ក្លិនឈួលមិនអាចទ្រាំបាន! អ្នកភូមិផ្ទុះកំហឹ.ងទាំងយប់ ខណៈដែលសិប្បកម្មផលិតថ្នាំជក់ យីហោ«កោះប៉ែន» លួ.ចដំណើរការឡើងវិញស្ងាត់ៗ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ជាច្រើនគ្រួសារផ្ទុះកំហឹងទាំងយប់ និងធ្វើការ អំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច ជួយពិនិត្យសិប្បកម្មផលិតថ្នាំជក់ យីហោ«កោះប៉ែន» ដែលលួចដំណើរការឡើងវិញ បង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រោះតែអាជ្ញាធរខេត្ត និងមន្ទីរជំនាញបានចុះផ្អាកដំណើរការយូរខែមកហើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចុះត្រួតពិនិត្យឡើងវិញជាបន្ទាន់ ចំពោះសិប្បកម្មផលិតថ្នាំជក់យីហោ «កោះប៉ែន» ដែលបានកំពុងលួចដំណើរការផលិតឡើងវិញ នៅពេលយប់ បង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរស់នៅរបស់ពួកគាត់។
បើយោងតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា៖ ទីតាំងខាងលើធ្លាប់ត្រូវបានផ្អាកកន្លងមក សិប្បកម្មផលិតថ្នាំជក់មួយនេះ ធ្លាប់ត្រូវបានមន្ទីរ និងសមត្ថកិច្ចជំនាញ ចេញវិធានការផ្អាកសកម្មភាពម្តងរួចមកហើយ ដោយសារតែរាល់ពេលដំណើរការផលិត មហិជ្ជតាក្លិន និងផ្សែងថ្នាំជក់បានភាយជះពាសពេញភូមិដ្ឋាន។
ការលួចផលិតឡើងវិញ៖ ទោះជាមានការហាមឃាត់ក៏ដោយ នាពេលបច្ចុប្បន្ន សិប្បកម្មនេះត្រូវបានគេរាយការណ៍ថា បានលួចបើកដំណើរការផលិតសារជាថ្មី នៅពេលយប់ ចាប់ពីម៉ោង១០យប់ រហូតដល់កណ្តាលអាធ្រាត្រ និងជិតភ្លឺក៏មានដែរ។ ការដំណើរការឡើងវិញរបស់សិប្បកម្មខាងលើនេះបង្កជាក្លិនឈួល និងផ្សែងពុលយ៉ាងខ្លាំង។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ