រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចបើកប្រាក់ខែ ជូនមន្ត្រីរាជការស៊ីវិល នៅក្នុងខែមេសា ខាងមុខនេះ សរុបតែម្តង បូកបន្ថែមនឹងប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ បានលើកឡើងថា យោងអនុក្រឹត្យលេខ ៣១ អនក្រ.បក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ មេត្តាជ្រាបថា នៅក្នុងខែមេសា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ចំនួន ៥០,០០០ (ប្រាំម៉ឺន) រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ ។
ប្រភពបានលើកឡើងថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងត្រូវ រៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៦ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែឧសភា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៦ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន ។
ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕


ចែករំលែកព័តមាននេះ