ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែនរបស់​កម្ពុជា ស្នើ​ទៅ​ភាគី​ថៃ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ ចុះ​លើ​ដី​ជាក់ស្តែង ​ដើម្បី​បន្ត​អនុវត្ត​ការងារ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​របស់​កម្ពុជា ស្នើ​ទៅ​ភាគី​ថៃ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ ចុះ​លើ​ដី​ជាក់ស្តែង​ដើម្បី​បន្ត​អនុវត្ត​ការងារ ស្នើ​ឱ្យ​មានការ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រតិបត្តិ OG និង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​របស់​កម្ពុជា ស្នើ​ទៅ​ភាគី​ថៃ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ ចុះ​លើ​ដី​ជាក់ស្តែង​ដើម្បី​បន្ត​អនុវត្ត​ការងារ ស្នើ​ឱ្យ​មានការ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រតិបត្តិ OG និង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន JTSC ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ភាគី​ថៃ នៅ​ពុំ​ទាន់​បាន​ឆ្លើយ​តប​ជា​ផ្លូវការ​អំពី កាលបរិច្ឆេទ នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (IBC) កម្ពុជា​-​ថៃ នឹង​ពុំ​ទាន់ បាន​ឆ្លើយ​តប​ជា​ផ្លូវការ​ទៅ​នឹង​កំណត់​ទូត​របស់​ភាគី​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ ស្តី​ពី​សំណើ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្ដែង ដើម្បី​បន្តការងារ​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 និង​ចន្លោះ​បង្គោល​ព្រំដែន​លេខ 52-59 ព្រមទាំង​ការ​ចុះ​សាងសង់​ឡើង​វិញ នូវ​បង្គោល​ព្រំដែន​ចំនួន ១៥ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង នៅ​ទីតាំង​ដើម​ពិតប្រាកដ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ដោយ​អនុលោម​តាម​កំណត់ហេតុ​កិច្ចប្រជុំ ពិសេស​របស់​គណៈកម្មការ IBC កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ចន្ទ​បុរី ។

ក្នុងអំឡុងពេល​រង់ចាំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC នា​ពេល​ខាង​មុខ និង​ដើម្បី​ជំរុញ ការ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្ដែង ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ស្រប​តាម​ខ្លឹមសារ នៃ​កំណត់ហេតុ កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ IBC កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ចន្ទ​បុរី ដែល រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ បាន​អនុម័ត​ទទួលយក គណៈកម្មការ JBC​ភាគី​កម្ពុជា​បាន​ស្នើ​សា​ជា​ថ្មី ទៅ​គណៈកម្មការ IBC ភាគី​ថៃ តាម​រយៈ​កំណត់​ទូត​ចុះ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ដែល​មាន​ខ្លឹមសារ ដូច​ខាងក្រោម ៖

១- ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (ISTs) នៃ​ភាគី​ទាំង​ពីរ ចុះ​លើ​ដី​ជាក់ស្ដែង ដើម្បី​បន្ត​អនុវត្ត ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 និង​បង្គោល ព្រំដែន​លេខ 52-59 នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

២- ស្នើ​ឱ្យ​មានការ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រតិបត្តិការ (OG) កម្ពុជា​-​ថៃ លើក​ទី​១២ និង​កិច្ចប្រជុំ អនុ​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន (JTSC) កម្ពុជា​-​ថៃ លើក​ទី​៥ នៅ​អំឡុង​ស​ប្តា​ហ៍​ទី​ពីរ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

សូម​បញ្ជាក់​ជូន​ថា ការ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្ដែង និង​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រតិបត្តិការ (OG) និង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន (JTSC) ដែល​ជា​យន្តការ​បច្ចេកទេស ស្ថិត​ក្រោម​គណៈកម្មការ JBC គឺ​ធ្វើ​ឡើង​ស្រប​តាម​ខ្លឹមសារ នៃ​កំណត់ហេតុ កិច្ចប្រជុំ​របស់​គណៈកម្មការ IBC កម្ពុជា​-​ថៃ នា​ពេល​កន្លង​មក ។

៣- គណៈកម្មការ JBC ភាគី​កម្ពុជា បាន​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ទៅ​នឹង​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​វិល​ត្រឡប់ ចូល​ទៅ​រស់នៅ​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​វិញ ព្រមទាំង​សកម្មភាព​ទាំងឡាយ ដែល​នាំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​បរិស្ថាន​តំបន់​ព្រំដែន ដែល​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​មាត្រា​៥ នៃ MOU ឆ្នាំ​២០០០ និង កថាខណ្ឌ​ទី​២ ទី​៣ និង​ទី​៤ នៃ​សេចក្ដីថ្លែងការណ៍​រួម​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជា​ពិសេស​រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ JBC ។

៤- គណៈកម្មការ JBC ភាគី​កម្ពុជា ក៏​បាន​ស្រាយ​បំភ្លឺ​ជូន​គណៈកម្មការ IBC ភាគី​ថៃ ដែល​នា​ពេល​កន្លង​មក ភាគី​ថៃ បាន​លើក​ឡើង​ដោយ​ពុំ​ត្រឹមត្រូវ​ថា ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ពុំ​អាច​អនុវត្ត​បាន​ទេ ដរាបណា​មិន​ទាន់​បាន​ដោះ​មីន​ឱ្យ​អស់​នៅ​តាម​បណ្ដោយ​ព្រំដែន​តាម​រយៈ​យន្តការ ក្រុមការងារ​សម្របសម្រួល​ចម្រុះ (ICTF) ដែល​ស្ថិត​ក្រោម​យន្តការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)​។ ក្នុង​ន័យ​នេះ គណៈកម្មការ JBC ភាគី​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់លាស់​ទៅ​ភាគី​ថៃ​ថា ការងារ​ដោះ​មីន ដែល​បម្រើ​ឱ្យ​គោលដៅ​វាស់វែង ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​នា​ពេល​កន្លង​មក គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមការងារ​ដោះ​មីន ដែល​ស្ថិត​ក្រោម​យន្តការ​គណៈកម្មការ JBC ដូច​មាន​ចែង​ក្នុង​មាត្រា​៣ នៃ MOU ឆ្នាំ​២០០០ និង​ប្រការ​២.៤ នៃ TOR ឆ្នាំ​២០០៣ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​សា​ជា​ថ្មី ដល់​ជនរួមជាតិ និង​សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ ក្នុង​ន័យ​នេះ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​កម្ពុជា នឹង​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត​ជាមួយ​គណៈកម្មការ ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​ថៃ ដើម្បី​សម្រេច​បាន នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្ដោយ​ព្រំដែន និង​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ និង​សាធារណជន​ទាំងអស់​មេ​ត្ត ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ដែល​ជា​និច្ចកាល តែង​ប្រកាន់ខ្ជាប់ នូវ​មនសិការ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ