ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អរគុណ​ប្រទេស​កា​ណា​ដា​ជួយ​កម្ពុជា​ក្នុង​ការ​កម្ចាត់​មីន អប់រំ បេសកកម្ម ថែរក្សា​សន្តិភាព និង​ប្រែប្រួល​អាកាសធាតុ

4 ឆ្នាំ មុន

ថៃ ៖ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពេល​ដែល​លោក​ទទួល​ជួប​លោក​ជំទាវ Donica Pottie…

ថៃ ៖ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពេល​ដែល​លោក​ទទួល​ជួប​លោក​ជំទាវ Donica Pottie ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​នេះ នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ផ្ទាល់ខ្លួន​របស់​លោក​ជំទាវ ក្នុង​ការ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​សបញ្ជាក់​តាម​រយៈ​កំណើន​យ៉ាង​លឿន​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កា​ណា​ដា ។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ តាម​រយៈ​លោក​ជំទាវ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កា​ណា​ដា​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ជា​ពិសេស​លើ​វិស័យ​កំចាត់​មីន អប់រំ បេសកកម្ម​ថែរក្សា​សន្តិភាព និង​ការ​ប្រែប្រួល​អាកាសធាតុ ។

ក្នុង​ក្រប​ខណ្ឌ​អាស៊ាន លោក​បាន​បញ្ជាក់​ថា កម្ពុជា​គាំទ្រ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) អាស៊ាន​-​កា​ណា​ដា ។ ពាក់ព័ន្ធ​នឹង​ការ​បំពេញភារកិច្ច​របស់​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​ក្តី​រីករាយ​ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព ដែល​មាន​ចំនួន​សរុប​ជាង​៣០០​នាក់ ឬ​ប្រហែល​៥% នៃ​កងកម្លាំង​មួក​ខៀវ​សរុប​របស់​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ Donica Pottie ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល​ដល់​ការ​បំពេញបេសកកម្ម​ការទូត​របស់​លោក​ជំទាវ​នៅ​កម្ពុជា ។ ចំពោះ FTA អាស៊ាន​-​កា​ណា​ដា លោក​ជំទាវ បាន​ស​ង្ឈឹ​ម​ថា កិច្ចព្រមព្រៀង​នេះ​នឹង​មានកា​រវិ​វត្ត​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ។

ដោយឡែក​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ​លោក​ជំទាវ បាន​កត់​សម្គាល់ថា ក្រោយ​ពេល​ប្រទេស​កា​ណា​ដា​បាន​បើក​ឲ្យ​ដំណើរ​ការិយាល័យ​ស្ថានទូត​កា​ណា​ដា​នៅ​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​រហូត​ដល់​៨០០% ។ ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) វិញ លោក​ជំទាវ​បាន​សង្កត់ធ្ងន់​ថា កា​ណា​ដា​ផ្តល់​ភាព​អនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​មិន​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ឡើយ ។

ក្នុង​ពេល​នោះ​ដែរ​លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ថា កា​ណា​ដា​បាន​បង្កើត​មូលនិធិ​សម្រាប់​ការ​បញ្ជូន​កងកម្លាំង​ស្ត្រី​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហើយ​តាម​រយៈ​មូលនិធិ​នេះ លោក​ជំទាវ​សង្ឃឹមថា កម្ពុជា​នឹង​ទទួល​បាន​មូលនិធិ​បន្ថែម​សម្រាប់​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កែសម្រួលដោយ