ខេត្តកំពង់ឆ្នាំង ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បាន
មានប្រសាសន៍ថា «បើគ្មានសុខសន្តិភាពទេ ប្រទេសជាតិក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ» ។ មានប្រសាសបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ វិច្ឆិកា នៅសាលាខេត្តកំពង់ឆ្នាំង។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពនេះហើយ ទើប ហេដ្ឋារចនាសម្ព័ន្ធនានា មានស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ មានអ្នកវិនិយោគទុនយ៉ាងច្រើនមកបណ្ដាក់ទុននៅកម្ពុជា ។ នៅក្នុងឆ្នាំ១៩៩៨ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដាក់ចេញគោលនយោបានឈ្នះ=ឈ្នះ ដើម្បីបង្រួបបង្រួមជាតិ ទើបប្រទេសជាតិចាប់ផ្តើមមានសុខសន្តិភាព ពីពេលនោះដល់សព្វថ្ងៃនេះ ។

សម្រាប់ហេដ្ឋារេចនាផ្លូវថ្នល់វិញ កាលដើមឡើយផ្លូវជាតិយើងមានតែ២គន្លងទេ ពេលនេះចាប់ផ្តើមមាន៤គន្លងជាបណ្តើរហើយទាំងនេះ គឺដោយសារតែសេដ្ឋកិច្ចជាតិមានការរីកចម្រើន កំណើន រថយន្តចរាចរណ៌លើដងផ្លូវកាន់តែមមាញឹក ។ ដោយឡែក ខេត្តកំពង់ឆ្នាំង ក្នុងគម្រោងធ្វើស្ពានជាង៣គីឡូម៉ែត្រ ឆ្លងកាត់ទន្លេ៣ ទៅស្រុកកំពង់លែង និងផ្លូវជាតិពីស្រុកកំពង់លែង ទៅខេត្តកំពង់ធំ ក្រសួងកំពុងសិក្សាផលប៉ះពាល់អំពីបរិស្ថានជិតចប់ហើយ និងនៅដើមឆ្នាំ២០២០ ខាងមុខនេះ ក្រសួងនឹងចរចាជាមួយក្រុមហ៊ុនចិន ដើម្បី កសាងស្ពាននិងផ្លូវខាងលើនេះ ព្រោះថាផ្លូវ១ខ្សែនេះ ជាផ្លូវនៅចំកណ្តាលប្រទេសមានសារសំខាន់ណាស់ ខ្លាំងណាស់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្រាប់លោក កែវ ពៅ ដែលប្រធានមន្ទីរសាធារណការដែលចូលនិវត្តន៍ក្នុងពេលនេះ គឺចូលនិវត្តន៍តែអាយុទេ តែបទពិសោធន៍ការងាររបស់លោកមិនចូលនិវត្តន៍ឡើយ ដូច្នេះខាងមុខនេះ ក្រសួង និងសំណើរសុំតែងតាំង លោក កែវ ពៅ ជាទីប្រឹក្សាក្រសួងសាធារណការ ដើម្បីឲ្យលោកជួយកិច្ចការងារកសាងផ្លូវនានាជាបន្តទៀត ។

ដោយឡែក លោក ឆាយ លាភា ដែលត្រូវឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណការថ្មី សូមយកចិត្ត ទុកដាក់ធ្វើការងារទៅតាមបទពិសោធន៍ល្អៗរបស់ប្រធានចាស់កន្លងមក និងត្រូវចងចាំថា កុំចាំការងាររដ្ឋរត់មករកយើង គឺយើងត្រូវទៅរកការងារ នោះទើបទទួលបានជោគជ័យ ហើយប្រធានមន្ទីរថ្មី សូមយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងទុក្ខលំបាករបស់ប្រជាជនឲ្យបានទាន់ពេលវេលា ។
ចែករំលែកព័តមាននេះ