ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បំភ្លឺ​ករណី​ជន​ស៊ី​វិល​១​ក្រុមចុះ​ចាប់​មនុស្ស​នៅ​បឹង​កក់


រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បកស្រាយ​បំភ្លឺ​ដោយ​ក្រុម​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​ថា មាន​ករណី​ជន​ស៊ី​វិល​មួយ​ក្រុម​តែងតែ​ធ្វើ​សកម្មភាព​ចាប់​គ្រឿងញៀន​នៅ​ម្តុំ​បឹង​កក់​នោះ មិនមែន​ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ទេ​» ។

តាម​ការ​បំភ្លឺ​ថា ទោះជា​យ៉ាងណា​ក្នុង​នាម​ជាសមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ស្រាវជ្រាវ បង្ការ ទប់ស្កាត់​មិ ឲ្យ​ក្រុម​ជន​ស្លៀកពាក់​ស៊ី​វិល​ទាំងនោះ​បង្ក​បញ្ហា​ទាំងនេះ​ទៀត​ឡើយ ។ ម្យ៉ាងវិញទៀត កម្លាំង​នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ មិន​ដែល​ទៅ​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ខុស​ពី​ការ​ណែនាំ ឬ​ក៏​ភារកិច្ច​នោះ​ទេ​»​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ថា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចាត់វិធានការ​មិន​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ទៀត​ឡើយ ។ការ​បំភ្លឺ​របស់​ក្រុម​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស
នេះ គឺ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ជា​បន្តបន្ទាប់​នៅ​តំបន់​បេង​កក់ រហូត​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ចំនួន​បាន Live វី​ដេ​អូ​ជុំវិញ​ការ​ចាប់ ខ្លួន​មនុស្ស​ដោយ​ក្រុម​ជន​ស្លៀកពាក់​ស៊ី​វិល ។

ប្រជាពលរដ្ឋ​និយាយ​ត​ៗ​គ្នា​ថា បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់​នៅ​តំបន់​បឹង​កក់ នោះ​គឺ​ករណី​មនុស្ស​មួយ​ក្រុម ដែល​មិនដឹង​ថា​ជា​សមត្ថកិច្ច​ឬ​ក៏​ស៊ី​វិល បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ស្ទាក់​ចាប់​មនុស្ស​យក​ទៅ​វាយ​ខ្នោះ និង​បង្ខាំង​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ក្រោម​ហេតុផល​ថា ជន​រង​គ្រោះ​ទាំងនោះ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ។

រឿង​នេះ​បាន​កើត​ឡើងជា​យូរ​មក​ហើយ ប៉ុន្តែ​ទើបតែ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​និង​បណ្តាសារ​ព័ត៌មាន​អន​ឡាញ​នានា ។ យោង​តាម​ពាក្យបណ្តឹង​មួយ​ដែល​គោរព​ជូនលោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ពី​ដំណើររឿង​ស្រ​ដៀង​គ្នា​នេះ​ថា ពួក​គេ​ជា​ជន​រង​គ្រោះ​ដែល​មាន​គ្នា​២​នាក់​(​សូម​មិន​បញ្ចេញ​ឈ្មោះ​) ប្រកបរ​បរជា​ជាងសំណង់ បម្រើ​ការងារ​នៅ​ការដ្ឋាន​បុរី​ពិភព​ថ្មី​ឈូក​មាស ។

កាលពី​ថ្ងៃអាទិត្យ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ព្រឹក ពេល​ជិះ​ម៉ូតូចេញពី​ការដ្ឋាន​ត្រឡប់​មក​ផ្ទះ​វិញ មក​ដល់​ត្រង់ចំណុច​​ខាងក្រោយ​វត្ត​នាគ​វ័ន ស្រាប់តែ​មាន​មនុស្សប្រុស​មួយ​ក្រុម​មាន​គ្នា​៦​ទៅ​៧​នាក់ ស្លៀក​ពាក់​ស៊ី​វិល​ទាំងអស់ មិន​បាន​បញ្ជាក់​ថា​ជា​ប៉ូលិស​ខាង​ណា​នោះ​ទេ បាន​មក​ស្ទាក់​ចាប់​ពួក​គេ ។

ដោយ​ផ្តើម​ពី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូពី​មក​បាំង​ពីមុខ​ម៉ូតូ ដោយ​មាន​ម៉ូតូ​៣​គ្រឿង​ទៀតមក​ស្ទាក់​ពីក្រោយ ហើយ​ក៏​បាន​វៃ​៉​ខ្នោះ​ពួក​គេ​ទាំង​២​នាក់ និង​ដេញ​ឱ្យ​ឡើង​លើ​ម៉ូតូ​ដឹក​ទៅ​ខាងក្រោយ​ហាង​លក់​ឡាន​កូរ៉េ​ម៉ាក​សាំ​យ៉ុ​ង​ជាប់ស្តុ​ប​នាគ​វ័ន ដោយ​មិន​សួរនាំ​អ្វី​ទាំងអស់ ។ លុះ​មក​ដល់​ខាងក្រោយ​ហាង​លក់​ឡាន​កូរ៉េ​ម៉ាក​សាំ​យ៉ុ​ង​ហើយ ពួក​គេ​បាន​សួរ​ថា ជិះ​តាម​ផ្លូវ​ហ្នឹង​ធ្វើ​អ្វី ? ហើយ​ពួក​គេ​ទាំង​២​នាក់​ក៏​ឆ្លើយ​ប្រាប់​ថា មក​ពី​ធ្វើការ ស្រាប់តែ​ក្រុម​បុរស​ខាងលើ​ស្ទុះ​មក​វាយ​លើ​ពួក​គេ​តែ​ម្ដង ដោយ​វាយ​ចំនួន​៣​ដៃ និង​ឡើង​ជង្គង់​ត្រង់​ពោះ​២​ដង ហើយ​ក៏​ធ្វើការ​ឆែកឆេរ​ពួក​គេ ។

បុ​៉​ន្តែ​នៅ​ពេល​ឆែកឆេរ​មិន​មាន​អ្វី​ក្នុង​ខ្លួន​នោះ ស្រាប់តែ​ជន​ទាំងនោះ​បាន​ដកហូត​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ទុក មិន​ឱ្យ​តេ​ទៅ​ណាបាន​ឡើយ ហើយ​ក៏​ចោទ​ពួក​គេ​ថា​ជា​អ្នក​ប្រើ ប្រាស់​គ្រឿងញៀន ទាំង​ដែល​ពួក​គេ​មិន​បាន​ប្រើប្រាស់​ទាល់តែ​សោះ ។ បន្ទាប់​ពី​ចោទ​ដូចនេះ​ហើយ​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឌ្រី​ម​ហុងដា ហុច​គ្រឿងញៀន​មួយ​កញ្ចប់​តូច​ឱ្យ​ពួក​គេ​ទាំង​២​នាក់ ហើយ​ប្រាប់​ឱ្យ​កាន់​ហើយ ថត​ដោយ​គំរាម​ថា បើ​មិន​ព្រម​កាន់​គ្រឿងញៀន ឲ្យ​ថត​ទេ​នោះ នឹង​វ៉ៃ​ពួក​គេ​ឲ្យ​ងាប់ ។

ដោយ​ដំបូង​ឡើយ ពួក​គេ​ទាំង​២​នាក់​ប្រកែក​មិន​ព្រម​តាម ក៏​ត្រូវ​ជន​ទាំងនោះ​វាយ​ពួក​គេ​ទាំង​២​នាក់​យ៉ាង​ដំណំ រហូត​ដល់​ទ្រាំ​មិន​បាន​នឹង​ភាព​ឈឺចាប់ ក៏​ព្រម​កាន់​គ្រឿងញៀន​ឲ្យ​ថត​តាម​ការ​គំរាម ។ បន្ទាប់​ពី​ថត​រួច ជន​ទាំងនោះ​បាន​បញ្ជា​ឱ្យ​ពួក​គេ​ទាំង​២​នាក់​ឡើង​ឡាន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​ប្រាប់​ថាយក​ពួក​គេ​ទាំង​២​នាក់​ទៅ​ពិនិត្យ​ទឹកនោម​សិន ។

ពេល​ទៅ​ដល់ ពួក​គេ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ចូល​បន្ទប់​០១៥ ចាប់ពី​ម៉ោង​១​រហូត​ដល់​ម៉ោង៤​និង​៣០​នាទី​រសៀល ដោយ​មិនឃើញ​មាន​អ្នក​ណា​មក​ពិនិត្យ​ទឹកនោម​នោះ​ទេ ។ ដោយសារ​ចាំ​យូរ​ពេក ពួក​គេ​ទាំង​២​នាក់​ក៏បាន​សួរ​ទៅ​អ្នកធ្វើការ​ក្នុង​បន្ទប់​នោះ​ថា កាលណា បាន​យក​ពួក​គេ​ទៅ​ពិនិត្យ​ទឹកនោម តែ​អ្នក​ទាំង
នោះ​ឆ្លើយ​ថា មិនបាច់​ពិនិត្យ​ទឹកនោម​អី​ទេ ថែម​ទាំង​គំរាម​រក​វាយ​ធ្វើបាប​ពួក​គេ​ក្នុង​បន្ទប់​នោះ​ទៀត ។

ក្រោយមក​មួយសន្ទុះ មេការ​របស់​ពួក​គេ​ក៏​បាន​មក​ដល់ ហើយ​អ្នក​នៅ​ក្នុង​នោះ​បាន​និយាយ​ប្រាប់​មេការ​ថា បើ​មាន​លុយ​ចាំ​និយាយ​គ្នា ដោយ​គំរាម​ថា លុះត្រាតែ​មាន​៨០០​ដុល្លារ ទើប​អាច​ចេញពី​នោះ​បាន ។ ក្រោយ​ពី​មេការ​របស់​ពួក​គេ​យល់ព្រម​ឲ្យ​លុយ​៨០០​ដុល្លារ​គ្រប់​ចំនួន​ហើយ​នោះ ទើប​ជន​ទាំងនោះ​ព្រម​ដោះ​លែង​ពួក​គេ​ទាំង​២​នាក់​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។ មានរឿង​រ៉ាវ​ជា​ច្រើន​ករណី​ទៀត​ត្រូវ​បាន​លាតត្រដាង សួរ​ថា តើ​ស្ថានភាព​បែប​នេះ​គប្បី​ទុក​ឱ្យ​បន្តសកម្មភាព​ឬ​បែប​ណា ? ​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ