រកឃើញ ២គ្រួសារ នៅស្រុកបាកាន មានកូនជិត៣០នាក់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ពាក្យថា អ្នកមានកូនតិច អ្នកក្រកូនច្រើន គឺពិតជាមិនខុសមែន ។ ជាក់ស្តែងប្រជាពលរដ្ឋពីរគ្រួសារដែលមានជីវភាពខ្វះខាត ឬជាអ្នកក្រ និងកូនច្រើនជាងគេ នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានទទួលអំណោយពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមលោកជាឪពុកម្ដាយ ជាអាណាព្យាបាល និងជាអ្នកបម្រើប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ។
តាមព័ត៌មានគ្រួសារទី១ ឳពុកឈ្មោះ គា ចន្ធី អាយុ៤៦ឆ្នាំ និងម្តាយឈ្មោះ សែម សុឃឿន អាយុ៤៤ឆ្នាំ រស់នៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ មានកូន១៧នាក់ (ស្រី៤នាក់) ប៉ុន្តែបានស្លាប់អស់ចំនួន៥នាក់ នៅសល់១២នាក់ (ស្រី១នាក់) ។ គ្រួសារនេះ ប្ដីមានមុខរបរធ្វើស្រែ និងប្រពន្ធមានមុខរបរលក់ត្រីក្នុងផ្សារបឹងខ្នារ ។
ឯកឧត្តម ខូយ រីដា បានជូនអង្ករ ៣០០គីឡូក្រាម មី១០កេស ទឹកស៊ីអុីវ៤យួរ ទឹកត្រី ២យួរ ត្រីខ១កេសធំ ទឹកបរិសុទ្ធ១កេស និងថវិកា ១លានរៀល ។
គ្រួសារទី២ ឳពុកឈ្មោះ សាត សល់ អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ គង់ សូនី អាយុ៤៦ឆ្នាំ រស់នៅភូមិរូង ឃុំបឹងខ្នារ មានកូនចំនួន១០នាក់ (ស្រី៤នាក់) ។ គ្រួសារនេះ មានមុខរបរធ្វើស្រែ ។ ឯកឧត្តម ខូយ រីដា បានជូនអង្ករ៨០គីឡូក្រាម មី៦កេស ទឹកត្រី២យួរ និងថវិកា៥០ម៉ឺនរៀល ។ ចំណែកជីដូនដែលមានអាយុជាង៩០ឆ្នាំ រស់នៅក្នុងបន្ទុកនោះ ក៏ទទួលបានថវិកាចំនួន២០ម៉ឺនរៀល និងមី២កែសផងដែរ ។
ឯកឧត្តម ខូយ រីដា បានសម្ដែងទឹកចិត្តរីករាយ ដែលបានមកជួបផ្ទាល់ជាមួយគ្រួសារកូនច្រើនជាងគេទាំងពីរគ្រួសារ ដោយបានឃើញពីស្ថានភាពជីវភាពរស់នៅជាក់ស្ដែងនាពេលនេះ។ លោកបានជម្រាបជូនថា សម្ភារៈទាំងអស់នេះជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសគ្រួសារដែលមានការលំបាក និងមានកូនច្រើន ។ នេះជាគោលនយោបាយ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេច ដែលតែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានដិតដល់ មិនឱ្យមានពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ដោយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ ។ ជាពិសេសក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យគ្រួសារទាំង២ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ និងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះសួរសុខទុក្ខ និងជួយទំនុកបំរុងពួកគាត់ជាប្រចាំ រហូតដល់កូនៗធំពេញវ័យ មានសមត្ថភាពក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ ។
ជាការលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ជីវិតគ្រួសារទាំងពីរខាងលើ ឯកឧត្តម ខូយ រីដា បានប្រកាសពីគម្រោងស្នើសុំគោលការណ៍ទៅកាន់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីនាំយកគ្រួសារកូនច្រើនទាំង២នេះ ទៅរស់នៅតំបន់អភិវឌ្ឍន៍ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលតំបន់នោះគឺជាទីតាំងដែលមានសក្តានុពលខ្ពស់ មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹកស្អាត ភ្លើងរដ្ឋ អាកាសធាតុល្អប្រសើរ ពិសេសគឺមានលំនៅដ្ឋាន ព្រមទាំងដីសម្រាប់អាស្រ័យផល ដើម្បីឱ្យពួកគាត់អាចចាប់ផ្តើមជីវិតថ្មី បានល្អប្រសើរជាងនេះ ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ