កម្ពុជា​នឹង​ធ្វើ​ម្ចាស់​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២ ឆ្នាំ​២០១៩


រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២ ឆ្នាំ​២០១៩​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២១ ខែវិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​ប្រទេស​នេ​ប៉ា​ល់​បាន​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ដំបូង ។

លោក ប៉ៃ សំបូរ អនុ​គណៈកម្មាធិការ​ផ្សព្វផ្សាយ និង​សារព័ត៌មាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​២ បន្ទាប់​ពី​ប្រទេស​នេ​ប៉ា​ល់​បាន​ធ្វើ​ម្ចាស់ផ្ទះ កាលពី​ចុងឆ្នាំ​២០១៨ កន្លង​មក ហើយ​កម្ពុជា​នឹង​ធ្វើ​នៅ​ថ្ងៃ​១៨ ដល់​២១ វិច្ឆិកា ប៉ុន្តែ​រហូត​មក​ដល់​ពេល​មិន​ទាន់​បាន​កំណត់​ទីតាំង​នៃ​កិច្ចប្រជុំ​ច្បាស់លាស់​នៅឡើយ​ទេ ។ លោក​បន្ត​ថា កិច្ចប្រជុំ​នេះ​នឹង​មាន​តំណាង​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​លើ​ពិភព​ប្រមាណ​ជាង​៥០​ប្រទេស​នឹង​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ ក្នុង​នោះ​រូ​ម​មាន​ប្រមុខរដ្ឋ​អតីត​ប្រមុខរដ្ឋ សមាជិក​រដ្ឋសភា ថ្នាក់ដឹកនាំ​សាសនា ថ្នាក់ដឹកនាំ​ស្ត្រី និង​តំណាង​សារព័ត៌មាន​ធុរៈកិច្ច និង​ចូលរួម ។

ចំណែក​លោក​ឯក​ថា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះថា កិច្ចប្រជុំ​នេះ​មានការ​សហការ​រៀបចំ​ដោយ​អង្គការ UPF តំបន់​អាស៊ី​អាគ្នេយ៍ (​សហព័ន្ធ​សន្តិភាព​សកល​) ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​បន្ត​ថា សមាជិក​រដ្ឋសភា​ចូលរួម​មាន​ប្រមាណ​ជាង​១០០​នាក់ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាង​១៥០​នាក់ មក​ពី​បណ្តាញសារព័ត៌មាន​ជាង​៤០​ស្ថាប័ន តំណាង​សកល​វិទ្យាល័យ​ជាង​២០​សាកលវិទ្យាល័យ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​២០ ។

លោក Julius Malicedem នាយក​អង្គការ UPF តំបន់​អាស៊ី​អាគ្នេយ៍​បាន​លើក​ឡើង​ថា ចាប់តាំងពី UPF បង្កើត​ឡើង​មក​បាន​កសាង​សន្តិភាព​ជា​ច្រើន ។ UPF គឺជា​អង្គការក្រៅរដ្ឋាភិបាល​មាន​តួនាទី​ផ្តល់​ប្រឹក្សា​ដល់​សេដ្ឋកិច្ច និង​សង្គម​ដល់​អង្គការសហប្រជាជាតិ ។ ហើយ UPF មាន​សាខា​ជាង​១៥០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​ផ្តោត​សំខាន់​លើ​ចំណុច​៦​ធំ​ៗ ដូច​ជា ១-​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្មវិធី​របស់​អង្គការសហប្រជាជាតិ ២-​កសាង​សន្តិភាព​តាម​រយៈ​អន្តរ​សាសនា ៣-​តាម​រយៈ​សន្តិភាព និង​ស្ថេ​រ​ភាព ៤-​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ៥- អំពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​អប់រំ និង​៦-​អំពី​សេវាកម្ម និង​យុវជន ។

លោក​ក៏​បាន​លើក​ឡើង​ថា ទាក់ទង និង​បញ្ហា​សន្តិភាព ស្ថេ​រ​ភា និង​ការ​អភិវឌ្ឍ ធនធានមនុស្ស​នោះ UPF បាន​រៀបចំ​កិច្ចប្រជុំ​អាស៊ី​បា​ស៊ី​ហ្វិ​ក​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨ ប្រទេស​នេ​ប៉ា​ល់ ។ កិច្ចប្រជុំ​លើក​ទី​១​នោះ បាន​សហការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ជា​លទ្ធផល​កិច្ចប្រជុំ​នេះ​បាន​ធ្វើការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល សង្គម​ស៊ី​វិល​ជាង​៤០​ប្រទេស​បាន​ចូលរួម ។

លោក​បាន​បញ្ជាក់​ថា ៖«​កិច្ចប្រជុំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៩ ដែល​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២១ ខែវិច្ឆិកា​ខាង​មុខ​នេះ​នឹង​មាន​ប្រតិភូ​ជាតិ​ចូល​រូ​ម​ជាង​១​ពាន់​នាក់ ប្រតិភូ​អន្តរជាតិ​ជាង​៥០០​នាក់ មក​ពី​ជាង​៥០​ប្រទេស​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា​ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺ​ទាក់ទង និង​ការ​ដោះស្រាយ​នៅ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន សន្តិភាព​ការ​ផ្សះផ្សា​ជាតិ ការ​ពឹង​អាស្រ័យ​លើកគ្នា​ទៅ​វិញ​ទៅ​មក វិបុលភាព​ទៅ​គ្នា​ទៅ​មក និង​គុណ​តម្លៃ​ជាស​កល ។

ចំណែក​លោក ហា​ជី​មិ សៃ​តុ នាយក​ប្រតិបត្តិការ UPF បាន​លើក​ឡើង​ថា ហេតុ​ដែល​យក​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នោះ ដោយសារ​កម្ពុជា គឺជា​ប្រទេស​មាន​អភិបាលកិច្ច​ល្អ ។ តាម​រយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​កម្ពុជា រួម​គ្នា​យ៉ាង​ពិតប្រាកដ ។ លោក​បញ្ជាក់​ថា ៖«​ដូច្នេះ​តាម​ការ​រួបរួម​គ្នា​ក៏​ដូច​ជា សាសនា កម្ពុជា​ក្លាយជា​ប្រទេស មួយ​គំរូ​ក្នុង​រក្សា​សន្តិភាព ។ សហព័ន្ធ​សន្តិភាព​សកល បាន​យល់ព្រម​សហការ​ជាមួយ​គ្នា »​។

សូម​ជម្រាប​ថា មុន​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​គណៈកម្មាធិការ​រៀបចំ​នឹង​បើក​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌​មាននៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ខាង​មុខ​ម្តងទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ