ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ជ្រូក និង​គ្រឿងក្នុង​ជាង​១​តោន​នាំ​ចូល​ពី​ថៃ​ត្រូវ​ដុត​កម្ទេច​ចោលថ្ងៃនេះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ហោះ​ជា​ផ្លូវការ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឃាត់​រ៉ឺ​ម៉ក​ទ្រុង​ដឹក​គ្រឿងក្នុង​ជ្រូក ជើង​ជ្រូក…

រាជធានី​ភ្នំពេញ ៖ តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ហោះ​ជា​ផ្លូវការ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឃាត់​រ៉ឺ​ម៉ក​ទ្រុង​ដឹក​គ្រឿងក្នុង​ជ្រូក ជើង​ជ្រូក សាច់​ជ្រូក​ដែល​ខូចគុណភាព​ចំនួន​ជាង​១​តោន ដែល​ឈ្មួញ​បាន​លួច​នាំ​ចូលពី​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។

តាម​មន្ត្រី​ជំនាញ​ដែល​ចុះ​បង្ក្រាប​ករណី​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ដឹង​ពី​ឈ្មួញ​ទុច្ចរិត​មួយ​ក្រុម​បាន​នាំ​ចូល​សាច់​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ដែល​ដឹក​តាម​រថយន្តក្រុង​នោះ លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចាត់តាំង​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ទៅ​ស្ទាក់​ចាប់ ដើម្បី​យក​មក​កម្ទេច​ចោល ។

ជាក់ស្តែង​កម្លាំង​ជំនាញ​បាន​ទៅ​ឃាត់​រ៉ឺ​ម៉ក​ដឹក​សាច់​ជ្រូក ជើង​ជ្រូក និង​គ្រឿង​ជ្រូក​ក្នុង​នៅ​ក្បែរ​វត្ត​ថ្វាយ​ដង្គំ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ដែល​ឈ្មួញ​បាន​ទម្លាក់​ចេញពី​រថយន្តក្រុង បំណង​យក​ទៅ​លក់​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​សេដ្ឋកិច្ច​បន្ត​ថា ពេល​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ទាំង​ម្ចាស់ តែ​ត្រូវ​បាន​អប់រំ និង​អនុ​ញ្ញាត​ឲ្យ​ទៅ​វិញ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​រកស៊ី​នាំ​ចូល​សាច់​ជ្រូក ជើង​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ដែល​ខូចគុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ដូច្នេះ​ទៀត ។ ចំណែក​សាច់​ជ្រូក និង​គ្រឿងក្នុង​ជាង​មួយ​តោន ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ដុត​កម្ទេច​ចោល នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ