រាជធានីភ្នំពេញ ៖ ឆ្នាំនេះ សភាពការណ៍សន្តិសុខមានការវិវត្តប្រែប្រួលស្មុគស្មាញដោយអន្លើ បណ្តាលមកពីសកម្មភាពមួយចំនួនដូចជា ការឆ្លៀតយកបញ្ហាទំនាស់ដីធ្លី ការតាំងទីលំនៅ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ការងារ ដោយមានការលូកដៃចូលពីអ្នកនយោបាយ សង្គមសុីវិល និងសហជីពមួយចំនួន បង្កើតឱ្យមានបាតុកម្ម-កូដកម្ម ចំនួន៨៤២លើក ដែលមានករណីមួយចំនួនបានឈានដល់អំពើហិង្សា និងការបិទផ្លូវសាធារណៈ ។
ជាពិសេសនាដំណាក់កាលចុងក្រោយ បានប្រែក្លាយទៅជាបែបផែនកុបកម្ម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន គំរាមដុតបំផ្លាញរោងចក្រ គំរាមកំហែងអាយុជីវិតអ្នកវិនិយោគ និងបានវាយប្រហារទៅលើកម្លាំងមានសមត្ថកិច្ច ។ នេះបើយោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបស្នាដៃ និងសមិទ្ធផលរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៤ ដែលថ្លែងដោយលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាឱកាសមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៤) នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ឧសភា ។
បើតាមសុន្ទរកថារបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា ប្រឈមមុខចំពោះសភាពការណ៍ដ៏លំបាកនេះ ខាងកម្លាំងនគរបាលជាតិបានស៊ូទ្រាំអត់ធ្មត់ចំពោះពាក្យជេរតិះដៀលអសុរោះ ការគប់ដុំថ្ម ដំបង និងគ្រាប់បែកសាំង រហូតដល់មានរបួសជាច្រើននាក់ ទើបបង្ខំឱ្យមានការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេសកងរាជអាវុធហត្ថចាត់វិធានការតាមតួនាទី ដែលច្បាប់ប្រគល់អំណាចឱ្យដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ ប្រឆាំងតបនឹងឧបាយកលដ៏ពិសពុល រក្សាបានមកវិញនូវរបៀបរៀបរយសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យជីវភាពសង្គមវិលមករកប្រក្រតីភាពឡើងវិញ ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនអនាធិបតេយ្យចំនួន២៣នាក់ និងសហការសើុបអង្កេតចាប់ខ្លួនជនល្មើស៧នាក់ទៀតជាសកម្មជនក្នុងចលនាអំណាចពលរដ្ឋខ្មែរ ពីបទញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាល រួចបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ។
ដោយឡែក របាយការណ៍ដដែល ក៏បានបង្ហាញថា ក្នុងឆ្នាំ២០១៣កន្លងទៅ បទល្មើសឧក្រិដ្ឋមានការថយចុះរហូតដល់៦% គឺថយចុះចំនួន៤៨លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ក្នុងនោះឃាតកម្មថយចុះ៥៦លើក ស្មើនឹង១៩% រំលោភសេពសន្ថវៈថយចុះ៦៤លើក ស្មើនឹង២៣% ប៉ុន្តែបទល្មើសប្លន់បានកើនឡើង៧៥លើក ភាគច្រើននៅរាជធានីភ្នំពេញ ។ ដើមឆ្នាំ២០១៤នេះ នគរបាលធ្វើការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់ ដោយបង្ក្រាបបាន១.៩១១ករណី ស្មើនឹង៧០,៣៦% លើចំនួនបទល្មើសដែលកើតមានចំនួន២.៧១៦ករណី និងបានឃាត់ខ្លួនជនល្មើសចំនួន២.៦៩៥នាក់ ដោយចាប់យកវត្ថុតាងជាច្រើន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ