ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតស្តីពីការវិវត្តថ្មីៗទាក់ទងនឹង ស្ថានភាពព្រំដែនកម្ពុជា-ថៃ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខរដ្ឋ​មន្ត្រី​ស្តីទី​ក្រសួងការបរទេស​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត​ស្តី​ពី​កា​រវិ​វត្ត​ថ្មី​ៗ​ទាក់ទង​នឹង​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស និង​ប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា ចាប់ តាំងពី​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​បង្កើត​ឡើង តាំងពី​ដើមឆ្នាំ​នេះ មក​មិន​មានការ​បង្ហាញ​ណាមួយ​បញ្ជាក់​ថា ថៃ​បាន​អនុវត្ត​វិធានការ ដើម្បី​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ពេញលេញ​នោះ​ទេ ព្រមទាំង​បាន​បន្ត​ធ្វើ​សកម្មភាព​ខុសច្បាប់ នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់​ឥត​ឈប់​ឈរ ។

កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៦ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​បទ​បង្ហាញ​ជូន​ប្រធាន និង​តំណាង​នៃ​បេសកកម្ម​ការទូត និង​អង្គការ អន្តរជាតិ​ចំនួន​៤២ នៅ​រាជធានី​ភ្នំពេញ​អំពី​កា​រវិ​វត្ត​ថ្មី​ៗ ទាក់ទង​នឹង​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ផ្តោត ជា​ពិសេស​ទៅ​លើ​បញ្ហា​ការ​ពង្រឹង​ការ​កាន់កាប់​របស់​កងកម្លាំង​ថៃ នៅ​តំបន់​ហួស​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​ថៃ​ដែល​បាន​ទាមទារ​ដោយ​ឯកតោភាគី ។

ឯកឧត្តម អ៊ិ​ត សុ​ត្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ក៏​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​ខ្សែបន្ទាត់​ព្រំដែន ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ខ្សែ​ព្រំដែន​អន្តរជាតិ ដែល​បាន​កំណត់ និង​ខណ្ឌសីមា​ព្រំដែន តាម​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ និង​បាន​ប្រៀប ធៀប​ជាមួយ​ខ្សែបន្ទាត់​ព្រំដែន ដែល​បង្ហាញ​លើ​ផែនទី ដែល​ថៃ​គូស​ដោយ​ឯកតោភាគី ។

លោក​ជំទាវ អ៊ា​ត សោភា បាន​រំលឹក​អំពី​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​បាន​ឯកភាព​គ្នា ដែល​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ចុះ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា វិធានការ​ដ៏​សំខាន់​បំផុត​មួយ ដែល​បាន​ឯកភាព​គ្នា ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង ស្តារ​ទំនុកចិត្ត និង​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ គឺ​ការ​បន្ត​ដំណើរការ​ឡើង​វិញ​នៃ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​របស់​គណៈកម្មការ​ចម្រុះ ខណ្ឌសីមា​ព្រំដែន​គោក (JBC) ឱ្យ​បាន​ឆាប់​ដោយ​ផ្តល់​អាទិភាព​ជា​បន្ទាន់ ដល់​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ ។

ការ​បន្តការងារ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​នៅ​សេសសល់​អាច​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន និង​បន្ត​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួក​គាត់​វិញ ដូចដែល​បាន​ឯកភាព​គ្នា ។ ប៉ុន្តែ​ចាប់តាំងពី​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​បង្កើត​ឡើង​តាំងពី​ដើមឆ្នាំ​នេះ​មក​មិន​មានការ​បង្ហាញ​ណាមួយ​បញ្ជាក់​ថា ថៃ​បាន​អនុវត្ត​វិធានការ​ដើម្បី​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ពេញលេញ​នោះ​ទេ ព្រមទាំង​បាន​បន្ត​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់​ឥត​ឈប់​ឈរ ។

លោក​ជំទាវ បាន​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ របស់​កម្ពុជា​ចំពោះ​ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ដែល​បាន​ដឹកនាំ AOT ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​មុន និង​ប្រធាន​បច្ចុប្បន្ន ។ លោក​ជំទាវ បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ​តាម​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រម ព្រៀង​ទ្វេភាគី​ដែល​មាន​ស្រាប់ ។

លោក​ជំទាវ បាន​សម្តែង​នូវ​ទំនុកចិត្ត​ថា ការ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​កិច្ច​ពិភាក្សា​ប្រកបដោយ​ស្ថាបនា នឹង​រួមចំណែក​ដល់​ដំណោះស្រាយ​ដ៏​យុត្តិធម៌ យូរអង្វែង និង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​នូវ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>