តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កំពូលតារាឆ្នើមរបស់ក្រុម FC Barcelona កីឡាករ Lionel Messi ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមផ្សេងៗទៀត បានបង្ហើបប្រាប់ពីឈ្មោះខ្សែប្រយុទ្ធឆ្នើមបំផុតដែលគាត់ធ្លាប់បានឃើញ។
ដោយមាន ៦៧៤គ្រាប់ជាប់ជាមួយនឹងឈ្មោះរបស់ Messi កីឡាករអាហ្សង់ទីនវ័យ ៣២ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ដែលលេចធ្លោជាងគេ។ កីឡាករនិងគ្រូបង្វឹកជាច្រើននាក់ពីអតីតកាលនិងបច្ចុប្បន្ន បានឈានដល់ការដាក់ឈ្មោះ Messi ថាជា«មនុស្សក្រៅភព»ដោយបញ្ជាក់ថា អ្វីដែលគាត់ធ្វើជាមួយបាល់នៅនឹងជើងរបស់គាត់ គឺជាអ្វីដែលមានតែមនុស្សក្រៅភពទេអាចធ្វើបាន។

តែសម្រាប់ Messi ផ្ទាល់គេគិតថា អតីតជើងខ្លាំងរបស់ប្រេស៊ីល Ronaldo Nazario គឺជាកីឡាករឆ្នើមជាងគេបំផុតក្នុងចំណោមខ្សែប្រយុទ្ធទាំងឡាយ។ Messi បានប្រាប់សារព័ត៌មាន TyC Sports ថា៖«Ronaldo (Nazario) គឺជាកីឡាករដ៏អស្ចារ្យមួយ ក្នុងចំណោមខ្សែប្រយុទ្ធទាំងអស់ ដែលខ្ញុំធ្លាប់បានឃើញ។ គាត់គឺពិតជាពូកែបំផុត។ គាត់ធ្វើរឿងមិនគួរឱ្យជឿ»។
គួរបញ្ជាក់ផងដែរថា Ronaldo បានក្លាយជាកីឡាករក្មេងជាងគេដែលឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ១៩៩៦ ដែលកាលនោះមានអាយុ ២០ឆ្នាំ ហើយនៅតែត្រូវបានគេគិតថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ