រាជធានីភ្នំពេញ ៖ បន្ទាប់ពីទៅដល់ប្រទេសកូរ៉េ កីឡាការិនីជើងខ្លាំងតេក្វាន់ដូ ២នាក់បងប្អូន សន ដាវីន និងសន សៀវមុី បានអះអាងភ្លាមៗថា ពួកនាងនឹងសម្ងំយកពិសឱ្យបានច្រើនក្នុងអំឡុងពេលហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េលើកនេះ ។ មានការរំពឹងទុកយ៉ាងខ្លាំងថា ជើងខ្លាំងទាំងពីរនឹងក្តោបក្តាប់មេដាយមាស និងប្រាក់មិនខុសពីកាលស៊ីហ្គេមលើកទី២៧ នោះឡើយសម្រាប់ការប្រកួតដ៏ធំនាពេលខាងមុខ ។
យោងតាមការបញ្ជាក់របស់ សន ដាវីន នៅលើបណ្តាញសង្គមហ្វេសបុ៊កបានឱ្យដឹងថា នាង និងសន សៀវមុី ជាប្អូនស្រី បានចាកចេញពីប្រទេសកម្ពុជាតាំងពីយប់ថ្ងៃទី៤ ឧសភាម៉្លេះ ដើម្បីទៅហ្វឹកហាត់បង្កើនក្បាច់គុនផ្នែកតេក្វាន់ដូបន្ថែមទៀតនៅក្នុងប្រទេសកូរ៉េរយៈពេល៣សប្តាហ៍ មុននឹងចាកចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំរបស់តេក្វាន់ដូពិភពលោក ដែលចូលរួមដោយបណ្តាប្រទេសភាគច្រើននៅអាស៊ីក្នុងពេលដ៏ខ្លី ។ អ្វីដែលសំខាន់ គឺពួកគេបានបង្ហាញពីសកម្មភាពហ្វឹកហាត់មួយចំនួនជាមួយនឹងគ្រូតេក្វាន់ដូជនជាតិកូរ៉េ ព្រមជាមួយនឹងការតាំងចិត្តសម្រេចឱ្យបានផ្លែផ្កាក្នុងការហ្វឹកហាត់នៅក្នុងប្រទេសដ៏រីកចម្រើននេះ ។
មុនពេលចាកចេញ សន ដាវីន បានបញ្ជាក់ជាសាធារណៈថា ដំណើរទៅកាន់ប្រទេសកូរ៉េ មិនមែនជាគម្រោងទៅកម្សាន្តឡើយ បុ៉ន្តែគឺជាអំឡុងពេលដែលត្រូវដាក់ទណ្ឌកម្មខ្លួនឯងប្រកបដោយការតាំងចិត្តខ្ពស់បំផុតដើម្បីជោគជ័យនៅក្រោយពេលបញ្ចប់ ។ នាងបានពន្យល់ថា បើយើងមិនប្រឹងប្រែងហ្វឹកហាត់ពេលត្រឡប់មកវិញ គ្មានផលវិជ្ជមាននោះមិនមែនត្រឹមតែអ្នកគាំទ្រនៅក្នុងប្រទេសបុ៉ណ្ណោះទេដែលបាក់ទឹកចិត្ត ពោលគឺសូម្បីតែក្រុមគ្រូបង្វឹកនៅក្នុងប្រទេសកូរ៉េតែម្តង ក៏ប្រាកដជាគ្មានកម្លាំងក្នុងការជួយជ្រោយជ្រែងយើងដូចគ្នា ។ អុីចឹងហើយទើបនាង និងប្អូនស្រី ត្រូវប្រឹងប្រែងក្នុងដំណាក់កាលនេះ ដើម្បីឱ្យការហ្វឹកហាត់ទទួលបានផលវិជ្ជមានតាមរយៈលទ្ធផលក្នុងការប្រកួតជាក់ស្តែង ។ នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា សន ដាវីន ទទួលបានមេដាយប្រាក់ ឯប្អូនស្រីបង្កើតគឺ សន សៀវមុី ដណ្តើមបានមេដាយមាសពីការប្រកួតដ៏អស្ចារ្យនេះ ដោយមិនទាន់រាប់បញ្ចូលេមដាយមាសពីការប្រកួតផ្សេងទៀតនោះផង ។
ដោយឡែកសម្រាប់ការហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េលើកនេះ គឺដើម្បីត្រៀមខ្លួនទៅប្រកួតតេក្វាន់ដូកម្រិតពិភពលោកប្រចាំឆ្នាំ២០១៤ នៅប្រទេសកាហ្សាក់ស្ថានដែលនឹងចាប់ផ្តើមនៅចុងខែឧសភា ។ តាមការកត់សម្គាល់ កីឡាការិនីសន ដាវីន និងសន សៀវមុី ធ្លាប់បង្ហាញមុខ និងមានស្នាដៃក្នុងព្រឹត្តិការណ៍ធំៗលើឆាកអន្តរជាតិច្រើនមកហើយ ទើបពួកនាងទទួលឱកាសទៅហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េជារៀងរាល់ឆ្នាំ ពិសេសនៅរាល់មុនការប្រកួតលំដាប់អាស៊ីធំៗចាប់ផ្តើមដូចជាក្នុងពេលនេះជាដើម ។ តាមគម្រោង នាង និងប្អូនស្រីហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េ ចាប់ពី ថ្ងៃ៤ ឧសភា រហូតដល់ថ្ងៃ២២ ឧសភា ទើបធ្វើដំណើរឡើងទៅប្រកួតនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាការប្រកួតតេក្វាន់ដូលំដាប់ពិភពលោកឆ្នាំ២០១៤ មានការចូលរួមប្រមាណជា៤៥ប្រទេស ។ ទោះបីយ៉ាងណា សន ដាវីន និងប្អូនស្រី នៅតែមានជំនឿចិត្តថា ទទួលបានជោគជ័យមិនខុសគ្នាពីការប្រកួតនៅស៊ីហ្គេមនោះទេ បើទោះជាការប្រកួតនោះប្រជុំដោយកីឡាការិនីខ្លាំងៗមកពីតំបន់អាស៊ី និងប្រទេសផ្សេងទៀតដែលពិបាកជឿជាក់ក្តី ។
ក្នុងចំណោមពីរនាក់បងប្អូនពួកនាងមានការរំពឹងខ្លាំងថា យ៉ាងហោចក៏មានម្នាក់ទទួលបានផ្លែផ្កាត្រឡប់មកវិញ ដែរ ពិសេសបន្ទាប់ពីដឹងថា ពួកនាងកំពុងហ្វឹកហាត់ និងក្រេបយកបច្ចេកទេសល្អៗពីអ្នកជំនាញផ្នែកតេក្វាន់ដូនៅក្នុងប្រទេសកូរ៉េបែបនេះ ។ យ៉ាងណាក៏ដោយ សន ដាវីន ហាក់មិនហ៊ានសង្ឃឹមច្រើនដូចការប្រកួតនៅស៊ីហ្គេមនោះទេ ដោយសារតែការប្រកួតលើកនេះមានប្រទេសរហូតដល់ជាង៤០ ចូលរួម ដោយនាងគ្រាន់តែមានការតាំងចិត្តថា នឹងប្រឹងប្រែងហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េឱ្យបានខ្លាំងក្លាដើម្បីដណ្តើមជោគជ័យក្នុងការប្រកួតក្នុងប្រទេសកាហ្សាក់ស្ថានបុ៉ណ្ណោះ ។
អ្នកគាំទ្រកំពុងរង់ចាំអ៊ុតមើលថា តើ សន ដាវីន និងសន សៀវមុី ទទួលបានផ្លែផ្កាកម្រិតណាក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូប្រចាំឆ្នាំ២០១៤ ដែលធ្វើឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន នាអំឡុងចុងខែឧសភានេះ បន្ទាប់ពីសម្ងំយកពិស (ហ្វឹកហាត់) នៅក្នុងប្រទេសកូរ៉េ ?
ចែករំលែកព័តមាននេះ