បរទេស ៖ ពាក្យថា «ចូលនិវត្តន៍» សម្រាប់មនុស្សជំនាន់ថ្មី និងជំនាន់មុនអាចនឹងមានរូបភាពខុស
គ្នា។ ប្រសិនបើអ្នកគ្រាន់តែចង់សម្រាកពីការងារ អង្គុយផឹកកាហ្វេ និងមើលចៅៗធំដឹងក្តីបន្តិចម្តងៗនោះអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនឡើយ ជាពិសេសប្រសិនបើអ្នកមានទ្រព្យសម្បត្តិនៅសល់ និងមានកូនៗមើលថែ ។ ប៉ុន្តែ ប្រសិនបើអ្នកមានក្តីសុបិនធ្វើដំណើរជុំវិញពិភពលោក និងមិនពឹងផ្អែកលើកូនៗដាច់ខាត បន្ទាប់ពីចូលនិវត្តន៍នោះអ្នកមិនអាចសម្រេចវាបាននោះទេ ប្រសិនបើមិនមានផែនការច្បាស់លាស់ទេ ។
ដើម្បីចាប់ផ្តើមនូវគម្រោងដែលជួយឲ្យអ្នកអាចចូលនិវត្តន៍ដោយស្តុកស្តម្ភ មានជីវភាពឡូយ ដោយមិនខ្វល់ថា កូនៗចិញ្ចឹមអ្នក ឬអត់ ឬក៏កូនមិនជូនលុយកាក់នោះខាងក្រោមនេះ គឺជាទម្លាប់ពីរដ៏សំខាន់ដែលអាចជួយឲ្យអ្នកខិតជិតការចូលនិវត្តន៍ដោយស្តុកស្តម្ភបាន ៖
១. ស្រមើលស្រម៉ៃ ៖ ប្រសិនបើអ្នកមិនទាន់មានគម្រោងច្បាស់លាស់ពីអ្វីដែលអ្នកចង់ធ្វើក្រោយពេលចូលនិវត្តន៍ទេនោះ អ្នកគួរតែចំណាយពេលវេលាខ្លះ ៗដើម្បីស្រមើលស្រម៉ៃពីវា ។ ការចូលនិវត្តន៍មិនត្រឹមតែអនុញ្ញាតឲ្យអ្នកសម្រាកលំហែកាយ បន្ទាប់ពីការធ្វើការរកលុយអស់ជាច្រើនឆ្នាំទេ តែវាក៏អាចទាក់ទិននឹងការធ្វើអ្វីដែលជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត និងមានជីវិតដែរ ។ តើអ្នកចង់ធ្វើដំណើរកម្សាន្តមែនទេ ? ឬអ្នកចង់ចាប់ផ្តើមអង្គការមិនយកថវិកាមួយ ដើម្បីជួយដោះស្រាយបញ្ហាសង្គម ? នៅពេលដែលអ្នកមានគោលដៅច្បាស់លាស់ហើយ អ្នកនឹងដឹងពីចំនួនថវិកាដែលអ្នកត្រូវការក្រោយពេលចូលនិវត្តន៍ ដើម្បីអាចសម្រេចគោលដៅទាំងនោះបាន ។
២. រៀបចំផែនការ ៖ ក្តីសុបិនដែលមិនមានផែនការច្បាស់លាស់ គឺគ្រាន់តែជាបំណងប្រាថ្នា ប៉ុណ្ណោះ ។ ការចូលនិវត្តន៍របស់អ្នកពឹងផ្អែកលើអ្វីដែលអ្នកធ្វើក្នុងថ្ងៃនេះ ។ ប្រសិនបើអ្នកចង់ចូលនិវត្តន៍ជាអ្នកមាននោះអ្នកត្រូវចាប់ផ្តើមប្រកាន់គំនិត និងទស្សនៈរបស់អ្នកមានដូចជា ការជៀសវាងបំណុល និងចាយវាយតិចជាងប្រាក់ចំណូលជាដើម ។ ត្រូវចងចាំថា ការចូលនិវត្តន៍មិនត្រឹមតែសំខាន់សម្រាប់អ្នកទេ តែវាក៏ទាក់ទិននឹងមនុស្សដែលអ្នកស្រលាញ់ និងគោលដៅក្នុងជីវិតរបស់អ្នកដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ