ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​ត្រូវ​សភា​ពិភាក្សា​អនុម័ត​នៅ​ពេល​ឆាប់​ៗ​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​នឹង​បើក​សម័យប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​ពេល​ឆាប់​ៗ​នេះ រួម និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​សំខាន់​ៗ​ទៀត ។ នេះ​បើ​តាម​លោក ឡេ​ង…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​នឹង​បើក​សម័យប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​ពេល​ឆាប់​ៗ​នេះ រួម និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​សំខាន់​ៗ​ទៀត ។ នេះ​បើ​តាម​លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា ។

លោក​ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​សម្រាប់​បើក​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​នោះ​ទេ ប៉ុន្តែ​អចិន្ត្រៃយ៍​បាន​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ពេល​ខាង​មុខ​នូវ ៖ ១. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់ រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។

២. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តី​ពី​ការ​កំណត់​ច្រក​ទ្វារ ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តី​ពី​កិច្ច​សម្រប​សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ ។ ៣. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។

លោក​ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​អចិន្ត្រៃយ៍​បាន​អនុម័ត​លើ​កម្មវិធី​ចំណាយ​ថវិកា​របស់​រដ្ឋសភា ឆ្នាំ​២០២០ ដើម្បី​ផ្ញើ​ជូន​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ។ លោក​ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋសភា​ឆ្នាំ​២០២០ មានការ​ចំណាយ​កើន​បន្តិចបន្តួច​ជាង​ឆ្នាំ​២០១៩ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា អចិន្ត្រៃយ៍​បាន ១. អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការ​គ្រប់គ្រង និង​ការ​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ដល់​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

២. អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី​សហជីព​ដល់​គណៈកម្មការ​សុខាភិបាល​សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

៣.​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដល់​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ