រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ ក្នុងតម្លៃទឹកប្រាក់ចំនួន ៨៩ លានដុល្លារអាមេរិកដើម្បីបង្កើនលទ្ធភាពតំបន់ជនបទក្នុងការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យ ព្រមទាំងកែលម្អកិច្ចខិតខំអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយ ADB កាលពីថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០១៩ ។
លោកស្រី សាន់នីយ៉ា ឌូរ៉ានី-ចាម៉ល (Sunniya Durrani-Jamal) នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា «កម្មវិធីទាំងពីរនេះគាំទ្រដល់វិស័យអាទិភាពទាំង ៤ របស់យុទ្ធសាស្ត្រចតុកោណ រួមមានដូចជា៖ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការកែលម្អ ការថែទាំសុខភាព សាធារណៈ និងអាហារូបត្ថម្ភ ពិពិធកម្មសេដ្ឋកិច្ច ដោយការលើកកម្ពស់ការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ និងធនាគារ ការលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន ការងារ និងមុខរបរ តាមរយៈកិច្ចគាំទ្រ សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាពតាមរយៈការលើកកម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ» ។
បាយការណ៍បានសង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋប្រមាណ ៤០០.០០០ នាក់ នឹងទទួលបានប្រយោជន៍ពីកម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី ៣ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៩ តាមរយៈការសាងសង់ និងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យចំនួន ២.៥០០ កន្លែង ព្រមទាំងការអនុវត្តយុទ្ធនាការលើកកម្ពស់ការយល់ដឹង យ៉ាងហោចណាស់ក្នុងភូមិចំនួន ៤០០ នៃខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា» ។
សេវាផ្គត់ផ្គង់ទឹក និងអនាម័យប្រកបដោយចីរភាព និងគួរឱ្យជឿជាក់បាន នៅតែបន្តមានភាពខ្វះខាតនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៧៧% នៃចំនួនប្រជាជនសរុបក្នុងប្រទេសចំនួន ១៦,៤ លាននាក់ រស់នៅ ។ ក្នុងឆ្នាំ ២០១៧ បើទោះបីជាគ្រួសារជនបទចំនួន ៧៣% មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ ទឹកស្អាតក៏ដោយ ប៉ុន្តែ មានតែ ១១% ប៉ុណ្ណោះ ក្នុងចំណោមគ្រួសារទាំងនេះទទួលបានការផ្គត់ផ្គង់ទឹកតាមរយៈ ការភ្ជាប់បណ្តាញបំពង់ទុយោ ។
ស្របគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទចំនួន ៥៦% មានលទ្ធភាពទទួលបានអនាម័យប្រសើរជាងមុន ហើយប្រជាពលរដ្ឋជនបទ ប្រមាណ ៤១% នៅតែបន្តអនុវត្តការបន្ទោបង់ពាសវាលពាសកាល ដែលអាចបង្កឱ្យមានជំងឺរាគរូស និងបញ្ហាសុខភាពសាធារណៈដទៃទៀត ។
អនុកម្មវិធីទី ២ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដែលបានទទួលការអនុម័តពីធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែកញ្ញា ឆ្នាំ ២០១៩ គាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមួយ ប្រកបដោយប្រសិទ្ធផល និងមានស្ថេរភាព ដែលជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែធំធេង ។ អន្តរាគមន៍សំខាន់ៗរួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន ជាពិសេសចំពោះគ្រួសារក្រីក្រនៅជនបទ និងសហគ្រាសធុនតូច និងមធ្យម ។ កម្មវិធីនេះក៏នឹងជួយលើកកម្ពស់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ព្រមទាំងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការណែនាំឱ្យស្គាល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុថ្មីៗផងដែរ ។
វិស័យហិរញ្ញវត្ថុរបស់កម្ពុជា កំពុងស្ថិតនៅដំណាក់នៃការអភិវឌ្ឍកាលបឋមនៅឡើយ និង រងការគ្របដណ្តប់ពីអនុវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ។ បើទោះបីជាមានការសម្រេចបានសមិទ្ធិផលការងារជាច្រើនកន្លងមកក៏ដោយ ប៉ុន្តែលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាននៅមានកម្រិតនៅឡើយ ជាពិសេសនៅតំបន់ជនបទ ។ ប្រជាជនស្ទើរតែមួយភាគបី ត្រូវបានផាត់ចេញទាំងស្រុង ដោយពួកគេគ្មានលទ្ធភាពក្នុងការទទួលបានសេវាកម្ម ហិរញ្ញវត្ថុក្នុងទម្រង់ណាមួយឡើយ ។ កិច្ចខិតខំក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន បានទទួលរងការរាំងស្ទះពីបញ្ហាអក្ខរភាពហិរញ្ញវត្ថុដែលនៅមានកម្រិតទាបនៅឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ