រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាវិស្វករម្នាក់ ខណៈបើកបរម៉ូតូមួយគ្រឿងម៉ាកPCXក្នុងល្បឿនយ៉ាងលឿនសង្ស័យរេចង្កូតជ្រុលទៅបុកដើមលឿងរាជមួយដើមដែលគេដាំនៅក្នុងបុរី បណ្តាលអោយបោកក្បាលស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅចំណុចបុរីហេងហៀង ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ រត្ន័ថា ភេទប្រុស អាយុប្រហែល២៤ទៅ២៥ឆ្នាំ ជាវិស្វករ មានស្រុកកំណើតនៅខេត្តក្រចេះ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកភីស៊ីអិច (PCX) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១FF-៨៨៥៨។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកភីស៊ីអិច ដោយមិនមានពាក់មួកសុវត្ថិភាពនោះទេ ហើយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ សង្ស័យអ្នកបើកបរម៉ូតូងោកមួយភាំងបានជារេចង្កូតទៅស្តាំដៃបុកនឹងដើមលឿងរាជយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូបោកក្បាលស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាតខ្ទេចអស់មួយកំណាត់មុខទាំងស្រុង ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទៅអោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យនៅកំណើតខេត្តក្រចេះទៅតាមប្រពៃណីរីឯម៉ូតូវិញត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ