អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការសម្អាតបរិស្ថានជុំវិញអាងទឹកឈ្វាំងសែនជ័យ ដើម្បីត្រៀមអបអរសាទរទិវាមច្ឆាជាតិ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីអបអរសាទរ «ទិវាមច្ឆាជាតិ» នាពេលខាងមុខ ឯកឧត្តម គឹម វាសនា អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ព្រមទាំងក្រុមការងារស្រុក និងឃុំ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចុះយុទ្ធនាការរួមគ្នាសម្អាតបរិស្ថាន និងអនាម័យយ៉ាងសកម្ម នៅជុំវិញរមណីយដ្ឋានអាងទឹកឈ្វាំងសែនជ័យ។
យុទ្ធនាការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសហគមន៍រមណីយដ្ឋានអាងទឹកឈ្វាំងសែនជ័យ ដែលស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិមួយនេះ ឱ្យមានភាពស្រស់ស្អាត គ្មានសំរាម និងមានបរិស្ថានបរិសុទ្ធ ដើម្បីត្រៀមទទួលស្វាគមន៍គណៈប្រតិភូ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងឱកាសទិវាមច្ឆាជាតិ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នៅក្នុងយុទ្ធនាការនោះ ក្រុមការងារបានបែងចែកកម្លាំងចុះរើសកំទេចកំទី ថង់ប្លាស្ទិក និងដបទឹកនានា នៅតាមដងផ្លូវ ជុំវិញមាត់អាង និងតាមតំបន់កម្សាន្តនានា។ ក្រៅពីនេះ ក៏មានការកាប់ឆ្ការព្រៃ និងកាត់ស្មៅដែលដុះអនាធិបតេយ្យ ដើម្បីបើកទស្សនីយភាពឱ្យកាន់តែស្រឡះត្រជាក់ភ្នែកផងដែរ។
នាឱកាសនោះដែរ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងតំបន់ ឱ្យចូលរួមថែរក្សាអនាម័យជាប្រចាំ ដោយមិនត្រូវចោលសំរាមពាសវាលពាសកាលនោះឡើយ។ លោកបានបញ្ជាក់ថា៖ «ការរួមគ្នាសម្អាតបរិស្ថាននៅថ្ងៃនេះ មិនត្រឹមតែដើម្បីត្រៀមលក្ខណៈសម្រាប់ទិវាមច្ឆាជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការដាស់តឿនស្មារតីយើងគ្រប់គ្នា ឱ្យស្រឡាញ់ និងការពារធនធានធម្មជាតិ ក៏ដូចជាប្រភពទឹកដ៏មានតម្លៃរបស់យើង»។
គួររំលឹកផងដែរថា រមណីយដ្ឋានអាងទឹកឈ្វាំងសែនជ័យ គឺជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ ទាំងលើផ្នែកកសិកម្ម និងវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង។ ការជ្រើសរើសទីតាំងនេះសម្រាប់ប្រារព្ធទិវាមច្ឆាជាតិ នឹងជួយជម្រុញបន្ថែមក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងការអភិរក្សពូជត្រីរបស់ខេត្ត ឱ្យកាន់តែស្គាល់ច្បាស់ និងទូលំទូលាយ៕


















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ