ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អគារ​ទឹកប្រាក់​៥០០​លាន​ដុល្លារ​ចាប់ផ្ដើម​សង់​នៅ​ទឹកដី​មាត់សមុទ្រ​ខណៈ​ពលរដ្ឋ​តំបន់​នេះ​ជួប​បញ្ហា

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​កំពស់​៣៨​ជាន់​មួយ​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​សាងសង់​នៅ​ក្នុង​ទឹកដី​នៃ​មាត់សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេល​ខេត្ត​នេះ​កំពុង​មាន​បញ្ហា​ច្រើន​ប្រភេទ រួម​ទាំង​បញ្ហា​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​មាត់សមុទ្រ​កំពុង​រង​ផល​ប៉ះពាល់​វ័ណ្ឌក នឹង​បំណុល​ធនាគារ​ដោយសារ​តែ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ជា​បន្តបន្ទាប់ ក្រោយ​រដ្ឋាភិបាល​សម្រេច​បិទ​ហ្គេ​ម​អន​ឡាញ ។ ​គម្រោង​អគារ​ដែល​ត្រូវ​សាងសង់​នេះ​ជា​គម្រោង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម…

​រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​កំពស់​៣៨​ជាន់​មួយ​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​សាងសង់​នៅ​ក្នុង​ទឹកដី​នៃ​មាត់សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេល​ខេត្ត​នេះ​កំពុង​មាន​បញ្ហា​ច្រើន​ប្រភេទ រួម​ទាំង​បញ្ហា​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​មាត់សមុទ្រ​កំពុង​រង​ផល​ប៉ះពាល់​វ័ណ្ឌក នឹង​បំណុល​ធនាគារ​ដោយសារ​តែ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ជា​បន្តបន្ទាប់ ក្រោយ​រដ្ឋាភិបាល​សម្រេច​បិទ​ហ្គេ​ម​អន​ឡាញ ។

​គម្រោង​អគារ​ដែល​ត្រូវ​សាងសង់​នេះ​ជា​គម្រោង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រួម​មាន​កាស៊ីណូ សណ្ឋាគារ​ផ្កាយ​៥ និង​អគារ​ការិយាល័យ​សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ក្នុង​ប្រទេស​កម្ពុជា ។ បើ​តាម​លោក ឬ​ទ្ធី សំណាង ម្ចាស់​គម្រោង​អគារ មួយ​នេះ​បានអោយ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃដី​សាងសង់​ទំហំ​ប្រមាណ​១០​ហិច​តា​ដែល​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ​លោក​បាន​បន្ត​ថា «​ការ​សាងសង់​គម្រោង​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ពោល​គឺ​មាន​ផែនការ​ច្បាស់លាស់ ដែល​គម្រោង​នេះ​ដែរ នឹង​អាច​ទាក់ទាញ​វិនិយោគិន​ដទៃ​ទៀត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់​ទេសចរណ៍​ក៏​មាន​សក្ដានុពល​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក ឬ​ទ្ធី សំណាង

លោក​បាន​បន្ថែម​ទៀត​ថា កន្លង​មក​ភ្ញៀវ​ទេសចរ ដែល​មក​លេង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មួយ​ចំនួន​តែងតែ​ត្អូញត្អែ ពី​ការ​អត់​មាន​កន្លែង​សម្រាប់​ស្នាក់​នៅ​និង​កំសាន្ត ដោយ​ឃើញ​នូវ​បញ្ហា​នេះ​ហើយ ទើប​យើង​ត្រូវ​សម្រេចចិត្ត​បណ្ដាក់ទុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក ដែល​នឹង​ចូល​មក​ទស្សនា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ម្យ៉ាងទៀត​សក្ដានុពល​ខេត្ត​ព្រះ​សីហ​នុ មាន​ច្រើន​ណាស់ ជាក់ស្ដែង មាន​កំពង់​ផែ​ទឹក​ជ្រៅ សម្រាប់​ដឹក​ទំនិញ និង​ទទួលភ្ញៀវ មាន​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​កំពុង​ទាក់ទាញ ភ្ញៀវ និង​អ្នក​វិនិយោគ ហើយ​ក៏​បាន​ត​ភ្ជាប់​ជើងហោះហើរ​ថ្មី​ៗ​ជា​ច្រើន​ទៅ​កាន់​គោលដៅ​លើ​ពិភពលោក​ជាដើម ។ ជា​ពិសេស​នោះ រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដូច្នេះ​ហើយ​នៅ​ពេល​វា​ដំណើរការ​រួចរាល់ នោះ​ខេត្ត​នេះ​នឹង​កាន់តែ​មាន​សក្ដានុពល​ខ្ពស់​ថែម​ទៀត​ទៅ​លើ​វិស័យ​ទេសចរណ៍ ។

​បើ​តាម​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​វិស័យ​ឯកជន កំពុង​ចាប់អារម្មណ៍ និង​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​សាធារណៈ ដើម្បី​បម្រើ​អោយ​ភាព​ងាយស្រួល​សម្រាប់​វិនិយោគិន និង​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​បាន​បន្ត​ថា «​រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ​ឡើង​វិញ ក្នុង​នោះ​ដែរ មាន​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៧ កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​បញ្ចប់​ក្នុង​រយៈពេល​៨​ខែ​ជា​ស្ថាពរ ដូច្នេះ នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០២០ ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ដូច្នេះ​ក្រុមហ៊ុន​ទាំង​៧ នឹង​ត្រូវធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បញ្ចប់​តាម​ការ​សន្យា »​។

​លោក​ឧកញ៉ា សៀ ឬ​ទ្ធី វិនិយោគិន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បានអោយ​ដឹងផង​ដែរ បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​គួរ​ងាក​ទៅ​បម្រើ​អោយ​វិស័យ​ទេសចរណ៍ ដោយសារ​តែ​ទេសចរណ៍ ជា​សក្ដានុពល​មួយ​នៅ​ពេល​អនាគត ហើយ​កម្ពុជា​នឹង​អាច​ទាក់ទាញ​ទេសចរ​មក​បន្ថែម​ទៀត តាម​រយៈ​ការ​អភិវឌ្ឍ​សំណង់​អគារ​ខ្ពស់​ៗ នៅ​តំបន់​សក្ដានុពល ។

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានអោយ​ដឹង​ថា កម្ពុជា ជា​ចំណុចកណ្ដាល​នៃ​អាស៊ាន ដូច្នេះ​វិនិយោគិន​លើ​ពិភពលោក គេ​ចាប់អារម្មណ៍​ណាស់ លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​ល្អ អំណោយផល​ខាង​ធម្មជាតិ ហើយ​ក៏​មាន​សក្ដានុពល​ខ្ពស់​ផង​ដែរ នៅ​ពេល​បច្ចុប្បន្ន​នេះ ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ដំណាច់​ខែសីហា ឆ្នាំ ២០១៩​នេះ ការ​វិនិយោគ​នៅ​ក្នុង​តំបន់​មាត់សមុទ្រ រួម​មាន ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង និង​ខេត្តកំពត មាន​ទុន​សរុប​ប្រមាណ​២,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង​ប្រមាណ​១១,៥​ភាគរយ​នៃ​ទំហំ​វិនិយោគ​សរុប នៅ​កម្ពុជា ។ ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ទុន​វិនិយោគ​ច្រើន​ជាងគេ ដែល​មាន​រហូត​ដល់ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ខេត្តកោះកុង​ទទួល​បាន​ទុន​វិនិយោគ ប្រមាណ​៤៧០​លាន​ដុល្លារ និង​ខេត្តកំពត​ទទួល​បាន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ