សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃទី២វិច្ឆិកាបាននិយាយសម្រាលព័ត៌មាននានាដែលថា ពួកអ្នករត់ពន្ធគ្រឿងញៀនបានឆ្លងកាត់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដោយអារចោះនឹងរណារយ៉ាងងាយស្រួលបំផុត។

លោកត្រាំថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា យើងមានជញ្ជាំងដ៏មាំបំផុតមួយ។ រណារចោះវាជារឿងមួយតែយើងអាចជួសជុលវិញបានដោយស្រួល។ កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍នាពេលមុននេះក្នុងថ្ងៃទី២វិច្ឆិកាដែររាយការណ៍ថា ពួករត់ពន្ធគ្រឿងញៀនមកពីម៉ិកស៊ិក អាចចូលមកក្នុងសហរដ្ឋអាមេរិករយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយចោះជញ្ជាំងព្រំដែនត្រង់ផ្នែកជញ្ជាំងដែលទើបសាងសង់ពីបេតុងនិងដែកថែប ដោយសារការអារនឹងរណារដែលអាចទិញបានក្នុងតម្លៃត្រឹមប្រមាណជា១០០ដុល្លារ។
យោងតាមបណ្ដាភ្នាក់ងារនិងមន្ត្រីដែលកាសែតនោះបានសាកសួរថា បច្ចេកទេសឯទៀតៗក៏ប្រើសម្រាប់ឆ្លងកាត់ជញ្ជាំងព្រំដែនដែរ ឧទាហរណ៍ជញ្ជាំងព្រំដែននៅសាន់ឌីយេហ្គោរដ្ឋកាលីហ្វ័រនីញ៉ាជាដើម។ យោងតាមការវាយតម្លៃចេញផ្សាយនាពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៩មានអ្នកឆ្លងកាត់ព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកដោយខុសច្បាប់ប្រមាណជាជិត១លាននាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ