ឮសូរសំឡេងផ្ទុះចេញអណ្តាតភ្លើងពីរថយន្តទើបទិញថ្មី ផ្អើលព្រលានយន្តហោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តឡិចស៊ីស RX470 ថ្មីស្រឡាងមួយគ្រឿង ដែលទើបនឹងទិញថ្មីរបស់លោកអនុប្រធានអន្តោប្រវេសន៍ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវអគ្គិភ័យឆាបឆេះផ្នែកខាងមុខខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិ និងអន្តរជាតិមកចោមរោមមើល កាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ១ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសន្តិសុខប្រចាំការនៅក្នុងព្រលានយន្តហោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានមុខងារជាអនុប្រធានអន្តោប្រវេសន៍ បានបើករថយន្តឡិចស៊ីស RX 470 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-1902 បើកចូលក្នុងព្រលានយន្តហោះតាំងពីព្រឹកដួចសព្វមួយដង លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឮសូរសំឡេងផ្ទុះហុយផ្សែងចេញជាអណ្ដាតភ្លើង បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិភ័យស្លន់ស្លោតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសន្តិសុខបម្រើការងារក្នុងព្រលានយន្តហោះ និងសមត្ថកិច្ចមកជួយអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន១៥បំពង់ ក្នុងនោះបំពង់ធំចំនួន១ និងតូចចំនួន១៥ ។ ខណៈពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏បានចុះត្រួតពិនិត្យក្នុងករណីឆេះរថយន្តខាងលើផងដែរ ដោយមិនមានប៉ះពាល់ដល់រថយន្តផ្សេងៗទៀតដែលនៅក្បែរនោះទេ និងមិនបង្កឱ្យមានអ្នកណាម្នាក់រងបួសឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តនឹងរៀបចំហៅរថយន្តស្ទូច ដើម្បីយករថយន្តឡិចស៊ីស RX470 ខាងលើនេះ ទៅជួសជុលដោយខ្លួនឯង ។ (កែសម្រួលដោយ ៖ បុប្ផា)


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ