ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ដ៏​បរិ​សុ​ទ្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​អង្គ​ទ្រង់​គ្រង​រាជសម្បត្តិ​គម្រប់​១៥​ឆ្នាំ​ហើយ​(២៩​តុលា​២០០៤-២៩​តុលា ២០១៩) ។ ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ។…

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​អង្គ​ទ្រង់​គ្រង​រាជសម្បត្តិ​គម្រប់​១៥​ឆ្នាំ​ហើយ​(២៩​តុលា​២០០៤-២៩​តុលា ២០១៩) ។ ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ។ ទ្រង់​ជា​ព្រះរាជបុត្រ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន រោ​ត្ដម សីហ​នុព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេចព្រះ​មហា​ក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ។ ព្រះ​អង្គ​ត្រូវ​បានក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃព្រះរាជាណា ចក្រ​កម្ពុជា បន្ត​ពី​ព្រះ​បិតា​ដែល​ព្រះ​អង្គ​បាន​ដាក់រាជ្យ កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០០៤ ។ ព្រះ​អង្គ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ចាត់​ទុក​ថា​ជា​ព្រះមហាក្សត្រ​១​អង្គ​ដែល​បរិសុទ្ធ បំផុត មិន​ជាប់​ទាក់ទិន​នឹង​ប្រវត្តិ​នយោបាយ​ណាមួយ​ឡើយ ។

ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ព្រះ​រៀម និង​ព្រះ​អនុជ​មាតា​ទីទៃ​សរុប​ចំនួន​១៣​អង្គ ។ ព្រះ​អង្គ​មាន​ព្រះ​អនុជបង្កើត​តែ​មួយ​អង្គ​គត់ គឺ​សម្តេច នរោត្តម ន​រិ​ន្ទ្រ​ពង្ស ដែល​ពេល​នេះ​ព្រះ​អង្គ​បាន​សោយ​ទិវង្គត​ទៅ​ហើយ​(១៩៥៤-២០០៣) ។ អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ដោយ​លោក​សេនាប្រមុខ លន់ ន​ល់ ព្រះ​អង្គ​ស្តេច​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ជា​ប្រទេស​អឺរ៉ុប​ខាងកើត​ដែល​ប្រកាន់ខ្ជាប់​នយោបាយ​សង្គមនិយម​ស្និទ្ធ​នឹង​សហភាព​សូ​វៀត ។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រា​គ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េ​ខាងជើង ។

នៅ​ឆ្នាំ​១៩៧៧ ព្រះ​អង្គ​យាង​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ ។ ភ្លាម​ៗ​នោះ ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បាន​ប្រឆាំង​នឹង​រាជា​និយម និង​បាន​ឃុំ​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ជាមួយ​ព្រះរាជ​វង្សានុវង្ស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៩ ។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ទី​ក្រុងប៉ារីស ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និង​បាន​ទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ ។ ព្រះ​អង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះ​អង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រា​គជា​រឿយ​ៗ ជាទី​ដែល​ព្រះ​អង្គ​បាន​ចំណាយពេល​យ៉ាងច្រើន ក្នុង​ព្រះ​ជន្ម​ក្មេង​វស្សា ។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែ​មួយ​គត់ ដែល​មាន​ព្រះ​សមត្ថភាព​មាន​ព្រះ​បន្ទូល​ជា​ភាសា​ឆែក ។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះ​អង្គ​ត្រូវ​បាន តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូ​ណេ​ស្កូ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ជាទី​ដែល​ព្រះ​អង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការ​តស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា ។ ព្រះ​អង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែងតាំង​ព្រះ​អង្គជ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ។ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះ​អង្គ​ត្រូវ​បាន​ជ្រើសរើស​ជា​ឯកច្ឆន្ទ ដោយ​សមាជិក​ទាំង​៩​រូប​នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត​ជា​ផ្នែកមួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់រហ័ស​និង​សម​ស្រប ក្រោយ​ពី​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ដាក់រាជ្យ​នៃ​សម្តេចព្រះ នរោត្តម សីហ​នុកាលពី​មួ​យស​ប្តា​ហ៍​មុន ។

ការ​ជ្រើសរើស​នេះ គឺ​ស្រប​តាម​ការ​យល់ព្រម​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ​នរោ​ត្តម រណឫទ្ធិ ព្រះប្រធាន​រដ្ឋសភា ដែល​ជា​ព្រះ​រៀម​មាតា​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី និង​មាតា​សុទ្ធតែ​ជា​សមា​ជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ។ សម្តេចព្រះ​បរមនាថនរោត្តម សីហ​មុនី ទ្រង់​ឡើង គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​សុក្រ​ទី​២៩ ខែតុលា ឆ្នាំ​២០០៤ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ ។ ចំពោះ​ការ​សិក្សា​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម និង​វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ ។

បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​រាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រា​គ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី នា​ឆ្នាំ​១៩៦២ ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ រហូត​ដល់​ឆ្នាំ​១៩៧៥ ។ ព្រះ​អង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក យ៉ាង​ស្ទាត់ជំនាញ ។

ក្រៅពី​នេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ជា​ភាសា​អង់គ្លេស និង​រុ​ស្សុ​ី​បាន​យ៉ាង​ប្រសើរ​ដែរ ។ ពេល​ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យ៍ងារ​ជា «​ស្ដេច​ក្រុមឃុន​» ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហ​នុ ទ្រង់​ព្រះ​រាជទាន នា​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​ដំឡើង​ជា «​សម្ដេចព្រះ​បរមនាថ​» នា​ថ្ងៃ​ទី​៣១ ខែសីហា​ឆ្នាំ​២០០៤ ។

ព្រះ​រាជាភិសេក​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ គឺ​សម្ដេចព្រះ​ន រោ​ត្ដម សីហ​នុ ទ្រង់​ដាក់​រាជសម្បត្តិ ។ ព្រះ​អង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា ។ ព្រះរាជ​ពិធី រាជាភិសេក​ព្រះ​អង្គជា​ផ្លូវការ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០០៤ ។

ព្រះ​បរម​នាម​ក្នុង​រាជ្យ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី គឺ​៖ «​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី សមាន​ភូមិ ជាតិ​សាសនា រ​ក្ខ​ត​ខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជា​ឯករាជ​រដ្ឋ បូ​រណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង កម្ពុជា​ធិ​បតី​» ប្រែ​សេចក្ដី​ថា​៖ «​អ្នកបម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមីភក្តិ និង​ភក្ដីភាព ។

មហាក្សត្រ​ដែល​ព្រះពុទ្ធ និង​ព្រះឥន្ទ្រ​លោក​ឧបត្ថម្ភ ។ អ្នក​រួបរួម​ខេមរជន​ទាំងអស់ ។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​សុភមង្គល សេរីភាព និង​វិបុលភាព​របស់​ប្រជារាស្ត្រ​ខ្មែរ​» ។ ព្រះ​នាម​របស់​ព្រះ​អង្គ គឺ​បាន​មក​ពី​ការ​ផ្សំគ្នា​រវាង​ព្រះ​នាម​របស់​ព្រះ​មាតាបិតា​ព្រះ​អង្គ​គឺ សីហ​(​សីហ​នុ​) និង​មុនី​(​មុនិនាថ​) ។

គ្រឿង​ឥស្សរិយយស
-​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍
-​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍
-​មន្ត្រី​ធំ​នៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង
-​មេដាយ​ប្រាក់​នៃ​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង

ក្នុង​ឱកាស​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា​នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៥ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​សម្ដែង​ថ្វាយ​នូវ​មនោសញ្ចេតនា​យ៉ាង​ស្មោះស្ម័គ្រ ប្រកប​ដោយ​ភក្ដីភាព និង​សូម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​ជ័យ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហា​ប្រសើរ​គ្រប់​ប្រការ ប្រកបដោយ​កតញ្ញុតាធម៌ និង​ព្រះរាជ​មហាករុណា​ទិ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះរាជ​បញ្ញាញាណ​ឈ្វេងយល់​ដ៏​ឈ្លាសវៃ និង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា ប្រកបដោយ​ព្រះ​គុណធម៌ ព្រះ​មនុស្សធម៌​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ របស់​ព្រះករុណា​ថ្លៃ​វិសេស​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​រួមចំណែក​យ៉ាង​ថ្លៃថ្លា ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​-​សង្គម ឆ្ពោះទៅ​កាន់​ភាព​ចម្រុងចម្រើន​ថ្កុំថ្កើង​រុងរឿង ។

ជា​ថ្មី​ម្ដងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់​គ្នា សូម​ព្រះ​បរម​រាជា​នុញ្ញាត​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតច្ឆត្រ បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះ​អង្គ ជា​ពិសេស​បុណ្យ​បារមី​ព្រះ​បរម​រតន​កោដ្ឋ និង​ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី សូម​ព្រះ​អង្គ​តាម​ជួយ​ថែរក្សា អភិបាល​ប្រោះព្រំ​នូវ​សព្ទសាធុការពរ​ជ័យ​គ្រប់​ប្រការ ដើម្បី​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ និង​សេចក្ដីសុខ​ក្សេមក្សាន្ត​ចម្រើន​រុងរឿង​ដល់​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ និង​សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​អង្គ​ទ្រង់​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ដ៏​ឧត្ដុង្គ​ឧត្ដម​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​និច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ