ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​មហាសេដ្ឋី​រូប​នេះ​មានជីវិត​ជូរ​ចត់​ដល់​ម្លឹ​ង

4 ឆ្នាំ មុន

បរទេស ៖ ឆាកជីវិត​របស់​មហាសេដ្ឋី​ឬ​អ្នក​ជោគជ័យ​មិនមែន​សុទ្ធតែ​ដូច​គ្នា​នោះ​ទេ អ្នកខ្លះ​គាត់​កើត​លើ​គំនរ​ទ្រព្យ​ហើយ​គួប​ផ្សំ​នឹង​ការ​មានគំនិត​ផង​នោះ នាំ​ឲ្យ​គាត់​កាន់តែ​ជោគជ័យ​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​។ ក៏​ប៉ុន្តែ​មហាសេដ្ឋី​ខ្លះ​មុន​មាន​លុយរាប់​ពាន់​លាន​ដុល្លារ​ក្នុង​ដៃ គឺ​មាន​ជី​វីត​កម្សត់​ហួស​ពី​ការ​ស្មាន​ដល់ ។ ជាក់ស្តែង មហាសេដ្ឋី​លី…

បរទេស ៖ ឆាកជីវិត​របស់​មហាសេដ្ឋី​ឬ​អ្នក​ជោគជ័យ​មិនមែន​សុទ្ធតែ​ដូច​គ្នា​នោះ​ទេ អ្នកខ្លះ​គាត់​កើត​លើ​គំនរ​ទ្រព្យ​ហើយ​គួប​ផ្សំ​នឹង​ការ​មានគំនិត​ផង​នោះ នាំ​ឲ្យ​គាត់​កាន់តែ​ជោគជ័យ​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​។

ក៏​ប៉ុន្តែ​មហាសេដ្ឋី​ខ្លះ​មុន​មាន​លុយរាប់​ពាន់​លាន​ដុល្លារ​ក្នុង​ដៃ គឺ​មាន​ជី​វីត​កម្សត់​ហួស​ពី​ការ​ស្មាន​ដល់ ។ ជាក់ស្តែង មហាសេដ្ឋី​លី កា​ស៊ី​ង (Li Ka-shing) របស់​ហុងកុង​លែង​ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​អាស៊ី​ហើយ ប៉ុន្តែ​លោក​នៅ​តែ​មានទ្រព្យ​សម្បត្តិ​រួម​សរុប​ប្រមាណ​២៧.៨​ប៊ី​លាន​ដុល្លារ​ដដែល​។ ប៉ុន្តែ​លោក​មិនមែន​ជា​មនុស្ស​ដែល​មានសំណាង​ដែល​ចាប់កំណើត​ក្នុង​គ្រួសារ​ដែល​ស្តុកស្តម្ភ​ស្រាប់​ទេ​។ ផ្ទុយ​មក​វិញ លោក​បាន​ស្ពាយ​សម្ពាធ​គ្រួសារ​ឲ្យ​រក​លុយ​តាំងពី​នៅ​វ័យក្មេង​។ បន្ទាប់​ពី​គ្រួសារ​របស់​លោក​រត់​ចេញពី​ប្រទេស​ចិន​មក​កាន់​ហុងកុង​ក្នុង​កំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ ឪពុក​របស់​លោក​បាន​ទទួលមរណភាព​ព្រោះ​ជម្ងឺរបេង​។ លោក​បាន​ចាក​ចេញពី​សាលារៀន​តាំងពី​មុន​អាយុ ១៦​ឆ្នាំ និង​ចាប់ផ្តើម​ចូល​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​ប្លា​ស្ទិ​ច​។

ក្នុង​កំឡុង​ពេល​៤​ឆ្នាំ លោក​ផ្ញើ ៩០%​នៃ​ចំណូល​របស់​លោក​ទៅ​ម្តាយ​។ លោក​ជា​មនុស្ស​ដែល​ខិតខំ​ធ្វើការ​មួយ​រូប​ដែល​ឧស្សាហ៍​ថែម​ម៉ោង​ដល់ ១៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។ មិនយូរ​ប៉ុន្មាន លោក​បាន​ក្លាយជា​អ្នកលក់​ឆ្នើម​ប្រចាំ​រោងចក្រ និង​ក្លាយជា​អ្នកគ្រប់គ្រង​រោងចក្រ​ទាំងមូល​នៅ​អាយុ ១៨​ឆ្នាំ​។

ពេល​ដែល​លោក​បាន​បើក​ដំណើរការ​រោងចក្រ​ដំបូង​នៅ​ឆ្នាំ ១៩៥០ ពេល​លោក​អាយុ ២២​ឆ្នាំ លោក​បាន​ផលិត​ប្លា​ស្ទិ​ច​ជា​ច្រើន​ប្រភេទ​ព្រោះ​លោក​គិត​ថា​វិស័យ​នេះ​នឹង​មានការ​រីក​ចម្រើន​ខ្លាំង ហើយ​លោក​ពិតជា​គិត​បាន​ត្រឹមត្រូវ​មែន​។ ដោយហេតុ​ដូចនេះ ទើប​លោក​គិត​ថា ភាព​ជោគជ័យ​របស់​លោក​កើត​ចេញពី​ការ​ប្តេជ្ញា​ក្នុង​ការ​សិក្សា​ពី​និន្នាការ​ថ្មី​ៗ​ក្នុង​វិស័យ ។ លោក​មិន​មាន​បរិញ្ញាប័ត្រ​សិក្សា​ថ្នាក់ខ្ពស់​ទេ ប៉ុន្តែ​លោក​ជា​មនុស្ស​ចូល​ចិត្ត​អាន ។ ដោយហេតុ​ដូចនេះ លោក​គិត​ថា សមត្ថភាព​ក្នុង​ការ​រៀន​ដោយ​ខ្លួនឯង​ក៏​ជា កត្តា​ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ​ដែរ ។

ទោះជា​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​ពិតមែន ទម្លាប់​ក្នុង​ការ​រិះ​លុយ​តាំងពី​នៅ​កុមារភាព​របស់​លោក​នៅ​តែ​បន្ត​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ដែរ​។ លោក​មាន​គោលការណ៍​គ្មាន​បំណុល​ដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​លោក​ដំណើរការ​ដោយ​មាន​បំណុល​ទាប​បំផុត ហើយ​អចលនទ្រព្យ​ដែល​លោក​បាន​ទិញ​គឺ​សុទ្ធតែ​ត្រូវ​បាន​ទិញ​ដោយ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដែល​លោក​មាន​ស្រាប់​ដែរ​។

ក្រៅពី​ចំណេះដឹង​ពី​វិស័យ​ហើយ លោក​លី​គិត​ថា​ភាព​ស្មោះត្រង់ និង​កេរ្តិ៍ឈ្មោះ​ជា​កត្តា​សំខាន់​នៃ​ភាព​ជោគជ័យ​។ នៅ​ឆ្នាំ ២០០៦ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Forbes លោក​បាន​និយាយ​ថា រាល់ពេល​ដែល​លោក​យល់​ស្រប​នឹង​នរណា​ម្នាក់ វា​ប្រៀប​បានជា​កុងត្រា​មួយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ