ឈ្មួញនៅតែហ៊ាន ! ឡានដឹកឈើមួយគ្រឿងមកពីព្រះវិហារ
- សៀមរាប
ខេត្តសៀមរាប ៖ ទោះបីមានការបញ្ជាយ៉ាងតឹងរឹុងពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាការរឹតបន្តឹងពីអាជ្ញាធរខេត្តយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែលួចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះ វិហារ ឆ្លងកាត់តាមស្រុក ស្វាយលើ ចូលមកចែកចាយលក់តាមដេប៉ូនានា នៅក្នុងក្រុងសៀមរាបដោយរលូន គ្មានសមត្ថកិច្ចឬមន្ត្រីជំនាញនៅតាមដងផ្លូវធ្វើការឆែកឆេរឡើយ រហូតដល់ក្នុងក្រុងទើបឃើញសមត្ថកិច្ចចម្រុះចុះបង្ក្រាបតែម្តង ។

ជាក់ស្ដែង កាលពីរសៀលថ្ងៃទី២៦ ខែតុលា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយខាងរដ្ឋបាលព្រៃឈើបានចាប់ឃាត់រថយន្ត១គ្រឿងម៉ាកនីស្សាន់ ពណ៌សលាយខៀវ គ្មានផ្លាកលេខ ចំណុះ១,៥តោន នៅក្នុងដេប៉ូ១កន្លែងរបស់ឈ្មោះ សៀម ស៊ុយភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចដឹងថា បន្ទាប់ពីចាប់ឃាត់ក៏ប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីដើម្បីចាត់ការតាមច្បាប់ស្តីពីព្រៃឈើ ប៉ុន្តែអ្នកបើកបររថយន្តបានគេចខ្លួនបាត់ បន្ទាប់ពីសមត្ថកិច្ចទៅដល់ ។ ប្រភពព័ត៌មានឲ្យដឹងទៀត ថា ឈើដែលដឹកតាមរថយន្តនេះ ត្រូវបាន មន្ត្រីរដ្ឋបាលព្រៃឈើរាប់ឃើញមានឈើអារប្រភេទលេខ១ ផ្ចឹកចំនួន ២១៤ដុំ ស្មើនឹងជាង៥ម៉ែត្រគូប ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចនិងមន្ត្រីជំនាញ មិនបានបង្ហាញឈ្មោះម្ចាស់រថយន្តដឹកឈើខាងលើឲ្យដឹងនៅឡើយទេ ។

គួរបញ្ជាក់ថា នៅខេត្តសៀមរាប សកម្មភាពដឹកជញ្ជូនឈើនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យដូចជានៅឃុំខ្វាវ ស្រុកជីក្រែង និងស្រុកស្វាយលើជាដើម ខណ:នៅតាមដងផ្លូវ មានស្នាក់ការសមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យង ។ ប៉ុន្តែសកម្មភាពនៃការដឹកជញ្ជូនឈើរបស់ឈ្មួញ នៅតែអាចបើកចូលក្រុងសៀមរាបបានដោយសេរី ដោយមិនឃើញមានសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់ធ្វើការហាមឃាត់ឡើយ ៕










ចែករំលែកព័តមាននេះ