តាមប្រភពព័ត៌មាន Business Insider បានឱ្យដឹងថា កីឡាករប្រដាល់ក្នុងទ្រុង UFC លំដាប់ពិភពលោក Conor McGregor ចង់ឡើងប្រកួតជាមួយនឹងតារារ៉េប 50 Cent ព្រោះតែតារាម្នាក់នេះចេះតែយករូបរបស់ Conor ទៅធ្វើជារូបកំប្លែង (Meme)។
រូបថតមួយដែល 50 Cent បង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីឆ្នាំមុន បានបង្ហាញរូប McGregor តែងខ្លួនធ្វើជា Britney Spears កាន់ឆត្រនៅជិតឡានរបស់គេ ។ រូបនេះត្រូវបានបង្ហោះភ្លាមៗ បន្ទាប់ពី McGregor វាយប្រហារលើឡានក្រុងមួយដែលដឹកអត្តពលិក UFC ហើយបង្ករបួសស្នាមដល់មនុស្សនៅក្នុងនោះ ។
នៅពេលដែល McGregor ត្រូវបានដៃគូប្រកួតវាយសុះសាច់កាលពីខែតុលាឆ្នាំមុន នៅ UFC 229 តារាចម្រៀងរ៉េប 50 Cent បានបង្ហោះរូបជាមួយនឹងសារសើចឌឺដងមួយនៅលើ Twitter ។ McGregor ដឹងច្បាស់អំពី Meme ទាំងនេះ ហើយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះនៅទីក្រុងមូស្គូថា៖ «ខ្ញុំចង់ឡើងប្រកួតជាមួយនឹងគាត់»។
McGregor បានបន្តថា៖ «គាត់បានចាប់ផ្តើមឌឺដងប្រឆាំងនឹងខ្ញុំនៅលើបណ្តាញសង្គម ជាពិសេសលើ Instagram ដែលតែងតែបង្ហោះរូបឌឺរហូត។ រាល់ពេលខ្ញុំប្រើអ៊ីនធើណេត ខ្ញុំតែងឃើញ 50 Cent បង្ហោះរូប Meme ឆ្កួតៗ។ ខ្ញុំបានចូល Comment ថា ៖ ប្រុសចាស់លើអ៊ីនធើណេត ដែលតែងបង្ហោះរូប Meme ឆ្កួតៗ។ ភ្លាមនោះ គាត់ក៏ប្លុកខ្ញុំ»។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន McGregor បាននិយាយថា គាត់គ្រោងនឹងវិលត្រឡប់មកប្រកួតនៅ UFC វិញនៅខែមករា នៅឡាសវេហ្គាស ដោយបន្ថែមថាគាត់ចង់ប្រយុទ្ធបីដងនៅឆ្នាំ ២០២០ ៕
ប្រភព ៖ businessinsider , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ