ចាប់បានក្រុមឃាតករសម្លាប់មនុស្សប្លន់យកម៉ូតូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី នគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងគរបាលខណ្ឌដង្កោ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការសាលាដំបូងរាជធានី បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបបានលើករណីឃាតកម្មវាយសម្លាប់ប្លន់យកម៉ូតូ ដោយឃាត់ខ្លួនក្រុមជនសង្ស័យជាឃាតករបានចំនួន៣នាក់ កាលពីថ្ងៃទី២១ តុលា ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ អឿង ភាព ភេទប្រុស អាយុ៤៣ឆ្នាំ ជាជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ២-ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង៣-ឈ្មោះប៉ុក សុខនី ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកបើកបររថយន្ត
(អ្នកទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តថា ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងដែលជារបស់ជនរងគ្រោះ មានដូចជាទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខៀវចំនួន១គ្រឿង ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០១៥ ស្លាកលេខ បាត់ដំបង 1V 0526 ចំនួន១គ្រឿង ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវសមតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ជនសង្ស័យ នឹងវត្ថុតាងឲ្យទៅសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់រាជធានីភ្នំពេញបន្តនីតិវិធី ។

សូមរំលឹកថា ឃាតកម្មខាងលើ បានកើតឡើងកាលពីថ្ងៃទី១៥ តុលា វេលាម៉ោង១០និង១០នាទីយប់ ដោយក្រុមឃាតករបានវាយសម្លាប់ជនរងគ្រោះ និងយកសាកសពជនរងគ្រោះទៅប្លុងចោលនៅលើផ្លូវលំវាលស្រែស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។







ចែករំលែកព័តមាននេះ