ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសីល អ្នកជិត​ខាង​ភ័យស្លន់ស្លោ ក្រោយ​ម្ចាស់​ផ្ទះ​ដុតធូបទុកចោល​ (មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះ​ថ្ម​មួយ​ល្វែង បណ្តាល​ឱ្យ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជ​ាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​ធូប​សែន​នៅ​កន្លែង​កុងម៉ា…

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះ​ថ្ម​មួយ​ល្វែង បណ្តាល​ឱ្យ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជ​ាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​ធូប​សែន​នៅ​កន្លែង​កុងម៉ា ព្រោះ​ជា​ថ្ងៃសីល ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះថ្ម​មួយ​ល្វែង ស្ថិត​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ លី គឹ​ម​ថៃ អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ដោយសារ​ជា​ថ្ងៃសីល​ទើប​ម្ចាស់ផ្ទះ​ខាងលើ​បាន​ដុត​ធូប​សែន​នៅ​កន្លែង​កុងម៉ា ហើយ​ចេញ​ទៅ​លក់ដូរ​នៅ​ផ្សារ​ក្រោមបាត់​ ។ លុះដល់​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល ក៏​ស្រាប់តែ​កើត​មាន​អគ្គី​ភ័យ​ឆាបឆេះ​ចេញពី​ខាងក្នុង​ផ្ទះ​និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​មក​ខាងក្រៅ ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ។ បន្ទាប់​មក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ដោយ​ផ្ទាល់​ដើម្បី​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ទឹក​ទាន់​ពេលវេលា ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​គឺ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ធូប​សែន​នៅ​កន្លែង​កុងម៉ា​ទុក​ចោល ហើយ​ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​និង​បន្ត​ឆេះ​រាលដាល​ដល់​ទូ​ឈើ​មួយទៀត ប៉ុន្តែ​ដោយសារ​តែ​មានការ​អន្តរាគមន៍​ទាន់​ពេលវេលា​ទើប​អាច​គ្រប់គ្រង​សភាពការណ៍​បាន ។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ មិន​មាន​នរណា​ម្នាក់​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្ទះ​កើតហេតុ​នោះ មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ដោយសារ​ឃើញ​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​ក្នុងផ្ទះ​ខាងលើ​ខ្លាំង​ពេក ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​អរគុណ​ដល់​សមត្ថកិច្ច​ដែល​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេលវេលា​ផង​ដែរ ។

ជុំវិញ​ករណី​ដុត​ទៀន​ធូប​សែន​ទុក​ចោល​ហើយ​ម្ចាស់ផ្ទះ​មិន​នៅ​បែប​នេះ កន្លង​មក​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធ្លាប់​អប់រំ​ណែនាំ​រួច​មក​ហើយ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន មុន​នឹង​ចេញពីផ្ទះ​ត្រូវ​ពន្លត់​ភ្លើងទៀន ធូប​ឲ្យ​បាន​ត្រឹមត្រូវ និង​បិទ​បា​រ៉ែត​ភ្លើង​ជាដើម ចៀសវាង​កើត​មាន​ដូច​ករណី​ខាងលើ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ