ខេត្តកំពង់ស្ពឺ៖ គោដុតដែលជាអាហារដ៏ពេញនិយមរបស់មនុស្សមួយចំនួន ម្ចាស់ហាងតូចធំនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅតែដាក់តាំងលក់ច្រង៉ាងតាមផ្លូវសាធារណៈដដែល បើទោះបីជា មន្ទីរ ក្រសួង និងជំនាញពាក់ព័ន្ធបានចេញសេចក្តីប្រកាសហាមឃាត់ស្តីអំពី ការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ យ៉ាងណាក៏ដោយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ចេញសេចក្តីប្រកាស សូមគោរពជម្រាបសាធារណជន ជាពិសេសម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន មេត្តាជ្រាប និងអនុវត្ត សេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា ស្តីពី ការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ។
ការហាមឃាត់ការបង្ហាញនូវរូបភាពលក់គោដុតទាំងមូលនៅទីសាធារណៈ នេះដោយសារវាអាចប៉ះពាល់ដល់ អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា ដែលភាគច្រើនលើសលប់ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិទេវៈ ។
សូមបញ្ជាក់ផងដែរថា៖ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ ។
យោងតាមសេចក្តីណែនាំបានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ ១៥ សជណ.ផក ចុះថ្ងៃទី១០ មករា ឆ្នាំ២០១២ ក្នុងគោលបំណងទប់ស្កាត់នូវរូបភាពអាជីវកម្ម«គោដុត» នៅទីចំហសាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីឱ្យស្របទៅតាមគោលការណ៍ណែនាំនេះ ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដូចខាងក្រោមនេះ ៖
១-ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅ ផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ ។
២-ការចរាចរណ៍សត្វទ្វេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវហ្មត់ចត់ ចៀសវាងការចងខ្សែព្យួរ ដាក់ក្នុងទីវាល ឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាពបង្ហាញនូវភាពហិង្សាធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គម ។
៣-ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរណ៍តាមផ្លូវ ត្រូវមានការវេចខ្ចប់ បិទបាំងឱ្យបានជិតល្អ ត្រឹមត្រូវ ចៀសវាងការដឹកជញ្ជូនដោយការវេចខ្ចប់ និងបិទបាំង ឬដាក់ចំហដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញពីហិង្សាធម៌ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ