ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មានជុំវិញព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ អាកាសធាតុឆ្នាំនេះមានអំណោយផលល្អបំផុតក្នុងពិធីបុណ្យដ៏ពេញនិយមនេះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប ​​សំពះ​ព្រះខែ​ ​និង​អកអំបុក​ដែលមាន​រយៈ​ពេល៣​ថ្ងៃ​នេះ បាន​ចាប់​​ផ្តើម​ថ្ងៃដំបូង គឺថ្ងៃទី​២០ វិច្ឆិកា ក្រោម​ព្រះរាជ​វត្ត​មានដ៏ខ្ពង់​ខ្ពស់ព្រះ​ករុណា​ព្រះ​​មហាក្សត្រ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ និងវត្ត​មាន​សម្តេច​​ទាំង៣ គឺ​សម្តេច​អគ្គ​មហាធម្មពោធិសាល​ជា​ ស៊ីម សម្តេច​អគ្គមហា ពញា​ចក្រីហេង សំរិន និងសម្តេច​អគ្គ​មហា សេនាបតីតេជោហ៊ុន សែន និងលោក​ជំទាវ ។ តាមសេចក្តី​រាយការណ៍​ពីមន្ត្រីរៀបចំការ​ប្រកួត​បានឱ្យ​ដឹង​ថា

រាជធានីភ្នំពេញ ៖ ពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប ​​សំពះ​ព្រះខែ​ ​និង​អកអំបុក​ដែលមាន​រយៈ​ពេល៣​ថ្ងៃ​នេះ បាន​ចាប់​​ផ្តើម​ថ្ងៃដំបូង គឺថ្ងៃទី​២០ វិច្ឆិកា ក្រោម​ព្រះរាជ​វត្ត​មានដ៏ខ្ពង់​ខ្ពស់ព្រះ​ករុណា​ព្រះ​​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងវត្ត​មាន​សម្តេច​​ទាំង៣ គឺ​សម្តេច​អគ្គ​មហាធម្មពោធិសាល​ជា​ ស៊ីម សម្តេច​អគ្គមហា ពញា​ចក្រីហេង សំរិន និងសម្តេច​អគ្គ​មហា សេនាបតីតេជោហ៊ុន សែន និងលោក​ជំទាវ ។ តាមសេចក្តី​រាយការណ៍​ពីមន្ត្រីរៀបចំការ​ប្រកួត​បានឱ្យ​ដឹង​ថា ឆ្នាំនេះ​មានទូកចូលរួម​ប្រណាំង​ចំនួន​៤២៤​ទូក តែត្រូវអវត្ត​មានចំនួន​៣​ទូក​ ក្នុងនោះ​មានទូកពិសេស​ចំនួន​១០៨ទូក ។ ការ​ប្រណាំង​ថ្ងៃ​ដំបូង​ចាប់​ផ្តើមពីម៉ោង​១០ព្រឹក ដោយចេញដំណើរ​ពីចំណុចស្ថានីយ​រដ្ឋាករ​ទឹក​ឆ្លង​កាត់​កងព័ន្ធ​ទី១ ទី២ មក​ដល់កង​ព័ន្ធ​ផ្តាច់​ព្រ័ត្រមុខព្រះ​បរម​រាជ​វាំងចំងាយ​ប្រមាណ​១៧០០​ម៉ែត្រ ។ ប្រភពដដែលបញ្ជាក់ថា ការ​ប្រណាំង​នៅថ្ងៃទី១ និងទី២ ទូក​ធម្មតា និង​ទូក​ពិសេសត្រូវ​ប្រណាំង​ចំនួន២ជើង​ ។ ប៉ុន្តែ​​នៅ​ថ្ងៃ​ទី៣ ទូកធម្ម​តាប្រណាំង​តែ១​ជើងប៉ុណ្ណោះ​ដោយ​មានការចាប់ឆ្នោត​រើស​ខ្សែ​ទឹក ។ ចំណែកទូក​ពិសេសត្រូវ​ប្រណាំង​២​ជើង​ដដែល ។

គួរកត់សំគាល់​ថា ការ​ប្រណាំង​នៅថ្ងៃដំបូង​នោះ​ទូកដែល​ជាប់​លេខ១ កាលពីឆ្នាំ​២០០៩ ឈ្មោះជ្រៃ​​មាស សាគរ​សែនជ័យ​របស់ខេត្ត​​កណ្តាល​ពាក់ស្លាកលេខ​៣៣៣ ប្រណាំង​២ជើង​ឈ្នះ​ទាំង២​ជើង ។ ទូកជាប់លេខ២ កាលពីឆ្នាំ​២០០៩ ឈ្មោះ​កំពូល​អធិរាជផន សែនជ័យ របស់​ក្រសួង​ការ​ពារ​ជាតិពាក់​ស្លាកលេខ​១៦៧ ក៏បាន​ឈ្នះទាំង២​ជើង​ដែរ ។ ចំណែក​ទូកឈ្មោះ​​កំពូល​តេជោសែន​ជ័យ​របស់ខេត្ត​កណ្តាល​ពាក់​ស្លាកលេខ១៧៩ ដែលជាប់លេខ៣ កាលពីឆ្នាំ​មុននោះ​ប្រណាំង​២​ជើង​ឈ្នះ១ ចាញ់១ ។ ក្នុង​ឱកាសប្រណាំង​ថ្ងៃទី១​នោះ​មានទូក​ចំនួន​៤​បានលិច និងមានកីឡាករ​ទូកចំនួន​២១​នាក់​បានធ្លាក់ទឹកនៅពេល​ប្រណាំង​ទូក​ ។ ប៉ុន្តែ​មិន​មានរបាយការណ៍​ណាមួយ​បញ្ជាក់​ពីការ​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិចទូក និងធ្លាក់​ទឹកនោះទេ ។ ​នៅលើ​ទីលាន​ប្រណាំងគេ​ឃើញកង​កំលាំង​របស់បញ្ជា​ការ​ដ្ឋានកងទ័ពជើង​ទឹក​បាន​ជួយ​សង្គ្រោះ​ហេតុការណ៍​នោះ​ទាន់ពេល​វេលា ។

នៅថ្ងៃ​នោះ​ដែរ មានទូកចំនួន៣គ្រឿង​​តែ​មិន​បានបញ្ជាក់​ឈ្មោះ បានប្រព្រឹត្តខុសច្បាប់​ដោយ​បានអុំ​កាត់ទទឹង​ទន្លេ​​ពេល​កំពុង​ប្រណាំង​​ ហើយទូក​ទាំង៣នោះ​ត្រូវបានហៅមកព្រមាន​រួច​ហើយ ។ ជា​មួយគ្នា​នោះដែរ មានទូក១គូ​បាន​បុក​គ្នា​ គឺទូកឈ្មោះ​រតនៈ​សជ័យ បារមី​កំពង់​ទ្រា ពាក់​ស្លាកលេខ​៥៧​របស់ខេត្ត​ព្រៃវែងបានបុកគ្នា​ជាមួយ​គូ​ប្រកួត​របស់ខ្លួន​គឺទូក​ឈ្មោះ​សុវណ្ណ កុមារ​ មហារិទ្ធី ពាក់ស្លាកលេខ៣៥៨របស់ខេត្ត កំពង់ចាម ។ ទោះបីយ៉ាង​ណា មិន​មាន​គ្រោះ​ថ្នាក់​​ដល់​មនុស្ស​ទេ ។

ទិដ្ឋ​ភាព​នៅថ្ងៃទី១​នោះ ទោះបី​មាន​ការ​ព្យាករណ៍​ពីសាលា​រាជធានីភ្នំពេញថា យ៉ាង​ហោច​ណាស់មានមនុស្ស​ជាង៣​លាននាក់​ចូល​រួម ប៉ុន្តែ​នៅម្តុំ​ព្រះបរម​រាជ​វាំង​​មិន​សូវ​​មាន​មនុស្ស​​ណែន​ណាន់​តាន់​តាប់​ដូចបណ្តា​ឆ្នាំ​មុនៗ​ទេ។ នៅ​គ្រប់ទីកន្លែង​នៃតំបន់ប្រារព្ធ​ពិធីក្នុងរាជ​ធានីភ្នំពេញ ត្រូវបាន​ដាក់ពង្រាយ​នូវកំលាំង​រក្សា​សន្តិសុខ មានសមត្ថ​កិច្ចប៉ូលិស ប៉េអឹមសរុប​ប្រមាណជាង​១ម៉ឺន​នាក់ ដើម្បីបំរើសន្តិសុខ​ សុវត្ថិ​​ភាពជូន​ប្រជា​ពល​រដ្ឋ ។ ឆ្នាំនេះ​មានប្រទីបចំនួន៩បានបណ្តែត​លើ​ផ្ទៃ​ទឹកទន្លេ​នាពេលយប់ ក្នុងនោះ​ប្រទីប​ព្រះបរម​រាជ​វាំង ព្រឹទ្ធ​សភា រដ្ឋសភា ទីស្តី​ការគណៈរដ្ឋ​មន្ត្រី​ ក្រសួងមហាផ្ទៃ ​ក្រសួង​ទេសចរណ៍​​ ក្រសួង​​យុត្តិធម៌ ក្រសួង​ការ​ពារ​ជាតិ និងប្រទីប​រាជធានីភ្នំពេញ ។ ប្រទីបទាំង​អស់​ចាប់​ផ្តើម​បណ្តែត​នៅវេលាម៉ោង៦យប់​​ ក្រោយពេល​ព្រះ​មហា​ក្សត្រប្រទាន​​ភ្លើង​​ ហើយការបាញ់កាំជ្រួច​ក៏​បាន​ចាប់​ផ្តើម​ព្រមៗគ្នា​ ញ៉ាំង​ឱ្យពិធី​ថ្ងៃ​ដំបូង​នោះ ប្រកប​ដោយក្តី​សប្បាយ​រីករាយ​ ក្រោម​អាកាស​ធាតុអំណោយ​ផលល្អតាំងពីព្រឹក​រហូត​ដល់​យប់ ។

  • ការចេញទូកមានភាពល្អរលូន

នៅ​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​​ប្រណាំង​ទូក.ង​ កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា​ កន្លង​មក​​ មាន​ទូក​ចូល​រួម​ប្រកួត​​ក្នុ​ងព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ សរុប​ចំនួន​​២១២​គូ ស្មើ​នឹង​៤២៤​ទូក ។ ដោយ​ឡែក​ស្ថាន​​ភាព​ និង​អាកាស​ធាតុ​នៅ​​ថ្ងៃ​ដំបូង​នេះ​ គឺ​មាន​ស​ភាព​ល្អ​ប្រសើរ​ខ្លាំង​​ណាស់​ ជា​ពិសេស​នៅ​ផ្នែក​នៃ​ការ​ចេញ​ដំណើរ​ ដែល​ស្ថិត​នៅ​ត្រង់​ចំណុច​កំពង់​ផែ​ថ្ម ដោយ​មិន​មាន​បញ្ហា​អ្វី​កើត​​​ឡើង​ដូច​ជា​បណ្តា​ឆ្នាំ​មុនៗ​ឡើយ ។ លោក​ស៊ួន ប៊ុនអ៊ន ប្រធាន​ក្រុម​គ្រប់​គ្រង​ទូក​បាន​មាន​ប្រសាសន៍​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គណៈ​កម្ម​ការ​រៀប​ចំ​​បុណ្យ​អុំ​ទូក​ មាន​បទ​ពិសោធន៍​ក្នុង​ការ​រៀប​ចំ​ និង​កែ​សំរួល​លក្ខណៈ​បច្ចេក​ទេស​ជា​បន្ត​បន្ទាប់ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​សណ្តាប់​ធ្នាប់​យា៉ង​ល្អ​ប្រសើរ​ឡើង​​ជា​លំដាប់ ។ លោក​បាន​​បន្ថែម​ឱ្យ​​​ដឹង​​ថា ឆ្នាំ​នេះ​ដោយ​មាន​ការ​ប្រជុំ​ដាក់​បទ​ប​ញ្ជា​យ៉ាង​តឹង​រឹង​ និ​ងមាន​ការ​គួប​ផ្សំ​​ទៅ​នឹង​ការ​យល់​ដឹង​របស់​កីឡា​ករ​អុំ​ទូក​ទាំង​អស់​ទៀត​ផង​នោះ លោក​សង្កេត​ឃើញ​ថា គឺ​មាន​សណ្តាប់​ធ្នាប់​ល្អ​​ខ្លាំង​ណាស់ ជា​ពិសេស​តាំងពីរ​ពេល​ចាប់​​ផ្តើម​ចេញ​ដំណើរ​នៅ​​វេលា​ម៉ោង​១០​ព្រឹក​រហូត​​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច មិន​សូវ​ធ្វើ​ឱ្យ​គណៈ​កម្ម​ការ​ផ្នែក​ខាង​​ចេញ​ដំណើរ​មាន​ការ​លំបាក​ប៉ុន្មាន​ទេ ។

ឆ្នាំ​នេះ​​​ទឹក​មិន​សូវ​ហូរ​ខ្លាំង អាកាស​ធាតុ​​ក៏​ល្អ មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ការ​លិច​​លង់​ដូច​ជា​ឆ្នាំ​មុនៗ​ឡើយ ។ បើ​គិត​ត្រឹម​​តែ​ថ្ងៃ​ដំបូង ​គេ​សង្កេត​ឃើញ​​​មិន​ទាន់​មាន​​បញ្ហា​​អ្វី​កើត​ឡើង​គួរ​ឱ្យ​មាន​ការ​​បារម្ភ​នោះ​ឡើយ ប៉ុន្តែ​ក៏​មាន​ការ​ត្អួញ​ត្អែរ​ពី​កីឡា​ករ​អុំ​ទូក​ផង​ដែរ​ថា មាន​ការ​យា៉ប់​កំលាង​​នៅ​ពេល​ប្រឹង​​អុំ​​ប្រកួត ។ លោក​រិន ថាន អ្នក​បញ្ជា​ក្បាល​ទូក​ឈ្មោះ​ជំទាវ​ស្រី​ម៉ៅ​ហោ​សុទ្ធ​សែន​ជ័យ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ទឹក​មិន​សូវ​ហូរ​ខ្លាំង ​មិន​បង្ក​គ្រោះ​​ថ្នាក់​ជាយ​ថា​​ហេតុ​​ក៏​ពិត​មែន តែ​ការ​អុំ​ប្រណាំង​មាន​ការ​លំបាក​បន្តិច ព្រោះ​ត្រូវ​ប្រើ​កំលាំង​ច្រើន​ ​ដើម្បី​បញ្ជា​​ទូក​ឱ្យ​មាន​ល្បឿន​លឿន និង​យក​ឈ្នះ​លើ​គូ​ប្រកួត ។ ប៉ុន្តែ​លោក​ក៏​បាន​ប្រាប់​ថា ទោះ​បី​ជា​យ៉ាង​ណា​ ក៏​មាន​​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​​មុនៗ​ដែរ ដូច​ជា​ការ​ស្នាក់​នៅ ហូប​ចុក​មាន​សប្បុរស​ជន​ជួយ​​ឧបត្ថម្ភ​ច្រើន​ សំខាន់​ជាង​នេះ​​ទៅ​ទៀត​ គឺ​ពុំ​មាន​ភ្លៀង​ធ្លាក់​ មិន​បង្ក​ការ​លំបាក​ដល់​ការ​សំរាក​នា​ពេល​យប់​ទេ​ ។

  • សន្តិ​សុខ​សុវត្ថិ​ភាព​មាន​ភាព​ល្អ​ប្រសើរ

ជា​ការ​កត់​សំគាល់​ក្នុង​ព្រះ​​រាជ​ពិធី​បុណ្យ​អុំ​ទូក​គិត​ត្រឹម​​២​ថ្ងៃ​ បញ្ហា​សន្តិ​សុខ​ ជា​ពិសេស​អំពើ​លួច​ ឆក់ ឬ​ប្លន់​ ហាក់​មិន​មាន​អ្វី​គួរ​ឱ្យ​កត់​សំគាល់​​ធំ​នោះ​ទេ គឺ​មាន​អំពើ​លួច ឬ​ចោរ​លូក​ហោ​ប៉ៅ​តិច​តួច​បណ្ណោះ ដែល​ឆ្នាំ​នេះ​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ។ ប៉ុន្តែ​បញ្ហា​ចរា​ចរណ៍​វិញ​មាន​ការ​កក​ស្ទះ​ខ្លាំង ជា​ពិសេស​នៅ​តំបន់​ដែល​សមត្ថ​​កិច្ច​ដាក់​បារ៉ាស់​ហាម​ឃាត់នៅ​ច្រក​ចេញ​ចូល​ក្នុង​ក្រុង ។ ចំណែក​ឯនៅ​ក្នុង​តំបន់​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​វិញ​ នៅ​ថ្ងៃ​ទី​១ សមត្ថ​កិច្ច​មាន​ភាព​ធូរ​រលុង​ ឱ្យ​មធ្យោ​បាយ​​យាន​ជំនិះ​ចេញ​ចូល ហើយ​យក​លុយ​ ជា​ពិសេស​នៅ​ច្រក​ខាង​ត្បូង​ម្តុំ​ស្ថាន​ទូត​សូវៀត ។ តែ​សំរាប់​ថ្ងៃ​អុំ​ទូក​ទី២​វិញ ​មាន​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង ដែល​នៅ​តំបន់​ខ្លះ​មិន​​ឱ្យ​រថយន្ត​ ឬម៉ូតូ​ចូល​តែ​ម្តង ទោះ​​ជា​មាន​ស្លាក​អនុ​ញ្ញាត​ក៏​ដោយ ដូច​ជា​​តំបន់​សួន​ច្បារ​សម្តេច​ហ៊ុន សែន ជា​ដើម ។

ដោយ​ឡែក​សួន​ច្បារ​នានា​ក្នុង​តំបន់​ប្រារព្ធ​ពិធី​​ដូច​ជា​សួន​វិមាន​ឯក​រាជ្យ នៅ​ថ្ងៃ​ទី​១ មិន​មាន​ការ​បោះ​បង្គោល​ចង​​​ខ្សែ​ហាម​​ឃាត់​នោះ​ទេ ដោយ​ឱ្យ​ប្រជា​ពល​រដ្ឋ​កំសាន្ត ឬ​អង្គុយ​ ក៏​ដូច​ជា​លក់​ដូរ​លើ​សួន​ស្មៅ​បាន​ ។ ប៉ុន្តែ​ថ្ងៃ​ទី​២ អភិ​បាល​រាជ​ធានី​ភ្នំពេញ​តំរូវ​​ឱ្យ​មាន​ការ​បោះ​បង្គោល​ចង​ខ្សែ​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ដើរ​ជាន់​ស្មៅ ឬ​អង្គុយ​លើ​ស្មៅ​នោះ​ទេ ​​ព្រោះ​ខ្លាច​ខូច​សួន​ស្មៅ ឬ​ផ្កា ។ នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​២ ដោយ​មាន​ការ​ណែនាំ​ពី​លោក​​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ អង្គ​ភាព​សួន​​ច្បារ​ដឹក​នាំ​ដោយ​លោក​សំ សាមុត ជា​ប្រធាន​បាន​ធ្វើ​ការ​បោះ​បង្គោល​ចង​ព័ទ្ធ​ជុំ​វិញ​ការ​ពារ​សួន​ស្មៅ និង​ផ្កា​នៅ​សួន​វិមាន​ឯក​រាជ្យ ហាម​ឃាត់​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ដើរ​ជាន់ អង្គុយ ឬ​លក់​ដូរ​លើ​ស្មៅ​​​ទៀត​ទេ ។ ចំណែក​ឯសួន​ច្បារ​មុខ​វត្ត​បទុម​វតី សួរ​មាត់​ទន្លេ​មុខ​វាំង ឬ​សួន​មុខ​សណ្ឋា​គារ​កាំបូ​ឌីយ៉ាណា​ជា​ដើម ត្រូវ​បាន​អង្គ​ភាព​នេះ​ធ្វើ​ការ​បោះ​បង្គោល​ចង​ព័ទ្ធ​ជុំ​វិញ​សួន​ស្មៅ​រួច​មក​ហើយ​ ​តាំង​តែ​ពី​មុន​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ម៉្លេះ ។ បើ​ធ្វើ​បាន​បែប​នេះ ក្រោយ​ពិធី​បុណ្យ​អុំ​ទូក​ចប់ សួន​ច្បារ​ទាំង​ឡាយ​នៅ​ស្រស់​បំព្រង​ដដែល មិន​បាច់​ចំណាយ​ប្រាក់​​ដើម្បី​ដាំ​ឡើង​វិញ​ឡើយ ។

  • ប្រណាំង​គូ​ពិសេស​ថ្ងៃ​ចប់​បុណ្យ

យោង​តាម​​សេច​ក្តី​ជូន​ដំណឹង​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រទីប​ ឆ្នាំ​២០១០ បាន​​ឱ្យ​ដឹង​​​ថា នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​បញ្ចប់​ព្រះ​រាជ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខាង​លើ គណៈ​កម្ម​ការ​នឹង​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​​អុំ​ទូក​មួយ​ថ្ងៃ​បន្ថែម​ទៀត​ជា​លក្ខណៈ​មិត្ត​ភាព និង​គ្រួសារ​រវាង​គូ​ពិសេស​ទាំង​អស់ ។ កម្ម​វិធី​ប្រកួត​នេះ​នឹង​ត្រូវ​បាន​រៀប​ចំ​នៅ​ទី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ វេលា​ម៉ោង​៩​ព្រឹក និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍​ផង​ដែរ ។ ចំពោះ​ការ​ប្រកួត​ជា​លក្ខណៈ​បន្ថែម​​នេះ មាន​តែ​គូ​ពិសេ​​សទាំង​អស់​​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត ។ គូ​ពិសេស​ទាំង​អស់​ត្រូវ​បាន​អនុ​ញ្ញាត​ផង​ដែរ ឱ្យ​ជ្រើស​រើស​គូ​ប្រកួត​ដោយ​ខ្លួន​ឯង ដោយ​ត្រូវ​ផ្តល់​ព័ត៌​មាន​អំពី​ការ​ចាប់​គូ​នេះ​មក​គណៈ​កម្ម​ការ​រៀប​ចំ​ពិធី​បុណ្យ​ឱ្យ​​បាន​មុន​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១០ ។ ដោយ​ឡែក​​គណៈ​កម្ម​ការ​នឹង​រៀប​ចំ​ចាប់​គូ​ប្រកួត​ជូន​ទូក​ពិសេស​ទាំង​ឡាយ​ណា​ ដែល​មិន​បាន​ចាប់​គូ​​ដោយ​ខ្លួន​ឯង ។ ដើម្បី​ធានា​បាន​នូវ​ភាព​រលូន និង​សណ្តាប់​ធ្នាប់​សំរាប់​ការ​ប្រកួត​បន្ថែម​​នេះ​ គណៈ​​កម្ម​ការ​សំណូម​ពរ​ចំពោះ​គូ​ពិសេស​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​​ទៅ​តាម​ទី​តាំង​ដែល​បាន​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ជាតិ​​ រហូត​ដល់​​ថ្ងៃ​​ប្រកួត​នាទី​ក្រុង​តា​ខ្មៅ ៕        

អ្នករាយការណ៍កោះសន្តិភាព