ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រក​ឃើញ​ស្ថានីយ៍ និង​ដេប៉ូ​លក់​ប្រេង​ជិត​២,០០០​កន្លែង បិទទ្វារ​ក្រោម​ហេតុផល​អស់​ស្តុក សង្ស័យ​រក្សា​ទុក​លក់​ពេល​ឡើងថ្លៃ​ខ្លាំង

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​ជា​ក្រុម​អន្តរក្រសួង សម្រាប់​កំណត់​រូបមន្ត​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា ក្រុម​ជំនាញ​ចម្រុះ​អន្តរក្រសួង…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​ជា​ក្រុម​អន្តរក្រសួង សម្រាប់​កំណត់​រូបមន្ត​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា ក្រុម​ជំនាញ​ចម្រុះ​អន្តរក្រសួង នឹង​ចុះ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​ចំពោះ​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បាន​បិទ​អាជីវកម្ម ក្រោយ​ហេតុផល អស់​ស្តុក​ផ្គត់ផ្គង់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម ។

ការ​ដាក់​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​នេះ បន្ទាប់​ពី​មាន​ស្ថានីយ៍​ប្រតិបត្តិការ​លក់រាយ​ប្រេងឥន្ធនៈ ជិត​២.០០០​កន្លែង បាន​បិទទ្វារ​បណ្ដោះអាសន្ន ក្រោម​ហេតុផល​«​អស់​ស្តុក​» ។

ថ្លែង​ក្នុង​បទ​អន្តរាគមន៍​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ការ​ពង្រឹង​ភាព​ធន់​ជាតិ និង​កាលានុវត្តភាព​នៃ​យុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​កម្ពុជា​» ដែល​រៀបចំ​ឡើង ដោយ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ ចម និម្មល បានឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​ប្រតិបត្តិការ​អាជីវកម្ម​ជាង​៦.៣០០​កន្លែង ប៉ុន្តែ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ មាន​ស្ថានីយ៍ ដេប៉ូ និង​អនុ​ស្ថានីយ៍​ប្រតិបត្តិការ​លក់រាយ​ប្រេងឥន្ធនៈ​ជិត ២.០០០​កន្លែង បាន​បិទទ្វារ​បណ្ដោះអាសន្ន ក្រោម​ហេតុផល​អស់​ស្តុក​។ ក្នុង​ចំណោម​ស្ថានីយ៍ ដែល​បាន​បិទទ្វារ​នេះ ត្រូវ​បាន​សង្ស័យ​ថា ម្ចាស់​ស្ថានីយ៍​រក្សា​ស្តុក​ទុក ដើម្បី​លក់​នៅ​ពេល​ឡើងថ្លៃ​ខ្លាំង ។

លោក​ជំទាវ បាន​ថ្លែង​ថា «​យើង​មាន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​។ ក្នុង​ករណី​រក ឃើញ​មាន​ប្រេងឥន្ធនៈ​ស្តុក​ទុក មិន​បញ្ចេញ​លក់​ឱ្យ​ប្រជាពលរដ្ឋ នឹង​រង​ការ​ពិន័យ និង​បិទ​អាជ្ញាប័ណ្ណ អាជីវកម្ម​ទាំងស្រុង​។ ប៉ុន្តែ​បើ​ក្នុង​ករណី​រក​ឃើញ​អស់​ស្តុក​មែន រដ្ឋ​នឹង​អន្តរាគមន៍​ជាមួយ​វិស័យ​ឯកជន ដែល​នាំ​ចូល​ប្រេងឥន្ធនៈ ដើម្បី​ផ្គត់ផ្គង់​លើ​ប្រតិបត្តិការ​អាជីវកម្ម​»​។ បើ​តាម​ការ​បង្ហើប​របស់​លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​, តម្លៃ​ប្រេងឥន្ធនៈ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត នេះ នឹង​មានការ​ធ្លាក់​ឡើង​វិញ បន្ទាប់​ពី​មាន​សញ្ញាណ​ល្អ​នៃ​តម្លៃ​លក់រាយ​នៅ​ម៉ោង​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែមីនា នេះ ។

សូម​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ​, រដ្ឋ​បាន​ចរចា​ជាមួយនឹង​ក្រុមហ៊ុន​ដែល​នាំ​ចូល​ប្រេង ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ឱ្យ​កុំ​ហក់​ឡើង​ខ្ពស់​ពេក​។ ដោយនៅ​ក្នុង​នោះ​ឱ្យ​តែ​តម្លៃ​ប្រេង​ឡើង​លើស​ពី​៩០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​បារ៉ែល គឺ​រដ្ឋ​ជួយ​ចេញ ខាត​៦,៥​សេន​ដុល្លារ ក្នុង​មួយ​លី​ត្រ ចំណែក​ក្រុមហ៊ុន​នាំ​ចូលរួម​ខាត​១​សេន​ដុល្លារ ក្នុង​មួយ​លី​ត្រ ។

យោង​លើ​ការ​ព្រមព្រៀង​លើ​រូបមន្ត​កំណត់​តម្លៃ​រវាង​អន្តរក្រសួង ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ដែល​ប្រកប អាជីវកម្ម​នៅ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ តម្លៃ​ប្រេងសាំង​ធម្មតា ត្រូវ​លក់ តម្លៃ​៥.២០០​រៀល ក្នុង​មួយ​លី​ត្រ​។ សម្រាប់​ប្រេងម៉ាស៊ូត ៦.០៥០​រៀល ក្នុង​មួយ​លី​ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ