វិញ្ញាសា​វាយ​កូន​បាល់ កីឡាករ​កីឡា​ការិនី​​7​រូប​នឹង​ទៅ​ស៊ី​ហ្គេ​ម


រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ខែ​ក្រោយ​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​៣​រូប​និង​កីឡាការិនី​៤​រូប ទៅ​ចូលរួម​ប្រកួត ។

កីឡាករ​ចំនួន​៣​រូប​នោះ​មាន ប៊ុ​ន កេ​ន្នី ដែល​ជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា​និង​ជា​កូន​ខ្មែរ​កើត​នៅ​ប្រទេស​បារាំង កីឡាករ ឱ សា​រិ​ទ្ធ និង​កីឡាករ​ឃ្លាំង ពន្លក ។ ចំណែក​កីឡាការិនី​ទាំង​៤​រូប​វិញ​មាន កា​អង់​ដ្រេ ដា​រ៉ា​វី ដែល​ជា​កីឡាការិនី​កូន កាត់​ខ្មែរ​-​បារាំង កីឡាការិនី គ្រូ​លីង ហ្គ្រា​ស អាន់​នេ​ហ្វ៊ី​(Kruling Grace Anneefe) ជា​កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក កីឡាការិនី ស៊ុម ចិន្ដា និង កីឡាការិនី ហូ ស្រី​នុ​ច ។

សូម​បញ្ជាក់​ថា កីឡាការិនី កា​អង់​ដ្រេ ដា​រ៉ា​វី ក្នុង​ឆ្នាំ​២០១៨ មាន​ចំណាត់ថ្នាក់​ពិភពលោក លើ​វិញ្ញាសា​ឯកត្តជន​លេខ​៧៧៩ និង​ចំណាត់ថ្នាក់​វិញ្ញាសា​វាយ​គូ​លេខ​៥៨៩ ។ កីឡាការិនី​រូប​នេះ ធ្លាប់​ប្រជែង​បាន​មេដាយ​សំរឹទ្ធិ​ពី​ស៊ី​ហ្គេ​ម ។ ចំពោះ​កីឡាករ ប៊ុ​ន កេ​ន្នី ក៏​ជា​កីឡាករ​ឆ្នើម​ធ្លាប់​រកបាន​មេដាយ​សំរឹទ្ធិ​ពី​ស៊ី​ហ្គេ​ម​ដែរ ។

លោក ជា ពៅ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ឲ្យ​ដឹង​ថា សម្រាប់​កីឡា​ករ​នឹង​ប្រកួត​លើ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់ វិ​ញ្ញាសា​វាយ​គូ និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​នារី ។

សម្រាប់​កីឡាការិនី​ទាំង​៤​រូប ក៏​ប្រកួត​លើ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់ វិញ្ញាសា​២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស នារី​ដែរ ។

ពេល​ដែល​សួរ​ថា តើ​កម្ពុជា​សង្ឃឹមថានឹង​រក បាន​មេដាយ​ឬទេ​នោះ លោក ជា ពៅ និយាយ​ថា យើង​ក៏​ហាត់​គេ​ក៏​ហាត់ តែ​យើង​ត្រូវ​តែ​មានការ​តាំងចិត្ត និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​នៅ​ពេល​ប្រកួត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ