រាជធានីភ្នំពេញ ៖ ទោះបីជាអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសថានឹងមកកម្ពុជានៅថ្ងៃទី០៩ វិច្ឆិកា យ៉ាងណាក្តីរហូតមកដល់ពេលនេះលោកមិនទាន់បានបញ្ជាក់ថា នឹងមកតាមផ្លូវណានោះទេ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ កាលពីថ្មីៗនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា ៖«លទ្ធភាព គឺយើងបើកចំហរទាំងអស់ តែយើងអត់បញ្ជាក់ទៅតាមណាទេ ដូចអ្វីដែលខ្ញុំបានប្រាប់អីចឹង គឺយើងនឹងប្រាប់៣ថ្ងៃមុននៃថ្ងៃ០៩ វិច្ឆិកា ទើបយើងប្រាប់លម្អិត ។ តែឥឡូវ បើយើងប្រាប់ឥឡូវនេះ វានាំមកជាការលំបាកក្នុងការអនុវត្តផែនរបស់យើងទេ» ។
យ៉ាងណាក្តី លោកមិនបានបញ្ជាក់ថា មកតាមផ្លូវណានោះទេ សម្រាប់មកកម្ពុជា ។ ដោយលោកបានអះអាងយ៉ាងដូច្នេះថា ៖«ផ្លូវអីក៏បានដែរ… យើងមិនអាចសន្និដ្ឋានបានទាល់តែ សោះព្រោះថា គោលការណ៍បុគ្គលម្នាក់នៅទីកន្លែងមួយក្នុងរយៈពេលមួយមិនអាចយកជា ការបានទេ» ។ ការលើកឡើងរបស់លោក សម រង្ស៊ីនេះ បន្ទាប់ពីលោកស្រី មូរ សុខហួរ ត្រូវបានសមត្ថកិច្ចថៃមិនអនុញ្ញាតឲ្យជាន់ទឹកដីថៃនោះទេ ខណៈលោកស្រីមានបំណងចុះចតនៅ ក្នុងទឹកដីថៃ ។
ទោះបីជាលោកស្រីមូរ សុខហួរ មិនត្រូវបានថៃឲ្យចុះចតយ៉ាងណាក្តីលោក សម រង្ស៊ី បាន អះអាងលោកមានផ្លូវសម្រាប់ទៅជាន់ទឹកដីថៃ ដោយវិធីរបស់លោក ប៉ុន្តែលោកមិនបានប្រាប់ វិធីនោះទេ ។ លោកថា នឹងមានការចរចាមួយភាគីថៃ ដើម្បីបានចុះចតនៅទឹកដីថៃ ។ លោកបញ្ជាក់ថា ៖«ខ្ញុំមិនអាចបញ្ជាក់បានទេ ! ខ្ញុំនិយាយទេ ពីព្រោះខ្ញុំមានសេនាវិយោគដែលបានរៀបចំ និងគ្រោងទុក ដូច្នេះយើងចាំដល់ថ្ងៃយើងនឹងឃើញ» ។
លោកបន្តថា សេនាវិយោគដែលខ្ញុំនឹងជាន់ទឹកដីខ្មែរនោះ គឺប្រជាពលរដ្ឋ និងងើបឈរព្រមគ្នា ហើយក៏មានកងកម្លាំងប្រដាប់អាវុធផងដែរ ។ រូបនេះមិនមែនរូបភាពរដ្ឋប្រហារទេ តែជា អំណាចប្រជាពលរដ្ឋ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ