រាជធានីភ្នំពេញ ៖ មិនខុសពីការប្រកួតជា លក្ខណៈអន្តរជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះ សម្រាប់ការប្រកួតនាល្ងាចថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសង្វៀនអន្តរជាតិរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏មានការប្រកួតជាលក្ខណៈអន្តរជាតិដែរ ដោយមានវត្តមានកីឡាករកម្ពុជានិងកីឡាករថៃសរុបចំនួន៤រូបប៉ះគ្នា ។
កីឡាករម្ចាស់ផ្ទះ២រូបគឺ ពុទ្ធ ឆាយរិទ្ធី ដែលជាកីឡាករល្បីឈ្មោះជើងចាស់ និង ឆៃ សារ៉ា ដែលជាកីឡាករឡើងកូដមួយរូប រង់ចាំស្វាគមន៍កីឡាករថៃចំនួន២រូបមកពីប្រទេសថៃ។ ការប្រកួត២គូនេះ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទាំងកីឡាករកម្ពុជានិងថៃ សុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពប្រដាល់ដូចគ្នា ។
កីឡាករកម្ពុជាទាំង២រូប ដែលគេស្គាល់ថាសុទ្ធតែជាជើងខ្លាំងគឺ ពុទ្ធ ឆាយរិទ្ធី ដែលល្អខាងប្រើកណ្ដាប់ដៃអមដោយបច្ចេកទេស និងជើងខ្លាំងកំពុងឡើងកូដ ឆៃ សារ៉ា នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃ២រូបនៅសង្វៀនអន្តរជាតិនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកានោះ ។ ពួកគេម្នាក់ៗនឹងឡើងប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃ តែក្នុងលក្ខណៈមិត្តភាពដើម្បីបង្ហាញកម្លាំង ។
អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៤រូប ទាំងកម្ពុជានិងថៃ សុទ្ធតែបានត្រៀម ខ្លួន ហើយមានការរំពឹងថានឹងល្អមើលសម្រាប់ការប៉ះគ្នានេះ ។ កីឡាករកម្ពុជាទាំង២រូប បានបង្ហាញពីការត្រៀមខ្លួនច្បាស់លាស់ខ្លាំងណាស់ ទើបឈានដល់ការផ្គូផ្គងឲ្យឡើងប្រកួតជាមួយកីឡាករថៃ ដើម្បីសាកល្បងសមត្ថភាពគ្នា ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ថ្លែងថា ក្នុងចំណោមកីឡាករកម្ពុជាទាំង២រូបដែលមានឈ្មោះឡើងប្រកួតជាមិត្តភាពអន្តរជាតិក្នុងព្រឹត្តិ ការណ៍ប្រដាល់នោះ ពុទ្ធ ឆាយរិទ្ធី គឺជាជើងខ្លាំងម្នាក់ដែលលោករំពឹងខ្ពស់សម្រាប់ការប៉ះគ្នា
ដោយសារតែគេទើបផ្ដួលកីឡាករជើងខ្លាំងថៃមួយចំនួនមកពីប្រទេសថៃ ។ បើទោះជាគេត្រូវ
ប្រឈមនឹងកីឡាករថៃល្អសម្រាប់ការប្រកួតលើកនេះ តែម្នាក់ៗនៅតែមានទំនុកចិត្តចំពោះសមត្ថភាពរបស់កីឡាករកម្ពុជារូបនេះភាគច្រើន ។
ពុទ្ធ ឆាយឫទ្ធី ត្រូវប៉ះប្រកួតជាមួយកីឡាករថៃ ភេត អ៊ូប៊ុន ក្នុងនាមជាគូឯកសម្រាប់ប្រដាល់អន្តរជាតិនៅរសៀលថ្ងៃអាទិត្យនោះ ដោយភាគីម្ខាងៗពិតជាចង់ឈ្នះជាដាច់ខាត ដែលអ្នកណាឈ្នះក្រៅពីបានមុខមាត់ និងប្រាក់តម្លៃខ្លួនក្នុងនាមជាអ្នកឈ្នះខ្ពស់ជាងហើយ ក៏បានទទួលទំនុកចិត្តពីអ្នកគាំទ្រជាងមុនទៀត ។ ប៉ុន្តែបើការប្រកួតនេះ បែរជាចាញ់ព្រោះតែប្រកួតមិនបានល្អវិញ មិនខុសពីត្រូវបាក់មុខ និងរងការរិះគន់ពីអ្នកគាំទ្រនោះទេ ។
លោកជឿជាក់ថា កីឡាករកម្ពុជារូបនេះនឹងបញ្ចេញសមត្ថភាពល្អដូចជាស្នៀតពូកែគេច និងពូកែវាយសន្ធាប់ ដែលគេធ្លាប់បញ្ចេញនាពេលកន្លងមក ។ អ៊ីចឹងហើយទើបលោកយល់ថាជំនួបរវាងជើងខ្លាំង ពុទ្ធ ឆាយរិទ្ធី ជាមួយកីឡា ករថៃ នឹងមិនធម្មតាសម្រាប់ការប្រកួតទាំងមូល ដោយសារភាគីខាងណាក៏មិនចង់បាក់មុខដែរ ។
យោងតាមប្រវត្តិប្រកួត គឺ ពុទ្ធ ឆាយឫទ្ធី ធ្លាប់ប្រកួតបាន១២៤លើក ឈ្នះ៩៥លើក ចាញ់២៧លើក និងស្មើ២លើក ។ ឯកីឡាករថៃ ភេត អូ៊ប៊ុន ធ្លាប់ប្រកួតបាន៦៩លើក ឈ្នះ៥៦លើក ចាញ់១៣លើក តែគេខ្លាំងនាពេលចុងក្រោយនេះ ខណៈដែលកីឡាករកម្ពុជាធ្លាក់ដៃ ។
ចំណែកកីឡាករជើងខ្លាំងកម្ពុជាមួយរូបទៀតគឺ ឆៃ សារ៉ា ដែលអ្នកស្នេហាកីឡាប្រដាល់ស្គាល់ថាជាកីឡាករមានសមត្ថភាពមួយរូប និងជាម្ចាស់ខ្សែក្រវាត់ផង ត្រូវបានគណៈកម្មការផ្គូផ្គងឲ្យប៉ះប្រកួតជាមួយកីឡាករថៃ រ៉ុង ផាណា ក្នុងនាមជាគូរងឯក ។ ការប្រកួតរបស់ពួកគេ នៅមិនទាន់ដឹងថាអ្នកណាល្អជាងអ្នកណាទេ ក្នុងពេលដែលកីឡាករកម្ពុជារូបនេះ នៅតែមានក្រេឌីត តែពិបាកទុកចិត្តពីភាពខ្លាំង១០០ភាគរយ ដោយសារកីឡាករថៃក៏មិនធម្មតា ។ លោកយល់ថា កីឡាករថៃជាដៃគូខ្លាំងម្នាក់ តែគេក៏មិនទាន់ប្រាកដដូចគ្នាថា នឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតជាមួយជើងខ្លាំងកម្ពុជា នោះដែរ ដោយសារតែបទពិសោធន៍ប្រហាក់ ប្រហែលគ្នា ។
កីឡាករកម្ពុជា ឆៃ សារ៉ា ធ្លាប់ប្រកួតផ្លូវការបាន១០១លើក ឈ្នះ៨១លើក ចាញ់១៨លើក ស្មើ២លើក ឯកីឡាករថៃធ្លាប់ប្រកួតបាន៧១លើក ឈ្នះ៥៧លើក ចាញ់១៤លើក មិនធ្លាប់ស្មើ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ