ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ ! កម្ពុជា​បន្ត​ងរ​ង​ឥទ្ធិពល​ព្យុះ​ទី​៩ និង​ព្យុះ​ទី​១០ ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា កម្ពុជា​នៅ​បន្ត​រង​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ​បា​វី និង​ព្យុះ​ទី​១០ ឈ្មោះ ម៉ៃស័ក ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ។

រូបតំណាង

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថាន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក បានឱ្យ​ដឹង​ថា ព្យុះ​ទី​៩ ឈ្មោះ បា​វី (Bavi) T2609 បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា និង​ព្យុះ​ទី​១០ ឈ្មោះ ម៉ែ​ស័ក (Maysak) T2610 មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​ពីរ​នេះ​ទេ ។ សូម​បញ្ជាក់​ថា ឈ្មោះ​ព្យុះ ម៉ែ​ស័ក ជា​ឈ្មោះ​របស់​កម្ពុជា ហើយ​ព្យុះ​នេះ​នឹង​រលាយ​បាត់​ទៅ​វិញ នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦ ចំណែកឯ​ព្យុះ​ទី​៩ ឈ្មោះ បា​វី (Bavi) T2609 នឹង​បន្ត​មាន​ឥទ្ធិពល​រហូត​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ ។

រូបតំណាង

ក្រសួង​បានឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយ​រៀង ព្រៃវែង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ គ្របដណ្តប់​លើ​ផ្ទៃដី ៣០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និ​ងឺ​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៥០%​។

រូបតំណាង

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ ខេត្ត កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ ផ្ទៃដី ៤០%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ​៕

រូបតំណាង

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>