«​គេង​ច្រើន​ពេក​» មិនល្អឡើយ… នេះ​ជា​​មូល​ហេតុ​ពិត​ដែល​គួរ​ដឹង!!!


មនុស្ស​ម្នាក់​​ត្រូវ​គេង​ពី ៧ ទៅ ៩ ម៉ោង គឺជា​បរិមាណ​នៃ​ការ​គេង​រាល់​យប់​ដែល​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​។​ ហើយ​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់ ឬ​តិច​ពេក គឺ​អាច​បង្ក​ប៉ះពាល់​ចំពោះ​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ ប៉ុន្តែ​ចុះ​ប្រសិនបើ​គេង​លើស​ពី​នេះ​វិញ​នោះ​ថា​តើ​ល្អ ឬ​អាក្រក់​ទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ឬ​ប្រឈម​មុខ ប្រសិនបើ​គេង​យូរ​ពេក ៖

១. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ៖ ការ​គេង​ច្រើន​ពេក​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​គួរ​ឱ្យ​ព្រួយបារម្ភ​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ច្រើន​ពេក​បណ្ដាល​ឱ្យ​មាន​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​ដែល​ងាយ​វិ​វត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ណាស់​។

២. គាំងបេះដូង និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖ ការ​គេង​ច្រើន ឬ​យូរ​រារាំង​ឈាម​មិន​ឱ្យ​រត់​បាន​ត្រឹមត្រូវ ហើយ​វា​ជា​អ្វីមួយ​ដែល​អាច​ធ្វើ​ឱ្យ​ឈាមកក​កើត​មាន​ឡើង​។ ឈាមកក​នោះ​អាច​ចរាចរ ហើយ​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​សាច់ដុំ​បេះដូង​ដែល​ជា​អ្វីមួយ​អាច​នាំ​ឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​ផ្នែក​មួយ​នៃ​ខួរក្បាល នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​ជាក់​ជា​មិន​ខាន​។

៣. អាច​នាំ​ឱ្យ​អស់កម្លាំង​ងងុយគេង​ពេញ​មួយ​ថ្ងៃ ៖ ចូរ​គិត​ឡើង​វិញ​ម្ដងទៀត​ប្រសិនបើ​អ្នក​គិត​ថា​ការ​គេង​ច្រើន​នៅ​ពេល​យប់​អាច​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​បញ្ហា​ងងុយគេង​អស់កម្លាំង​នៅ​ថ្ងៃ​បន្ទាប់​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ច្រើន​ជាង ៩ ម៉ោង​បែរជា​អាច​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​វិលមុខ​និង​អស់កម្លាំង ឬ​អាច​ឈឺក្បាល​ចង់​សម្រាក​បន្ត​ទៅ​វិញ​ទេ​។

៤. ជំងឺ​ធាត់​ជ្រុល ៖ ក្រៅពី​ជម្រើស​នៃ​អាហារ​សុខភាព​ល្អ​ហើយ​នោះ វិធី​ដ៏​សំខាន់​មួយទៀត​ដើម្បី​កម្ចាត់​ទម្ងន់​ដែល​លើស គឺ​ការ​ធ្វើ​សកម្មភាព​រាង​កាយ ឬ​របៀប​រស់នៅ​ប្រកបដោយ​ភាព​សកម្ម​។ ហើយ​វា​ច្បាស់​ណាស់​ដែល​អ្នក​នឹង​មិន​អាច​សម្រេច​បាន ប្រសិនបើ​គិតតែ​ពី​គេង​។ ការ​ធាត់​លើស​ទម្ងន់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ប្រសើរ​ចំពោះ​សុខភាព​ផង​ដែរ ដោយ​ជា​នាំ​ឱ្យ​កើត​មាន​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​។ ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់ ឬ​គេង​យូរ​ពេក មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​ជ្រុល​។

៥. ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ៖ ក្រៅពី​កើន​ទម្ងន់​ហើយ​នោះ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជា​បញ្ហា​សុខភាព​មួយទៀត​ដែល​បង្ក​ឡើង​ដោយ​កង្វះ​ភាព​សកម្ម​នៃ​រាង​កាយ​។ ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​នេះ អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​មិនមែន​គិតតែ​ពី​គេង​សម្រាក​ច្រើន​ម៉ោង​ពេក​ឡើយ ហើយ​កុំ​ភ្លេច​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​សុខភាព​ល្អ​ផង​។

៦. ឈឺក្បាល ៖ គេង​មិន​គ្រប់​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ប៉ុន្តែ​បញ្ហា​នេះ​ក៏​កើតឡើង​ផង​ដែរ​នៅ​ពេល​អ្នក​គេង​យូរ​ពេក​។ មូលហេតុ​នោះ គឺ​ការ​គេង​យូរ​ប៉ះពាល់​ដល់​សរសៃប្រសាទ​នៅ​ក្នុង​ខួរក្បាល និង​កម្រិត​អ័រម៉ូន serotonin​។

៧. ឈឺចាប់​រាង​កាយ ៖ មិន​ត្រឹមតែ​ក្បាល​របស់​អ្នក​នោះ​ទេ​ដែល​អាច​ឈឺ​នោះ ប្រសិនបើ​អ្នក​គេង​យូរ​ពេក​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​ក៏​ត្រូវ​ទទួល​រង​ការ​ឈឺចាប់​ផង​ដែរ​។ ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ អ្នក​ដែល​គេង​យូរ​ពេក​ច្រើន​តែ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​ជា​ញឹកញាប់​។

៨. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ៖ ជា​ញឹកញយ អ្នក​ដែល​ទទួល​រង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​តែង​ជួប​ប្រទះ​បញ្ហា​នៃ​ការ​គេង​។ ជួនកាល​ចំពោះ​ករណី​ខ្លះ អ្នកជំងឺ​គេង​ច្រើន​លើស​ធម្មតា​។ វា​ជាវ​ដ្ត​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ក៏​ព្រោះ​ការ​គេង​យូរ​អាច​បណ្តាល​ឱ្យ​មាន​អារម្មណ៍​ថា អស់សង្ឃឹម និង​អស់​កម្លាំង​។

អ្នក​គេង​កាន់តែ​ច្រើន ឬ​យូរ ហើយ​មិន​ចង់​ងើប​ពី​គ្រែ​នៅ​ពេល​ព្រឹក ពិភពលោក ក៏​ដូច​ជា​ទេសភាព បរិយាកាស​ខាងក្រៅ មិន​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​រំភើប ឬ​ស្រស់ស្រាយ​ដូច​ធម្មតា ទាំងនេះ​ហើយ​ជា​រោគ​សញ្ញា​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ កង្វះ​សកម្មភាព​នៃ​រាង​កាយ​ក៏​កាត់​បន្ថយ​បរិមាណ​នៃ​អ័រម៉ូន​រីករាយ​ក្នុង​ខួរក្បាល​ផង​ដែរ​។ ការ​គេង​ពេញ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ត្រូវ​ពន្លឺព្រះអាទិត្យ​នៅ​ពេល​ព្រឹក​ដែល​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​។

៩. បញ្ហា​ទាក់ទង​នឹង​ការ​ចង​ចាំ ៖ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ការ​គេង​យូរ​ប៉ះពាល់​ដល់​ដំណើរ​មុខងារ​នៃ​ខួរក្បាល​បាត់បង់​សមត្ថភាព​ក្នុង​ការ​ផ្ដោត ឬ​ប្រមូលផ្ដុំ​អារម្មណ៍ និង​ចង​ចាំ​ព​ត៌​មាន​ផ្សេង​ៗ​។

១០. ជំងឺ​គេង​មិន​លក់ ៖ ស្ដាប់​ទៅ​ដូច​មិន​សម ប៉ុន្តែ​ជួនកាល​ជំងឺ​គេង​មិន​លក់ គឺ​បណ្ដាល​មក​ពី​ទម្លាប់​មិនល្អ​រួម​គ្នា​ជាមួយ​សកម្មភាព​ផ្សេង​ៗ និង​ការ​គេង​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​យូរ​គេង​នៅ​ពេល​យប់ ហើយ​សម្រេចចិត្ត​ថា​ចាំ​គេង​ឲ្យ​យូរ​នៅ​ថ្ងៃ​បន្ទាប់​នោះ​អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់​ជា​មិន​ខាន​។ ត្រឹមតែ​រយៈពេល ២​ថ្ងៃ គឺ​គ្រប់គ្រាន​នឹង​ធ្វើ​ឲ្យ​រាង​កាយ​យល់​ច្រឡំ​ពេលវេលា​ចូល​គេង ហើយ​អ្នក​ប្រាកដជា​ជួប​ប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​ការ​គេង​មិន​ខាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ