ចេកទេស និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្តារ និង​សាងសង់​សំណង់​ច្រាំង​ទន្លេ​ឡើង​វិញ​។
រដ្ឋបាល​ខេត្តកំពង់ចាម សូម​ស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់ ឬ​ធ្វើ​ដំណើរ​ទៅ​ក្នុង ឬ​ជិត​តំបន់​កើតហេតុ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំការ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​តំបន់​នោះ ប្រកបដោយ​ការ​យោគយល់ ។

ជាក់ស្តែង នៅ​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦​នេះ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ ជាមួយនឹង​រដ្ឋបាល​ខេត្ត បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​រួច​ហើយ​។ ដោយ​លោក សា ស៊ី​ថា អភិបាលរង​ខេត្ត តំណាង​លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ និង​សិក្សា​លើ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេមេគង្គ ស្ថិត​នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

បើ​តាម​របាយ​ការ​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា មូលហេតុ នៃ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ តាម​ស្ថានភាព​ជាក់ស្តែង​បណ្តាល​មក​ពី​ចរន្តទឹក​ទីតាំង​នោះ មាន​អន្លង់​ទឹក​គួ​ច ហើយ​មុខទឹក នៃ​ទន្លេមេគង្គ​ហូរ​មក​បុក​ចំ​តែ​ម្តង ទើប​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ចរន្តទឹក នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណង់​ច្រាំង​ទន្លេ បូក​រួម​ទាំង សំណង់​នេះ​សាងសង​មាន​អាយុកាល​យូរ ប្រហែល​១៤​ឆ្នាំ​ហើយ​ដែរ​។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង រៀបចំ​សណ្តាប់ធ្នាប់​ទីតាំង ដែល​រង​ការ​បាក់​ស្រុត​នេះ មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ទេ ដោយ​បិទ​ចរាចរណ៍​តាំង​ស្រុង​តែ​ម្តង ជៀសវាង​ការ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់ ប្រជាពលរដ្ឋ​។ លើស​ពី​នេះ អាជីវករ​លក់ដូរ​នៅ​តាម​មាត់ទន្លេ​នៅ​ចំណុច​នោះ លោក​បាន​ណែនាំ​ឲ្យ​រក​ទីតាំង​ផ្សេង​លក់​បណ្តោះអាសន្ន​សិន រហូត​ដល់​ពេល​ច្រាំង​ទន្លេ ជួសជុល​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ