រាជធានីភ្នំពេញ ៖ ខណៈដែលអ្នកគាំទ្រភាគច្រើនយល់ថា កីឡាករល្បីល្បាញរបស់កម្ពុជា ផាន់ គ្រាន់ នឹងឈ្នះសម្រាប់ការប្រកួត ដែលបានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករបង្គោលក្រហមរូបនេះ បែរជាប្រកួតជាមួយថៃមិនបាន២ទឹកទៅវិញ។ កីឡាកររូបនេះ បានបោះបង់ការប្រកួត ដោយសារតែភ្លាត់ខ្លួនឯងសុទ្ធសាធក្នុងពេលកំពុងធ្វើការវាយលុក។
ប្រដាល់អន្តរជាតិ ដែលបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករ ផាន់ គ្រាន់ បង្គោលក្រហម ត្រូវប៉ះជាមួយកីឡាករថៃ ឈ្មោះ Phat Ka ដោយការប្រកួតរវាងអ្នកទាំងពីរ គឺជាលើកទី៦ ហើយ។
មួយគូនេះ ឈ្នះចាញ់ៗកន្លងមក ទើបគេអាចនិយាយបានថា សមត្ថភាពរបស់មួយគូនេះ គឺមិនលើសគ្នាទេ។
យ៉ាងណាមិញការប្រកួតដែលទើបបញ្ចប់ក្ដៅៗ កីឡាករ ផាន់ គ្រាន់ មិនទាន់ធ្វើអោយអ្នកទស្សនាជក់ចិត្តនៅឡើយផង ក៏ស្រាប់តែបញ្ចប់ទាំងមិនអស់ចិត្ត ដោយសារតែកីឡាករកម្ពុជា យកកែងដៃដែលមានរបួសកន្លងមក ទៅអុកចំក្បាលកីឡាករថៃ ធ្វើអោយកម្លាំងទង្គិច បណ្ដាលអោយកែងដៃរបស់លោកឈឺចុកខ្លាំង ហើយគាប់ជួនជាកីឡាករថៃ វាយបកមកទាត់ប៉ុន្មានជើងចំកន្លែងឈឺនោះផង ក៏សម្រេចចិត្តបោះបង់ការប្រកួត ដោយអោយថៃឈ្នះក្នុងទឹកទី២តែម្ដង។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ