ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានការបំលាស់ទីផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
ឱ្យឡើងគោក ប្រជាពលរដ្ឋមួយចំនួនក៏បានមកតាំងទីលំនៅក្បែរទីទួលប្រាសាទកំពង់ព្រះ ស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ការមកតាំងទីលំនៅជិតទីទួលប្រសាទបែបនេះ មន្ទីរជំនាញមានការព្រួយបារម្ភខ្លាចប្រជាពលរដ្ឋ ដែលមករស់នៅក្បែរប្រាសាទ ធ្វើឱ្យប៉ះពាល់ដល់ប្រាសាទបុរាណដែលមានអាយុកាលជាង១២០០ឆ្នាំ ដោយបានអំពាវនាវសុំឱ្យបងប្អូនចូលរួមថែរក្សានូវប្រាសាទដ៏មានចំណាស់មួយនេះទាំងអស់គ្នា ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរំលឹកពីប្រវត្តិនៃប្រាសាទកំពង់ព្រះថា ប្រាសាទកំពង់ព្រះ ត្រូវបានកសាងឡើងក្នុងសតវត្សទី៨ ក្នុងរជ្ជកាលព្រះនាងជ័យទេវី បើគិតមកដល់ពេលនេះ មានអាយុកាលជាង១២០០ឆ្នាំហើយ ។ ប្រាសាទកំពង់ព្រះកសាងតាមរចនាបទកំពង់ព្រះដែលជារចនាបទដ៏ចំណាស់ជាងគេ ក្នុងចំណោមរចនាបទនានា មានរចនាបទភ្នំដា ,រចនាបទតាកែវ,រចនា បទព្រៃគុក, រចនាបទបាពួន,បាយ័ន,បាខែង, និងអង្គរជាដើម ។
លោកបានបញ្ជាក់ថា ប្រាសាទកំពង់ព្រះតាមការស្រាវជ្រាវ គឺមិនមែនមានតែពីរកំពូលដូចសព្វថ្ងៃនេះទេ គឺមានចំនួន៣កំពូលប្រាសាទ ប៉ុន្តែដោយសារកំពូលប្រាសាទមួយទៀត បានរលំបាក់ទាំងស្រុងទៅហើយ។ កាលពីប៉ុន្មានឆ្នាំមុន មានក្រុមហ៊ុនទូរស័ព្ទ ស៊ីណាវ៉ាត់ត្រា បានទៅជីកដាក់បង្គោលអង់តែន នៅលើទីទួលកំពង់ព្រះ ប៉ះចំគ្រឹះប្រាសាទមួយទៀត ហើយតាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៌ក៏បានបញ្ជាក់ដែរថាប្រាសាទកំពង់ព្រះមានចំនួន៣ ប៉ុន្តែប្រសាទមួយទៀតបានបាក់ រលំទាំងស្រុងទៅហើយ សល់តែគ្រឹះប្រាសាទក្នុងដី បច្ចុប្បន្ន ត្រូវបានធ្វើរបងព័ទ្ឋនឹងធ្វើដំបូលប្រក់ការពារផងដែរ ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងក៏បានឱ្យដឹងដែរថា កន្លងទៅប្រជាពលរដ្ឋដែលរស់នៅក្នុងទឹក មិនមានទីទួលសំរាប់បញ្ចុះសព តែងតែយកសពមកបញ្ចុះលើទីទួលប្រាសាទមួយនេះ ហើយការបញ្ចុះសពនេះ គឺមានតាំងតែពីបុរាណកាលមកម្ល៉េះ បច្ចុប្បន្នក្រសួងក៏ដូចជាមន្ទីរ បានធ្វើការហាមឃាត់មិនឱ្យបញ្ចុះសពលើទីទួលបុរាណប្រាសាទនោះជាដាច់ខាត តែអនុញ្ញាតត្រឹមយកមកបូជាតែប៉ុណ្ណោះ ។
សព្វថ្ងៃថ្វីបើប្រាសាទកំពង់ព្រះមានឆ្មាំចាំថែរក្សាការពារក៏ពិតមែន ប៉ុន្តែក្នុងនាមមន្ទីរជំនាញ ក៏នៅតែមានការព្រួយបារម្ភ ហេតុនេះហើយលោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋ ដែលបានបំលាស់ទីផ្ទះបណ្ដែតទឹកមករស់នៅជិតទីទួលបុរាណប្រាសាទនេះ សូមចូលរួមថែរក្សាទាំងអស់គ្នា ដោយមិនត្រូវជីកគាស់កាយឬយកថ្ម ពីនៃប្រាសាទបុរាណទៅប្រើប្រាស់ជាអ្វីផ្សេងៗនោះឡើយ ។
ចែករំលែកព័តមាននេះ